បើ​អ្នក​បាន​ស្ត្រី​ប្រភេទ​នេះ​ជា​ភរិយា ត្រូវ​ចេះ​ថែរក្សា​នាង​ឱ្យបាន​ល្អ​

, , Leave a comment

santorini-marriage-proposal

​ដូច​ពាក្យចាស់​លោក​ពោលថា ប្រុស​ពេញ​ដី ស្រី​ពេញ​នគរ កល្យាណ​មិន​សម្បូណ៌ ជន់​ជោរ​ដោយ​បុថុជ្ជន​។ នៅក្នុង​សង្គម​បច្ចុប្បន្ននេះ នារីៗ​សាមញ្ញៗ​ដែលមាន​ជីវិត​ហ៊ុំព័ទ្ធ​ប្រឡាក់​ទៅដោយ​គ្រឿង​សៅហ្មង ដែល​កំពុង​ជាប់ជំពាក់​នឹង ទ្រព្យសម្បត្តិ រូប​សម្ផស្ស សម្ភារ​និយម តិរច្ឆានកថា​និយម ប្រកប​មាយា​ទ​ក្រៅ​គន្លង​ស្ត្រី វីវក់​នឹង​ស្រា ល្បែង ពូកែ​រាំរែក ពូកែ​បោកប្រាស ពូកែ​កុហក គឺ​សម្បូណ៌​ច្រើន​អនេក ដូច្នេះហើយ​ទើប​ធ្វើឱ្យ​បុរសៗ​មួយចំនួន​ដែលមាន​ការសិក្សា​បាន​ខ្ពង់ខ្ពស់ ប្រកបដោយ​ក្រមសីលធម៌ សុជីវធម៌ និង​មានការ​គិតគូរ​វែងឆ្ងាយ​នោះ​ប្រទះ​នឹង​ភាពមិន​ងាយស្រួល​ក្នុងការ​ស្វែងរក​ឧ​ត្ត​ម​ស្ត្រី​ម្នាក់​មក​ធ្វើជា​ឧ​ត្ត​ម​ភរិយា​។ ប៉ុន្តែ​ប្រសិនបើ​វា​ជា​ឧបនិស្ស័យ​របស់​អ្នក នៅ​ថ្ងៃ​ណាមួយ​ដែល​អ្នក​បាន​ជួប​ស្ត្រី​ដែលមាន​ឧ​ត្ត​ម​លក្ខណសម្បត្តិ​៥​យ៉ាងនេះ ធ្វើជា​ភរិយា​ហើយ ចូរ​ថែរក្សា​នាង និង​កសាង​សុខ​សុភមង្គល​ជូន​នាង​ឱ្យបាន​គង់វង្ស​៖

 

១-​ស្ងប់ តែ​មិន​ស្ងាត់​
​លក្ខណៈ​ទី​១ របស់​នាង​, គឺ​នាង​ស្ងប់​ដោយបាន​យល់ច្បាស់​អំពី​ជម្រៅ​នៃ​ព្រះធម៌​, កាលណា​នាង​យល់ច្បាស់​ពី​ព្រះធម៌ យល់​ពី​ជម្រៅ​នៃ​ដួងចិត្ត​របស់ខ្លួន​នាង យល់ច្បាស់​ពី​ច្បាប់ធម្មជាតិ​យ៉ាង​ល្អិត​សុខុម នោះ​គឺ​បានន័យថា​នាង​យល់​ពី​មនុស្ស​នៅ​ជុំវិញខ្លួន យល់​ពី​កាលៈទេសៈ យល់​ពី​សង្គមមនុស្ស​ច្បាស់លាស់​ណាស់​, មនុស្ស​ស្រី​ប្រភេទ​នេះ នាង​ស្ងប់​ចំពោះ​ការពិត​នៅ​ខាងក្នុង​មណ្ឌល​ចក្រ​វា​ឡ​នៃ​ចិត្ត​របស់​នាង ប៉ុន្តែ​នាង​នឹងមិន​ស្ងាត់ជ្រងំ​សម្ងំ​យកសុខ​តែម្នាក់ឯង​ឡើយ ព្រោះ​ដោយសារតែ​ចិត្ត​ប្រកបដោយ​មេត្តា ករុណា មុទិតា និង​ឧបេក្ខា នោះ​នាង​នឹង​ប្រឹងប្រែង​គ្រប់​សកម្មភាព​ដែល​នាង​អាចធ្វើ​ទៅបាន​ដើម្បី រំដោះ​មនុស្ស​តាមរយៈ​ការពន្យល់​ចង្អុលបង្ហាញ​ផ្លូវត្រូវ ដើម្បីឱ្យ​មនុស្ស​ដែល​នាង​អាណិតអាសូរ​ទាំងនោះ​អាច​រំដោះខ្លួន​ចេញពី អន្លង់​ទុក្ខ​បាន ។​

