អ្នកណាខ្លះ​ដែល​ព្រួយ​ពី​រឿង​អាមេរិក​ផ្តាច់ជំនួយ​?

, , Leave a comment

​ជាការ​ពិត ជំនួយ ទោះ​ផ្តល់​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ក្តី តិច​ឬ​ច្រើន ក៏​ជាការ​ផ្តល់​សម្រាប់​គោលដៅ​ដើម្បី​ជួយ​ជា​ប្រយោជន៍​អ្វីមួយ​ដែរ​។ តួយ៉ាង​អាមេរិក ដែល​បាន​ផ្តល់ជំនួយ​ដល់​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៣ មក រាប់សិប​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ យ៉ាងហោច​ក៏បាន​ជួយ​ជា​ប្រយោជន៍​ដល់​ប្រជាជាតិ​មួយ​នេះ​មិនតិច​ទេ ប៉ុន្តែ ឥឡូវនេះ ស្រាប់តែ​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រកាស​ពី​ផែនការ​កាត់​ជំនួយ​ពី​កម្ពុជា ដល់​កម្រិត​សូន្យ ក្នុង​ឆ្នាំ​២០១៨​។​

26-4-2017

​បើ​អ៊ីចឹង តើ​អ្នកណាខ្លះ ដែល​រង​ការប៉ះពាល់​ពី​ការផ្តាច់​ជំនួយ​នេះ​? រដ្ឋាភិបាល​ក្រុងភ្នំពេញ ឬក៏​អង្គការ​មួយចំនួន ដែល​ទទួល​ជំនួយ​ទាំងនេះ​ផ្ទាល់ ឬក៏​ប្រជាពលរដ្ឋ​ខ្មែរ​?

 

​គ្រាន់តែ​លេច​ព័ត៌មាន​នេះ​ភ្លាម អ្នក​ដែលមាន​រំញោច​មុនគេ គឺ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដោយឡែក​ខាង​អាជ្ញាធរ​រដ្ឋាភិបាល​ហាក់​មិន​ភ្ញាក់ផ្អើល​នោះទេ ខណៈ​មន្ត្រី​គណបក្សកាន់អំណាច CPP អះអាង ជំនួយ​អាមេរិក​កន្លងមក មិន​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ប្រទេស​ដោយផ្ទាល់​នោះទេ​។​

 

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស ប្រជាជន​កម្ពុជា (CPP) ប្រាប់​ប្រព័ន្ធ​ផ្សាយ​ក្នុងស្រុក​ថា ជំនួយ​ដែល​អាមេរិក​ផ្ដល់​ឲ្យ​កម្ពុជា​កន្លងមក មិន​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ប្រទេស ដោយផ្ទាល់​នោះទេ ហើយ​ថា ការ​កាត់​ផ្ដាច់ជំនួយរ​បស់​សហរដ្ឋអាមេរិក​នេះ ក៏​មិន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ដែរ​។​

 

​ប៉ុន្តែ មុន​ប្រតិកម្ម​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច មន្ត្រី​សង្គម​ស៊ីវិល លោក សន ជ័យ ប្រធាន​អង្គការ គណនេយ្យភាព​សង្គម ក៏បាន​សរសេរ​លើ​គណ​នេ​យ្យ​ហ្វេ​ស​ប៊ុ​កលោក​ថា ការដែល អាមេរិក​ផ្តាច់ជំនួយ​ពី​កម្ពុជា ទោះ​តិច​ឬ​ច្រើនក្តី វា​ជា​រឿង​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​ទៅវិញ​។​

 

​តាម​ឯកសារ​ចំនួន ១៥​ទំព័រ ស្ដីពី​ថវិកា​របស់​ក្រសួងការបរទេស​អាមេរិក ដែល​ចេញផ្សាយ​លើ​គេហទំព័រ «​គោលនយោបាយ​ការបរទេស​» កាលពី​ថ្ងៃទី​២៤ មេសា ឆ្នាំ​២០១៧ បង្ហាញថា ជំនួយ​អភិវឌ្ឍន៍​សម្រាប់​ប្រទេស​កម្ពុជា នឹង​បន្ថយ​ដល់​កម្រិត​សូន្យ នៅក្នុង​ឆ្នាំ​២០១៨ មានន័យថា ធ្លាក់ចុះ​ពី​ការចំណាយ​ពិតប្រាកដ ក្នុង​ឆ្នាំ​២០១៦ ចំនួន ៣៤,៥​លាន​ដុល្លារ​។​

 

ជាមួយគ្នានេះ មូលនិធិ​សម្រាប់​គាំទ្រ​សេដ្ឋកិច្ច ក៏​ស្ថិតក្នុង​គម្រោង​កាត់​ទាំងស្រុង​នៃ​ថវិកា ៨​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៦ ស្រដៀង​គ្នា​ដែរ បើទោះជា​បច្ចុប្បន្ន​ជំនួយ​ទាំងនេះ នៅ​មិនទាន់​ដកហូត​ក៏ដោយ​។

 

