គជប ទិញ​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ មកពី​ក្រុមហ៊ុន​ឥណ្ឌា តម្លៃ​៧៩​ម៉ឺន​ដុល្លារ​

, , Leave a comment

​រាជធានី​ភ្នំពេញ : គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គជប បានប្រកាស​ពី​កា​រក​ម្ម៉​ង់​ទិញ​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ សម្រាប់​ប្រើប្រាស់​ក្នុងការ​បោះឆ្នោត​ឃុំ​-​សង្កាត់ មកពី​ក្រុមហ៊ុន​នៅ​ប្រទេស​ទេស​ឥណ្ឌា ក្នុងតម្លៃ​៧៩​ម៉ឺន​ដុល្លារ​អាមេរិក​។ ទឹកខ្មៅ​នោះ​មាន​ចំនួន ៤៦៥០០​ដប ដើម្បី​ប្រើប្រាស់​នៅ​ថ្ងៃ​បោះឆ្នោត​ឃុំ​-​សង្កាត់ ថ្ងៃទី​៤​មិថុនា ឆ្នាំ​២០១៧ សម្រាប់​សម្គាល់ថា អ្នក​នោះបាន​បោះឆ្នោត​រួចហើយ​។​

 

​ការបង្ហាញ និង​ការសាកល្បង​ទឹកខ្មៅ​លាង​មិន​ជ្រះ ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ ត្រូវបាន​ធ្វើឡើង​នៅ​សាលប្រជុំ​របស់​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​ថ្នាក់ដឹកនាំ​គជប ទាំង​៩​រូប និង​សហគមន៍​អន្តរជាតិ តំណាង​គណបក្សនយោបាយ អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​ចំពោះមុខ​អ្នកកាសែត​ជាច្រើន​ទៀត​។​

 

​ក្នុងការ​បង្ហាញ និង​សាកល្បង​កាលពី​ម្សិលមិញ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​លោក ម៉ន ផល្លា បាន​ជ្រលក់​ម្រាមដៃ​ក្នុង​ទឹកខ្មៅ​របស់​គជប ហើយ​បាន​លុបលាង​នឹង​ទឹក​ថ្នាំ ដែល​ប្រើប្រាស់​សម្រាប់​ការ​អ៊ុតសក់ ដោយ​លោក​បាន​អះអាង​ជ្រះ ដោយ​លោក​បាន​លុបលាង​៣​ដង​។ រីឯ​តំណាង​អង្គការ​ខុមហ្វ្រែល ក៏បាន​ធ្វើ​ពិសោធន៍​សាកល្បង​នៅ​កន្លែង​ប្រជុំ​របស់​គជប​នោះ ហើយក៏​លាង​ជ្រះ​ដូចគ្នា ដោយ​ប្រើ​ទឹក​ថ្នាំ ដែល​គេ​ប្រើ​សម្រាប់​អ៊ុតសក់​។​

 

​យ៉ាងណាក៏ដោយ ក៏មាន​តំណាង​គណបក្សនយោបាយ​មួយចំនួន និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួនទៀត ដែល​បាន​សាកល្បង​ជ្រលក់​ម្រាមដៃ ហើយ​លុបលាង​នឹង​ទឹក​ថ្នាំ ដែល​ប្រើប្រាស់​សម្រាប់​អ៊ុតសក់ នៅក្នុង​កិច្ចប្រជុំ​របស់​គជប តែ​មិន​ជ្រះ​ទាំងស្រុង ដូច​តំណាង​អង្គការ​ខុមហ្វ្រែល និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​នោះឡើយ​។​

 

​យ៉ាងណាក៏ដោយ​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គជប បានប្រកាសថា បើទោះបីជា​ទឹកខ្មៅ​នោះ អ្នកខ្លះ​លុបលាង​ជ្រះ និង​អ្នកខ្លះ​លុបលាង​មិន​ជ្រះ តែ​ក្រៅពី​ការប្រើប្រាស់​ទឹកខ្មៅ ដើម្បី​សម្គាល់ថា អ្នកបោះឆ្នោត បាន​បោះឆ្នោត​រួច ហើយ​ដើម្បី​ទប់ស្កាត់​ការលួចបន្លំ​បោះឆ្នោត​លើសពី​១​ដងនោះ គឺ​គជប មាន​វិធានការ​៥​ចំណុច​ទៀត សំដៅ​មិន​ឲ្យ​មានការ​បោះឆ្នោត​លើសពី​មួយដង​។​

 

​វិធានការ​ទាំង​៥​ចំណុច​របស់​គជប ដែល​ត្រូវបាន​សហគមន៍​អន្តរជាតិ រួមមាន ទូត​សហភាព​អឺរ៉ុប ឯកអគ្គរដ្ឋទូត​ជប៉ុន តំណាង​ទូត​អាមេរិក អង្គការ USAID អង្គការ JICA និង​ជំនាញការ​អន្តរជាតិ ដែល​ធ្វើការ​ជាមួយ​គជប បាន​គាំទ្រ​នោះ រួមមាន ៖