 

២-​ជា​មនុស្ស​មិន​រឹងរូស​មានះ​
​លក្ខណៈ​ទី​២​នេះ  នៅពេលណា​នាង​យល់​ពី​សេចក្ដី​ពិត​យ៉ាង​ជ្រាលជ្រៅ​ហើយ នាង​អាច​សម្រប​ខ្លួន​បាន​គ្រប់​កាលៈទេសៈ និង​ជាមួយ​គ្រប់​ប្រភេទ​មនុស្ស​ទាំងអស់​នៅក្នុង​សង្គម ព្រោះ​ដោយសារតែ​នាង​មានអំណាច​នៃ​ចិត្ត​មួយ គឺ​មេត្តាចិត្ត ប៉ុន្តែ​នាង​នឹងមិន​បន្ត​សេពគប់​ជាមួយ​ប្រភេទ​មនុស្ស​ដែល​ពោរពេញ​ដោយ​ធាតុ បាបកម្ម​ក្រាស់ក្រែល ពិបាក​នឹង​ជួយ​ណែនាំ​ឡើយ ។​

 

៣- នាង​ជា​មេដឹកនាំ​ដ៏​អមតៈ​
​លក្ខណៈ​ទី​៣​នេះ  គឺ​នាង​មិន​ត្រឹមតែ​មានការ​យល់ដឹង​អំពី​ដំណើរ​ប្រព្រឹត្តទៅ​នៃ​ច្បាប់​សាកល ឬ​ច្បាប់ធម្មជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នាង​ក៏​ជា​ស្ត្រី​ដែល​ទទួលបាន​ការសិក្សា​ក្នុង​វិជ្ជា​ផ្លូវ​លោកីយ ក្នុង​កម្រិត​ឧ​ត្ត​ម​ណាមួយ​នៃ​សាកលវិទ្យាល័យ​ដែរ ។ អំណោយផល​នៃ​ឧបនិស្ស័យ​បាន​ពី​ការសិក្សា​ក្នុង​វិជ្ជា​ផ្លូវលោក​សាមញ្ញ និង​វិជ្ជា​ចម្លង​ខ្លួន​ឱ្យ​រួច​ផុតពី​អន្លង់​ទុក្ខ​ទាំងពីរ​យ៉ាងនេះ​ហើយ ដែល​ធ្វើឱ្យ​នាង​មាន​ទេពកោសល្យ​ក្នុងការ​ធ្វើជា​មេដឹកនាំ​ជា​អមតៈ ហើយ​មិន​ងាយ​មាន​ជន​សាមញ្ញ​ណាមួយ​អាច​ចូលមក​បំបែក​ហែក​ហួង ឬ​ផ្ចាញ់ផ្ចាល​នាង​បានឡើយ ប៉ុន្តែ​ជួនកាល​ដោយ​សេចក្ដី​មេត្តា និង​យល់​ពី​កាលៈទេសៈ នាង​ក៏​មិន​បន្ត​នៅ​យកឈ្នះ​ចាញ់​ជាមួយ​សាមញ្ញ​ជន ឬ (​ពពួកមនុស្ស​ប្រុស ឬ​ស្រី​ដែល​ពោរពេញ​ដោយ​បាបកម្ម​) ទាំង​នោះដែរ ។​

 

