បាញ់​មនុស្ស​ស្លាប់ និង​របួស​៤​នាក់ ក្នុង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្ដុល​សែន​ជ័យ សង្ស័យ​រឿង​គំនុំ​

, , Leave a comment

​ខេត្តកំពង់ឆ្នាំង​ : មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់​បាន​ស្លាប់​នៅពេល​បញ្ជូន​មកដល់​ម​ន្ទីរ​ពេទ្យ ដោយឡែក​មន្ត្រី​អាវុធហត្ថ​ម្នាក់ និង​ប្រជាពលរដ្ឋ​២​នាក់​ទៀត បាន​រងរបួស​ធ្ងន់ និង​ស្រាល នៅក្នុង​ការបាញ់ប្រហារ​មួយ ដែល​បង្ករ​ឡើង​ដោយ ក្រុម​ជន​មិន​ស្គាល់មុខ​២​នាក់ ប្រដាប់​ដោយ​កាំភ្លើង​អាកា បាន​បាញ់រះ​សម្រុក​ទៅក្នុង ស្នាក់ការ​ប្រចាំការ របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​។ ហេតុការណ៍​បាញ់ប្រហារ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​ជិត​៨​យប់ ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៧ នៅ​ភូមិ​ក្តុល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​

 

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ក្នុងការ​បាញ់ប្រហា​នេះ ១.​ឈ្មោះ សឹង ហាត ភេទ​ប្រុស ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ បាន​ស្លាប់​នៅពេល​បញ្ជូន​មកដល់​ម​ន្ទីរ​ពេទ្យ ខេត្ត​កំពង់​ឆ្នាង​។ ២.​ឈ្មោះ​អ៊ុក ណាំ ជា​មន្ត្រី​អាវុធហត្ថ​ខេត្ត រងរបួស​ធ្ងន់ ៣.​ឈ្មោះ ម៉ៅ សារ៉ាត់ ភេទ​ប្រុស ជា​ប្រជាពលរដ្ឋ និង​៤.​ឈ្មោះ​នូ គឹម​លន ជា​ម្ចាស់​ស្ថានីយ លក់​ប្រេងឥន្ធនៈ នៅ​ទល់មុខ​ស្នាក់ការ របស់​រដ្ឋបាល​ព្រៃឈើ​នោះ​។​

 

​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅវេលា​កើតហេតុ បានឮ​សម្លេង​កាំភ្លើង បាញ់រះ​ជាច្រើន​គ្រាប់ នៅត្រង់​ក្នុង​កន្លែង​ស្នាក់ការ របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង អាវុធហត្ថ ដែល​ឈរជើង​ប្រចាំការ នៅ​ទីនោះ បណ្តាលអោយ​រងរបួស​ធ្ងន់ មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​អាវុធហត្ថ​ម្នាក់ ក្រោយពី​ធ្វើការ​បាញ់ប្រហារ នៅ​ស្នាក់ការ​រួចមក ខ្មាន់កាំភ្លើង​ទាំងពីរ​នាក់​នេះ បាន​ដើរ​ចេញមក​ខាងក្រៅ រួច​បាញ់​ប្រសាច​ពេញ​ផ្លូវ និង បាញ់​សំដៅទៅ​ទីតាំង​ស្ថានីយ លក់​ប្រេងឥន្ធនៈ ដែល​នៅក្បែរនោះ បណ្តាលអោយ​របួស ប្រជាពលរដ្ឋ​ម្នាក់ និង ម្ចាស់​ស្ថានីយ​លក់​ប្រេង​ម្នាក់​។​

 

​ក្រោយពេល​កើតហេតុ ជនសង្ស័យ បាន​គេចខ្លួនបាត់​។ ដោយឡែក ជនរងគ្រោះ​ទាំងអស់​ត្រូវបាន​ប​ញ្ចូ​ន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ប៉ុន្តែ​ដោយសារ​រងរបួស​ធ្ងន់​ធ្ង​រ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់ បាន​ស្លាប់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត ។ ករណីនេះ សមត្ថកិច្ច នៅ​មិនទាន់បាន​សន្និដ្ឋាន​យ៉ាងណា​នៅឡើយ​នោះទេ ដោយ​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​៕

24-5-2017 (2) 24-5-2017 24-5-2017 (1)

 

Leave a Reply

(*) Required, Your email will not be published