សុខភាព : ជាការពិតបញ្ហាកង្វះអាហារូបត្ថម្ភលើកុមារ នៅតែជាបញ្ហាដ៏សំខាន់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាប្រទេសកម្ពុជាយើង។ ធនធានមនុស្សសំខាន់ណាស់សម្រាប់ក្រុមគ្រួសារនីមួយៗ ក៏ដូចជាប្រទេសជាតិទាំងមូល។ ធនធានមនុស្សល្អ សំខាន់ត្រូវផ្តើមចេញពីការថែរក្សាកុមារឲ្យល្អទាំងផ្នែករូបរាងកាយខាងក្រៅ សុខភាព និង អារម្មណ៍ផ្លូវចិត្តខាងក្នុង។
ហេតុដូចនេះ ហើយទើបរាជរដ្ឋាភិបាល ក៏ដូចជាអង្គការជាច្រើនកំពុងយកចិត្តទុកដាក់ និងអនុវត្តន៍យ៉ាងសកម្មលើការងារនេះ ក្នុងគោលដៅលើកកម្ពស់សុខមាលភាពកុមារ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។ អាស្រ័យហេតុដូចនេះហើយ បានជាសារព័ត៌មានកំណើតថ្មី បានខិតខំប្រមែរប្រមូលឯកសារ ដើម្បីធ្វើការចងក្រងឡើងដែលជាចំណះដឹងមួយផ្នែកទាក់ទងនឹងបញ្ហាកង្វះអាហារូបត្ថមនេះ។
+តើកង្វះអាហាររូបត្ថមជាអ្វី?
កង្វះអាហារូបត្ថម្ភ គឺសម្ដៅលើកុមារដែលមិនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ទៅផ្គត់ផ្គង់លើរាងកាយរបស់កុមារនីមួយៗ ហើយជាទូទៅកុមារមានកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ជាងមនុស្សចាស់។ កង្វះសារធាតុចិញ្ចឹមចម្បងៗ នៃអាហាររូបត្ថមមានដូចជា កង្វះជាតិដែក កង្វះវីតាមីនអា(A) កង្វះវីតាមីនB1 ឬជាតិ (Thiamine) កង្វះវីតាមីនB3 (niacin) កង្វះវីតាមីនB9 (folate) កង្វះវីតាមីនដេ(D) និងកង្វះជាតិកាល់ស្យូម (Calcium)។
+រោគសញ្ញានៃកង្វះអាហាររូបត្ថម
លក្ខណៈខាងក្រៅនៃកុមារខ្វះអាហាររូបបត្ថម ដែលយើងងាយមើលឃើញនឹងភ្នែកមានដូចជា ទម្ងន់មិនគ្រប់ធៀបនឹងអាយុ(មើលតាមសៀវភៅតាមដានសុខភាពពណ៍លឿងរបស់ក្រសួងសុខាភិបាល) ឬ រាងកាយកុមារក្រិន។ និងមានរោគសញ្ញាជាច្រើនទៀតដូចជា ស្បែកស្លេកស្លាំង អស់កម្លាំង ទន់ខ្សោយ មិនរហ័សរហួន ពិបាកក្នុងការដកដង្ហើម ការឃ្លានអាហារមិនធម្មតា ការជ្រុះសក់ មមើមមាយ ការទល់លាមក ងងុយគេងច្រើនឧស្សាហ៍ញ័រទ្រូង សន្លប់ ឬដួលសន្លប់ មានជំងឺធ្លាក់ទឹកចិត្ត ពើតនិងស្ពឹកនៃសន្លាក់ ការរំញោចនៃខួរក្បាលស្ពឹក និងពុំមានអារម្មណ៍នឹងនរ។
+ហានិភ័យនៃកង្វះអាហាររូបត្ថមរបស់កុមារ
កុមារដែលខ្វះអាហាររូបត្ថម ប្រឈមមុខនឹងហានិភ័យនៅថ្ងៃខាងមុខ នូវបញ្ហាជាច្រើនមានដូចជា ការធាត់លើសទម្ងន់ ជំងឺបេះដូង ជំងឺធ្លាក់ទឹកចិត្ត សម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម ការពុកធ្មេញ ភាពស្លេកស្លាំង សម្ថភាពនៃការគិតថយចុះ និងជំងឺពុកឆ្អឹង។
+វិធីសាស្ត្រការពារ និងទប់ស្កាត់
១-ការផ្តល់ចំណីអាហារគ្រប់គ្រាន់ និងគ្រប់ជីវជាតិ ជាពិសេសកុមារអាយុចាប់ពី៦ខែ ត្រូវផ្តល់បបរខាប់គ្រប់គ្រឿងបន្ថែមលើទឹកដោះម្តាយ
២-ការប្រើប្រាស់អំបិលអ៊ីយ៉ូត
៣-ការចាក់ថ្នាំបង្ការរោគ និងប្រឆាំងនឹងជំងឺ(វ៉ាក់សាំង)
៤-ការផ្តល់វីតាមីន ថ្នាំទម្លាក់ព្រូន និងថ្នាំជាតិដែក
៥-ការរស់នៅមានទំលាប់អនាម័យល្អ៕