​ក្រៅពីនេះ កម្មវិធី​ថែទាំ​សុខភាព ដែល​ផ្តល់​ដោយ​ក្រសួងការបរទេស​អាមេរិក ជាមួយនិង​ភ្នាក់ងារ​អភិវឌ្ឍន៍ USAID ក៏​អាច​នឹង​កាត់បន្ថយ​ពី​ចំនួន ១៨ ទៅ ៣៧%​។ សរុបទៅ ជំនួយ​របស់​អាមេរិក​ដែល​ផ្តល់​ឲ្យ​កម្ពុជា​ជិត ៦០% អាច​នឹងត្រូវ​កាត់បន្ថយ នៅក្នុង​ឆ្នាំ​២០១៨ នេះ​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៦ គឺថា បន្ថយ​ពី ៧៧,៤​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ មក​នៅត្រឹម ២២,៩​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៨​។

 

​ប៉ុន្តែ គម្រោង​កាត់​ផ្តាច់ជំនួយ​របស់​អាមេរិក​នេះ មិនមែន​ធ្វើឡើង​សម្រាប់តែ​កម្ពុ​ជាមួយ​ទេ គឺមាន​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ចំនួន ៧៧​ផ្សេងទៀត ក៏ត្រូវ​កាត់ផ្តាច់​ដល់​ចំណុចសូន្យ​ដូចគ្នា​ដែរ ក្នុងនេះ មាន​ទាំង​ប្រទេស​អាស៊ាន ដូចជា ឥណ្ឌូនេស៊ី ថៃ ឡាវ និង​ហ្វ៊ី​លី​ពី​ន ក៏​រង​សម្ពាធ​មួយ​នេះ​ដូចគ្នា​។​

 

​ក្រសួងការបរទេស​អា​មេ​រិ​ក បញ្ចេញ​ឯកសារ​កាត់ផ្តាច់​ជំនួយ​ពី​កម្ពុជា​នេះ គឺ​ធ្វើ​ព្រម​គ្នា​នឹង​វត្តមាន​ឧបការី​រង​នៃ​ក្រសួងការបរទេស​អាមេរិក លោក W. Patrick Murphy នៅក្នុង​ប្រទេស​កម្ពុជា។​

 

​ជុំវិញ​គម្រោង​កាត់​ជំនួយ ដល់​កម្ពុជា និង​បណ្តា​ប្រទេស​ជាង​៧០​ទៀត​នេះ ក្រុមអ្នកតាមដាន​ពី​ទំនាក់ទំនង​អន្តរជាតិ​មើលឃើញថា ការ​កាត់​ជំនួយ​បែបនេះ អាច​នឹង​ធ្វើឱ្យ​ឥទ្ធិពល​អាមេរិក​ចុះខ្សោយ​នៅក្នុង​តំបន់​អាស៊ី ដោយឡែក​សម្រាប់​កម្ពុជា វា​អាចជា​សញ្ញា​មួយ បើកផ្លូវ​ឲ្យ​ប្រទេស​ចិន​កាន់តែ​ពង្រឹង​បាន​នូវ​ឥទ្ធិពល​របស់ខ្លួន កាន់តែ​រឹងមាំ​ថែមទៀត​។​

 

“​កុំភ្លេចថា ផ្លូវ​ដែល​អាមេរិក​ឲ្យ​ខ្មែរ ប្រើ​បានយូរ​រាប់សិប​ឆ្នាំ រីឯ​ផ្លូវ​ចិន​ឲ្យ គឺ​គុណភាព​អន់​ណាស់ ឬ​ហៅ​ដោយ​ងាយ​ថា ផ្លូវ​ចិន​ឆាប់​ហុយ​…” — សាន ជ័យ នាយក​អង្គការ គណនេយ្យភាព​សង្គម

​លោក Paul Chambers សាស្ត្រាចារ្យ​នៅឯ​សាកលវិទ្យាល័យ Naresuan University ក្នុងប្រទេស​ថៃ ត្រូវ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដកស្រង់​សម្តី​ថា វិធី​កាត់បន្ថយ​ជំនួយ​អភិវឌ្ឍន៍​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ គឺ​កាន់តែ​បង្ហាញ​ពី​ការចុះ​ខ្សោយ​ឥទ្ធិពល​របស់​មហាអំណាច​ពិភពលោក​មួយ នេះ នេះ​បើ​ប្រៀបធៀប​ជាមួយនឹង​ប្រទេស​ចិន​។

 

​លោក​ថ្លែងថា​៖ «​ការ​កាត់​ជំនួយ​អភិវឌ្ឍន៍​ដោយ​មិន​ប្រុងប្រយ័ត្ន​របស់​អាមេរិក​ដល់ កម្ពុជា រហូតដល់​កម្រិត​សូន្យ​របស់​រដ្ឋបាល​លោក ត្រាំ អាច​នឹង​បង្កើត​ឲ្យ​មានការ​យល់ឃើញ​ប្រកបដោយ​ការមិន​ពេញចិត្ត​របស់ កម្ពុជា ចំពោះ​អាមេរិក ហើយ​វា​នឹង​ជំរុញ​ឲ្យ​កម្ពុជា ងាក​ចូលទៅក្នុង​ដែន​សេដ្ឋកិច្ច​របស់​ចិន​កាន់តែខ្លាំង​»​។

