បក្ស​កាន់អំណាច ស្នើ​ឲ្យ​ម្ចាស់​រោងចក្រ​ទាំងអស់ ជួយ​សម្រួល​កម្មករ ឲ្យ​បាន​ទៅ​បោះឆ្នោត​

, , Leave a comment

រាជធានី​ភ្នំពេញ : អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បានចេញ​សេចក្តីអំពាវនាវ​មួយ ទៅដល់​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​សហគ្រាស​រោងចក្រ​ទាំង​អស់ ដើម្បី​សុំ​ឲ្យ​ជួយ​សម្រួល​ដល់​បុគ្គលិក និង​កម្មករ​-​កម្មការិនី​គ្រប់រូប ឲ្យ​បាន​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២0១៧​។​

 

​សេចក្តីអំពាវនាវ​នោះ បាន​សរសេរ​ដូច្នេះ​ថា គណបក្ស​ប្រជាជន​កម្ពុជា សូម​លើកទឹកចិត្ត​ដល់​បណ្តា​ក្រុមហ៊ុន និង​ម្ចាស់​សហគ្រាស​រោងចក្រ​ទាំង​អស់ ផ្តល់​ពេលវេលា​សមស្រប​ជូន​កម្មករ​-​និ​យោ​ជិ​ក និង​បុគ្គលិក​របស់ខ្លួន ដែល​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឃុំ​-​សង្កាត់ តាម​មូលដ្ឋាន​នីមួយៗ ឲ្យ​មានឱកាស​បាន​ទៅ​បោះឆ្នោត​គ្រប់ៗ​គ្នា​។​

 

​ក្នុងដំណាក់កាល​នេះ គណបក្សនយោបាយ​នានា កំពុង​ធ្វើ​យុទ្ធនាការ​នៃ​ឃោសនា​រក​សំឡេងឆ្នោត​។ ការឃោសនា​រក​សំឡេង​បោះឆ្នោត នឹង​បញ្ចប់​នៅ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២0១៧​។​

 

​គណបក្សនយោបាយ​ចំនួន​១២ បាន​ចូលរួម​ប្រ​កួន​ប្រជែង​ការបោះឆ្នោត​ឃុំ​-​សង្កាត់ នា​អាណត្តិ​ទី​៤​នេះ​។ គណបក្ស​ទាំង​១២​នោះ​គឺ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ្វ៊ុន​ស៊ិន​ប៊ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​អំណាច​ខ្មែរ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​យុវជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ និង​គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា​៕

25-5-2017

 

Leave a Reply

(*) Required, Your email will not be published