ខេត្តកំពង់ចាម -ខេត្តត្បូងឃ្មុំ : ស្ពានមិត្តភាពកម្ពុជា-ចិន ឆ្លងកាត់ទន្លេមេគង្គដែលតភ្ជាប់ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងឆ្ពោះទៅកាន់ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានចាប់ផ្តើមសាងសង់ហើយ ដោយ ចំណងដៃរបស់ចិនថ្មីមួយទៀតហើយ។
លោក នូ វឌ្ឍនៈ អគ្គនាយកបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងថាព្រឹកថ្ងៃទី១៩ ឧសភា ថា ការសាងសង់ស្ពាននេះបាននិងកំពុងតែចាប់ផ្តើមបណ្តើរៗហើយ ប៉ុន្តែពុំទាន់បានប្រកាសថានឹងបើកការដ្ឋានជាផ្លូវការពេលណាទេ។
លោកបន្ថែមទៀតថា នេះជាស្ពានដែលមានទទឹង១៣,៥០ម៉ែត្រ បណ្តោយ១.១៣១ម៉ែត្រ និងមានផ្លូវតភ្ជាប់តួស្ពានសរុបប្រវែង៣.៨៦៩ម៉ែត្រ ដោយនឹងគ្រោងចំណាយលុយសាងសង់អស់ប្រហែល ៥៧លានដុល្លារអាមេរិក។
ស្ពាននេះផងដែរបានដើរតួនាទីសំខាន់ណាស់ក្នុងការតភ្ជាប់រវាង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលជាខេត្តមានសក្តានុពលលើវិស័យសេដ្ឋកិច្ចខ្លាំង ជាពិសេស នឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផល និងការធ្វើចរាចរ។
ម្យ៉ាងទៀតស្ពាននេះក៏រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមផងដែរ ព្រោះនៅពេលមានផ្លូវ ស្ពានខ្វាត់ខ្វែង វានឹងជួយសម្រួលការដឹកជញ្ជូន និងធ្វើដំណើរ ព្រមទាំងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។
បច្ចុប្បន្ន ការធ្វើដំណើរឆ្លងកាត់ទន្លេនៅតំបន់នេះ គឺប្រើប្រាស់សាឡាង ដែលបានយកចេញពីតំបន់អ្នកលឿង ខេត្តព្រៃវែង៕