គ្រាន់តែ​ស្បែកជើង តារា​សម្ដែង​មន្ត​ស្នេហ៍​រយ​ពាន់ ច​ន ច័ន្ទ​លក្ខិណា សាង​បញ្ហា​ឲ្យ​អភិបាលខណ្ឌ​ជ្រោយចង្វា​លោក ឃ្លាំង ហួត ឈឺក្បាល ស្ទើរ​បាក់មុខ​

, , Leave a comment

19-4-2017

​រាជធានី​ភ្នំពេញ : បន្ទាប់ពី​មានការ​ចេញ​ផ្សា​ព័ត៌មាន​ខ្សឹបខ្សៀវ​រវាង​អភិបាលខណ្ឌ​ជ្រោយចង្វា និង​ប្រធាន​សមាគម «​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​» ពាក់ព័ន្ធ​ករណី​ស្បែកជើង​នោះ ត្រូវបាន​មតិ​អ្នកអាន​មួយចំនួន​ធ្វើការ​រិះគន់​ធ្ងន់ៗ ទៅលើ​រូបលោក​អភិបាលខណ្ឌ​រូបនេះ​។ ជាមួយនឹង​ពាក្យរិះគន់​នេះ​លោក ឃ្លាំង ហួត បាន​ចេញមុខ​បកស្រាយ ដោយបាន​ចាត់ទុកថា រឿងនេះ ជា​រឿង​ស៊យ​ធំ​មួយ សម្រាប់​រូបលោក​ក្នុង​ឆ្នាំ​ថ្មី ហើយ​ស្នើ​ដល់​អ្នកព័ត៌មាន​មើល​តម្លៃ​លុយ​ឲ្យ​បាន​ច្បាស់​។​

 

​លោក ឃ្លាំង ហួត បាន​សរសេរ នៅក្នុង​បណ្ដាញ​សង្គម​របស់ខ្លួន​ថា «​ដល់ក​ហើយ​ខ្ញុំ ប្ដី​ច​ន​ច័ន្ទ ផ្ដាំ​ទិញ​ស្បែកជើង ផ្ញើ​ប្រពន្ធ​ជាកា​ដូរ​ចូលឆ្នាំ​ខ្មែរ តម្លៃ​ក្នុង​វិក័យប័ត្រ គឺ​លុយ​អារ៉ាប់​មិនមែន​ដុល្លា​ទេ យួរ​ស្បែកជើង​មក​ហត់​ចង់​ងាប់ បែរជា​គេ​រិះគន់​ខ្ញុំ​គ្មាន​ប្រណី​។ ប្ដី​ចេញ​លុយ ប្រពន្ធ​អ្នក​ពាក់ ខ្ញុំ​អ្នកទិញ ហើយ​យួរ​មក​ឲ្យ គឺ​ត្រូវបាន​មតិ​មួយចំនួន​រិះគន់​ខ្ញុំ​។ មុន និង post មើល​ផង​លោក​អឺយ​លោក ងាប់​គេ​ងាប់​អែង​អស់ហើយ​។ ចាត់ទុកជា​ស៊យ​សំរាប់ ឆ្នាំ​ចាស់​ទៅ​ចុះ​»​។​

 

​ទោះបីជា​យ៉ាងណា​តាម​ការអះអាង​របស់លោក ឃ្លាំង ហួត គឺ​មានន័យថា លោក​មិនបាន​ចំណាយលុយ​ផ្ទាល់ខ្លួន ដើម្បី​ទិញ​របស់​មានតម្លៃ គឺ​ស្បែកជើង​មួយគូ​នេះ ឲ្យ​តារា​សម្ដែង ច​ន ច័ន្ទ​លក្ខិណា នោះទេ ពោល​គឺជា​លុយ​របស់​ប្ដី ច​ន ច័ន្ទ​លក្ខិណា គឺ​លោក ហេង ឡុង ជា​អ្នក​ផ្ញើ និង​ផ្ដាំ​ឲ្យ​លោក ឃ្លាំង ហួត ទិញ​ឲ្យ​ស្របពេល​ដែល​លោក​អភិបាលខណ្ឌ​រូបនេះ ទៅលេង​នៅ​ប្រទេស​អា​រាប់ និង​ក្នុង​ទីក្រុង​ឌួ​បៃ​។​