 

១-​ពង្រឹង​ការចេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការបោះឆ្នោត ជូន​អ្នកបោះឆ្នោត ដែល​ពុំមាន ឬ​បាត់ ឬ​ខូច​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​។​

 

២-​ពង្រឹង​ភារកិច្ច​របស់​លេខាធិការ​ការិយាល័យ​បោះឆ្នោត ក្នុងការ​អនុវត្ត​ការពិនិត្យ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការបោះឆ្នោត​របស់​អ្នកបោះឆ្នោត​ជាមួយនឹង​រូប​ពិត​របស់​ជន​នោះ ធៀប​នឹង​រូបថត ឈ្មោះ និង​ទិន្នន័យ​របស់គាត់ ក្នុង​បញ្ជី​បោះឆ្នោត មុននឹង​ធិ​ច​សញ្ញា​សម្គាល់ ដើម្បី​បញ្ជាក់ថា ជន​នោះ​បានមក​បោះឆ្នោត​។​

 

៣-​ណែនាំ​ឲ្យ​លេខាធិការ​ឲ្យ​ធិ​ច​លើ​ប្រអប់លេខ រៀង​នៃ​បញ្ជី​បោះឆ្នោត និង​ណែនាំ​អ្នកបោះឆ្នោត​ឲ្យ​ធិ​ច​នៅលើ​បញ្ជី​បោះឆ្នោត​ត្រង់​ចន្លោះ​ទំនេរ នៃ​ឈ្មោះ​របស់​អ្នកបោះឆ្នោត ដើម្បី​ផ្ទៀងផ្ទាត់ និង​បញ្ជាក់ថា សាមីខ្លួន បានមក​បោះឆ្នោត​។​

 

៤-​រំលឹក​ដល់​ភ្នាក់ងារ​គណបក្សនយោបាយ ដែលមាន​បញ្ជី​ឈ្មោះ​នៅក្នុង​ដៃ និង​អ្នកសង្កេតការណ៍​បោះឆ្នោត ឲ្យ​តាមដាន​ពិនិត្យមើល​ដំណើរការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឯកសារ​ប្រើប្រាស់ សម្រាប់​ការបោះឆ្នោត​របស់​អ្នកបោះឆ្នោត ជាមួយនឹង​រូប​ពិត ធៀប​នឹង​រូបថត ឈ្មោះ និង​ទិន្នន័យ​របស់គាត់​ក្នុង​បញ្ជី​បោះឆ្នោត​។​

 

៥- ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​អំពី​ការពង្រឹង​ការអនុវត្ត​ទោស​ប្បញ្ញត្តិ ដូច​មានចែង​ក្នុង​មាត្រា​១៧១ នៃ​ច្បាប់​ស្តីពី ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ដែល​ផាកពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល ទៅ ២០​លាន​រៀល ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដោយ​ពុំទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត ចំពោះ​ជន​ណា ដែល​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ នាំ​ឲ្យ​បាត់​ទំនុកចិត្ត​លើ​ការបោះឆ្នោត​។​

 

​លោក ស៊ិ​ក​ប៊ុន​ហុក បានបញ្ជាក់​បន្ថែមថា បើសិនជា​អ្នក​បន្លំ​បោះឆ្នោត​លើសពី​ម្តង នៅ​ថ្ងៃ​បោះឆ្នោត​នឹងត្រូវ​ទទួល​ការផាកពិន័យ​ប្រាក់​ពី​៥​លាន​រៀល ទៅ​២០​លាន​រៀល ហើយ​បើសិន​ជាមាន​អង្គការ​ចាត់តាំង ដូចជា អង្គការ​សង្គម​ស៊ីវិល ឬក៏​គណបក្សនយោបាយ នោះ​ច្បាប់​បានកំណត់​ឲ្យ​ឈានទៅដល់​ការរំលាយ​អង្គការ​សង្គម​ស៊ីវិល ឬក៏​គណបក្សនយោបាយ​នោះ​ថែម​ទៀតផង​។​

 

​លោក​ប្រធាន​គជប​ក៏បាន​ព្រមាន​ថា នៅ​ថ្ងៃ​បោះឆ្នោត បើសិន​ជាមាន​ជនណាម្នាក់ លើកឡើងថា ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ ដែល​គជប ប្រើប្រាស់​នេះ លុបលាង​ជ្រះ ដោយនិយាយ ហើយ​បង្ហាញ ដោយ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ជាដើម​នោះ គឺ​ជន​នោះ នឹងត្រូវ​មានទោស ដូច​មានកំណត់​ខាងលើនេះ ជាមិនខាន​៕

18-5-2017 (2) 18-5-2017 18-5-2017 (1)

 

Leave a Reply

(*) Required, Your email will not be published