ដើមបណ្ដឹង​ខកចិត្ត​ចំពោះ​តុលាការ ពេល​ដោះលែង​ជន​ឆបោក​ប្រាក់​ជិត​១​ម៉ឺន​ដុល្លារ​

, , Leave a comment

​ខេត្តកណ្តាល : ដើមបណ្ដឹង​ប្រតិកម្ម​ខ្លាំងៗ ចំពោះ​ការសម្រេច​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ដែល​ដោះលែង​ស្ត្រី​ឈ្មោះ អៀ​ត សារឹម ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត​ទឹកប្រាក់​ជិត​១​ម៉ឺន​ដុល្លារ​អាមេរិក ក្រោយ​ជាប់ពន្ធនាគារ​ជាង​មួយខែ​ប៉ុណ្ណោះ​។ ដើមបណ្ដឹង​សង្ស័យថា ការសម្រេច​នេះ​បង្កប់​ភាពមិនប្រក្រតី​ដោយ​ដើមបណ្ដឹង​ថា នឹងដាក់​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត ដើម្បី​ស៊ើបអង្កេត​សំណុំ​រឿងនេះ​។​

IMG_7862

​លោកស្រី សុខ សោ​ភ័​ណ្ឌ ជាដើម​បណ្ដឹង​អះអាងថា លោក ភូ ពៅ​ស៊ុន ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ កាលពី​ថ្ងៃទី​៩ ខែឧសភា សម្រេច​ដោះលែង​ស្ត្រី​ឈ្មោះ អៀ​ត សារឹម ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​។ ការសម្រេច​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ គឺ​ផ្ទុយ​ពី​ការសម្រេច​របស់លោក អ៊ី សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល​ដែល​ពុំ​ដោះលែង​ស្ត្រី​ឈ្មោះ អៀ​ត សារឹម​។ មុន​ការសម្រេច​ដោះលែង​នេះ គឺ​កើតមាន​ភាពមិនប្រក្រតី​មួយចំនួន ដែល​ដើមបណ្ដឹង​សង្ស័យថា អាច​បង្កប់​អំពើពុករលួយ​។

10-5-2017 (1)

​លោកស្រី សោ​ភ័​ណ្ឌ បន្តថា លោកស្រី គង់ លាង​ជូ ជា​មេធាវី​ការពារ​ស្ត្រី​ឈ្មោះ អៀ​ត សារឹម ធ្លាប់​និយាយថា នឹង​ជួយ​សម្រួល​ឲ្យ​មានការ​ដោះស្រាយ​សំណង​។ ប៉ុន្ដែ​ពេលនេះ​បានត្រឹមតែ​ជាការ​សន្យា​ខ្យល់ ពោលគឺ មនុស្ស​ត្រូវបាន​ដោះលែង រីឯ​សំណង​មួយ​រៀល​ក៏​ពុំ​បានទទួល​។ មិនតែប៉ុណ្ណោះ សូម្បីតែ​ពេល​សវនាការ និង​ការសម្រេច​ដោះលែង​នេះ គឺ​ដើមបណ្ដឹង​ពុំបាន​ដឹង​ឡើយ​នេះ​បាន​មន្ត្រី​សាលាដំបូង​ខេត្តកណ្ដាល​វិញ​ទេ ដែលមាន​ការភ្ញាក់ផ្អើល​ពេល​ឃើញ​ដីកា​ដោះលែង​មនុស្ស​ចំ​ថ្ងៃទី​១០ ខែឧសភា ត្រូវ​ថ្ងៃបុណ្យ​វិសាខបូជា ទើប​មន្ត្រី​តុលាការ​ខេត្តកណ្ដាល ពុំ​ទទួលយក​ដីកា​សម្រេចរ​បស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ហើយ​ជំនួយការ​របស់លោក​ស្រី​មេធាវី គង់ លាង​ជូ ត្រឡប់​ទៅវិញ​។ ឆ្លើយតប​ការលើកឡើង​នេះ លោកស្រី​មេធាវី គង់ លាង​ជូ អះអាងថា លោកស្រី​ធ្វើ​តែ​តាម​នីតិវិធី​ប៉ុណ្ណោះ​។​

10-5-2017 (2)

​សូម​រំលឹក​ដែរ​ថា យោង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន របស់លោក អ៊ី សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល​បង្ហាញថា ស្ត្រី​ឈ្មោះ អៀ​ត សារឹម ជាប់ចោទ​ពីបទ​រំលោភ​លើ​ទំនុកចិត្ត ប្រព្រឹត្ត​នៅក្នុង​ភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល កាលពី​ថ្ងៃទី​២៣​ខែមេសា ឆ្នាំ​២០១៦ តាម​មាត្រា​៣៩១ និង​មាត្រា​២៩​នៃ​ក្រមព្រហ្មទណ្ឌ​។​

 

​ស្ត្រី​រងគ្រោះ​ធ្លាប់បាន​បញ្ជាក់ថា ស្ត្រី​ឈ្មោះ អៀ​ត សារឹម ត្រូវជា​មិត្តភក្តិ​របស់គាត់​ហើយ​ធ្លាប់​រកស៊ី​ជាមួយគ្នា​។ ដោយមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ផងដែរ​។ មុនដំបូង​ស្ត្រី​ឈ្មោះ អៀ​ត សារឹម បាន​ខ្ចីប្រាក់​ចំនួន​៧០០​ដុល្លារ​រួច​បាន​ខ្ចី​៨០០​ដុល្លារ​ទៀត ។ ក្រោយមក​បាន​ខ្ចី​១០០០​ដុល្លារ និង​បាន​ខ្ចី​ខ្សែដៃ ខ្សែក រួម​នឹង​គ្រឿងអលង្ការ​ផងដែរ​សរុប​ជា​ទឹកប្រាក់​ជិត​១​ម៉ឺន​ដុល្លារ​។​

10-5-2017

​លុះ​ក្រោយមក​គាត់​ត្រូវការ​លុយ ពេល​ទៅ​សួរ​នាំយក​មកវិញ​ស្រាប់តែ​ស្ត្រី​ឈ្មោះ អៀ​ត សារឹម ចេះតែ​គេចវេស​ថ្ងៃនេះ​ថ្ងៃនោះ​មិន​ព្រម​សង ទើប​គាត់​សម្រេចចិត្ត​ដាក់ពាក្យ​បណ្តឹង​រហូតដល់​តុលាការ​ខេត្តកណ្តាល​ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​ពួកគាត់​៕

 

 

Leave a Reply

(*) Required, Your email will not be published