 

​ការ អធិប្បាយ​បែបនេះ ស្របទៅនឹង​ការអះអាង​របស់​មន្ត្រី​គណបក្សកាន់អំណាច ដែល​មិន​អើពើ​ចំពោះ​ព័ត៌មាន​នេះ​។ លោក សុខ ឥសាន ថ្លែងថា «​មិនមាន​ប៉ះពាល់​អី​ដល់​សេដ្ឋកិច្ចជាតិ​របស់​យើង​ទេ បើ​ប៉ះ ប៉ះ​តែ​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ដែល​បម្រើ​ការងារ​ផ្សេងៗ ក្នុង​លក្ខណៈ​ជា​សង្គម​ស៊ីវិល​តែប៉ុណ្ណោះ​ទេ​"​។​

 

​ទោះយ៉ាងណា លោក សន ជ័យ បាន​មើលឃើញថា «​រឿង​អាមេរិក​ផ្តាច់ជំនួយ​…​គឺជា​រឿង​គួរ​ឲ្យ​បារម្ភ​បំផុត ព្រោះថា ប្រទេស​មហាអំណាច​មួយ​នេះ គេ​អាច​ផ្តល់យោបល់ Recommendation ដល់​គ្នីគ្នា​របស់គេ ជាពិសេស ក្រុម​ដែល​យក​ការគោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ជាធំ នឹង​ថា​គួរ​ឲ្យ​លុយ មក​យើង ឬ​អត់​? បើ​គេ​នាំគ្នា​ថា អត់​នោះ​ពិតជា​ផ្ងារប៉ារ៉េ មិន​ខាន​ទេ​!»​។

 

​លោក សន ជ័យ បន្ថែម​ដែរ​ថា «​កុំភ្លេចថា ផ្លូវ​ដែល​អាមេរិក​ឲ្យ​ខ្មែរ ប្រើ​បានយូរ​រាប់សិប​ឆ្នាំ រីឯ​ផ្លូវ​ចិន​ឲ្យ គឺ​គុណភាព​អន់​ណាស់ ឬ​ហៅ​ដោយ​ងាយ​ថា ផ្លូវ​ចិន​ឆាប់​ហុយ​។ មិនបាច់​ទៅ​មើល​ឯណា​ឲ្យ​ឆ្ងាយ​នោះទេ មើល​តែ​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវ​ពី​ខេត្តក្រចេះ​ទៅ​ស្ទឹងត្រែង ជា​គំរូ​ទៅបាន​ហើយ​"​។

 

​ជុំវិញ​ឯកសារ​ស្តីពី​កាត់​ជំនួយ​ពី​កម្ពុជា នេះ មន្ត្រី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា មិនទាន់​ធ្វើការ​អត្ថាធិប្បាយ​លម្អិត​ជា​សាធារណៈ​ទេ​។​

 

​នាយក ប្រតិបត្តិ​អង្គការ ខា​ណា លោក ជួប សុខ​ចំរើន ដែល​ទទួល​ជំនួយ​សម្រាប់​ការប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​អេដស៍ ជំងឺអេដស៍ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អង្គការ​ខា​ណា បានទទួល​ការជូនដំណឹង​តាំងពី​ខែកុម្ភៈ ថា USAID នឹងមិន​ផ្តល់​មូលនិធិ​ដល់​សកម្មភាព​ណា​ទៀត​ទេ ចាប់ពី​ឆ្នាំ​២០១៨ ទៅ​។ លោក​ថា ក្នុងនាម​ជា​អង្គការក្រៅរដ្ឋាភិបាល លោក​មាន​អារម្មណ៍​ថា សោកស្តាយ​ណាស់​ចំពោះ​ពី​ការធ្លាក់ចុះ​ជំនួយ​ពី​ទីភ្នាក់ងារ USAID នេះ ហើយ​ថា ភ្នាក់ងារ USAID បាន​ប្រាប់​ដែរ​ថា ការបែងចែក​មូលនិធិ​ណាមួយ អាច​នឹងត្រូវ​ផ្តល់​ដោយផ្ទាល់​ទៅលើ​ជំនួយ​បច្ចេកទេស​សម្រាប់​រដ្ឋាភិបាល តែប៉ុណ្ណោះ​។​

 

​សូមបញ្ជាក់ថា ជំនួយ​អភិវឌ្ឍន៍​ចម្បងៗ​របស់​អាមេរិក​សម្រាប់​កម្ពុជា ភាគច្រើន​ជា​គម្រោង​ការផ្តល់​អាហារូបត្ថម្ភ ផ្នែក​កសិកម្ម អភិបាលកិច្ច ការដោះមីន និង​គម្រោង​ការពារ​ប​រិ​ស្ថាន​៕

ប្រភព cambonomist.com

 

Leave a Reply

(*) Required, Your email will not be published