៤-ចេះ​នូវ​គេហ​វិជ្ជា​តាម​លក្ខណៈ​របស់​ស្ត្រី
​លក្ខណៈ​ទី​៤​នេះ , បើ​នាង​ពូកែ​រឿង​ខាងក្រៅ រឿង​សង្គមមនុស្ស រឿង​សង្គម​ពិភពលោក រឿង​នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌​ជាដើម​នៅ​ខាងក្រៅ​ហើយ​, រឿង​ខាង​ក្នុងផ្ទះ ដូចជា​៖ ការកសាង​មនោសញ្ចេតនា កសាង​របៀបរបបរ​ស់​នៅ​ប្រកបដោយ​ផាសុកភាព និង​វិន័យ និង​សុខ​សុភមង្គល​នៅក្នុង​រង្វង់​គ្រួសារ ក៏​នាង​ប៉ិនប្រសប់​ផងដែរ ។ ជាពិសេស​ទៅទៀត​នោះ នាង​គឺជា​មនុស្ស​ដែលមាន​សម្ដី កាយវិការ និង​រលក​ចិត្ត​ស្មើ​ល្អ​គ្រប់ពេល​ចំពោះ​សមាជិកគ្រួសារ​ទាំងអស់ ។ នាង​មិនដែល​មានគំនិត​គិត​អាក្រក់​ចំពោះ​សមាជិកគ្រួសារ​ណា​ម្នាក់​, ការប្រើ​សម្ដីសម្ដៅ​របស់​នាង​ទៅកាន់​សមាជិកគ្រួសារ គឺ​មិន​ខ្លាំងពេក មិន​ស្រាល​ពេក គឺ​ល្មម​នឹង​ស្ដាប់​បាន​ហើយ​ងាយ​យល់ ។ ពិតណាស់​នាង​គឺជា​មាតា និង​ជា​ភរិយា​ដ៏​ឧត្ដម ។​

 

៥-នាង​មាន​ឧ​ត្ត​ម​សម្បត្តិ​ពិសេស​៣​ទៀត​
-​រូបសម្បត្តិ​៖ នាង​មិន​ងាយ​រងគ្រោះ​ដោយសារ​ជម្ងឺ (​មាន​សុខភាព​ល្អជា​និច្ច​), មាន​សម្បុរ​ល្អ​, មុខមាត់​មាន​សិរី​សួស្ដី​ជាប្រចាំ​
-​ធម្មចរិយា​សម្បត្តិ​៖  នាង​ប្រកបដោយ​សីល​៥ (​មិន​សម្លាប់​ជីវិត​, មិន​លួច​កិបកេង​ទ្រព្យសម្បត្តិ​របស់​អ្នកដទៃ​, មាន​ភក្ដីភាព​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ស្វាមី​ខ្លួន​, មិន​ពោល​ពាក្យ​កុហក​, មិន​ផឹកស្រា ឬ​បៀរ​)
-​ទ្រព្យសម្បត្តិ​៖ មិន​ត្រឹមតែ​កើតមក​មាន​ធម្មជាតិ​ពូកែ​រក​ទ្រព្យសម្បត្តិ​តាមរយៈ​កិច្ចការ​ស្រប ច្បាប់ និង​សុចរិត ប៉ុន្តែ​នាង​ក៏​ពូកែ​ទុកដាក់ និង​សន្សំសំចៃ​ដើម្បី​អនាគត​គ្រួសារ​របស់​នាង​ណាស់ដែរ​។​

 

*​ស្ត្រី​បែប នេះ​ក្នុងសង្គម​សម័យ​ជ្រួលជ្រើម​ដោយ​បច្ចេកវិទ្យា​ទំនើបនិយម​បច្ចុប្បន្ន នេះ​កម្រ​មាន​ណាស់​, ប៉ុន្តែ​មិនមែន​ថា​គ្មាន​ឡើយ គឺ​ប្រហែល​មាន​១​ក្នុងចំណោម​មនុស្ស​១​លាន​នាក់ ប៉ុន្តែ​ប្រសិនជា​អ្នក​បាន​ស្ត្រី​ប្រភេទ​នេះ​ជា​ឧ​ត្ត​ម​ភរិយា​ហើយ នោះ​ច្បាស់​ណាស់​អ្នក​ប្រាកដជា​ប្រកបដោយ​ឧ​ត្ត​ម​លក្ខណសម្បត្តិ​ប្រសើរ​ក្នុងនាម ជា​បុរស ជា​ឧ​ត្ត​ម​ស្វាមី​សម្រាប់​នាង និង​ថែរក្សា​នាង​ឱ្យបាន​ល្អប្រសើរ​

 

Leave a Reply

(*) Required, Your email will not be published