 

​ប៉ុន្តែ​បើតាម​រយៈ​ការ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​របស់​តារា​សម្ដែង ច​ន ច័ន្ទ​លក្ខិណា ហាក់​បាន​បញ្ជាក់ថា ស្បែកជើង​មួយគូ ដែលមាន​តម្លៃ​ជាង​១​ពាន់​ដុល្លារ (៣៧០០​ដុល្លារ​ឌូ​បៃ​)​នេះ គឺ​លោក ឃ្លាំង ហួត ជា​អ្នកទិញ​ឲ្យ ព្រោះ ច​ន ច័ន្ទ​លក្ខិណា បានបង្ហាញ​ក្ដីរំភើប​ខ្លាំង ពេល​ទទួលបាន​កាដូរ​នេះ ពី​លោក ឃ្លាំង ហួត​។​

 

​ច​ន ច័ន្ទ​លក្ខិណា និយាយថា «​ចូលឆ្នាំ​ហើយ​ហេងៗ​ហ្មង មិនដែល​ប៉ង មិនដែល​ស្រ​ម៉ៃ​ថា នឹង​បាន​ប្រើ​វា​ទេ ស្រឡាញ់​ណាស់​តែ​មិន​ហ៊ាន​ប្រាថ្នា ហើយក៏​មិន​ហ៊ាន​ចំណាយលុយ​លើ​របស់​ថ្លៃ​ដែរ​!! អរគុណ​បងប្រុស Khliang Huot (​ឃ្លាំង ហួត​) ដែល​បាន​ឲ្យ​កាដូរ​ឆ្នាំ​ថ្មី​មក​ប្អូនស្រី ហេតុតែ​ចង់​ឲ្យ​ប្អូនស្រី​មាន​របស់ brand ប្រើ ដើម្បី​ឲ្យ​ចូល​ចំណោម​គេ បងខំ​ទិញ​ពី​បរទេស​មក​ឲ្យ​ប្អូន អរគុណ​ចំពោះ​ទឹកចិត្ត​ដ៏​ល្អ​របស់​បងប្រុស ខ្ញុំ​ដឹងថា មនុស្ស​ប្រុស​ពិបាក និង​មិន​ចូលចិត្ត​ទិញ​របស់​មនុស្ស​ស្រី តែ​បង​ទិញ​ឲ្យ​ប្អូន ហើយ​ត្រូវចិត្ត​ប្អូន​ទៀត អត់​មាន​សួរ​ប្អូន​ទេ តែ​បង​រើស​ពណ៌​ឲ្យ​ប្អូន យ៉ាង​ពេញចិត្ត​ស្តូក​តែម្តង ពណ៌​នេះ គឺ​មិន​រើស​សម្លៀកបំពាក់ ហើយ​ប្រើ​បាន​គ្រប់​កម្មវិធី​..!»​។​

 

​តារា​សម្ដែង​ដែល នៅតែ​រក្សាបាន​ប្រជាប្រិយ និង​មន្ត​ស្នេហ៍​រយ​ពាន់​រូបនេះ បាន​បន្តទៀតថា «​អរគុណ​ខ្លាំងណាស់​បង នូវ​ទឹកចិត្ត​មួយ​នេះ ខ្ញុំ​នឹង​ចងចាំ​មិន​ភ្លេច ហើយក៏​មិន​ហ៊ាន​ប្រើ​ទេ ខ្លាច​ខូច ព្រោះ​មិនដែល​ហ៊ាន​ទិញ​ស្បែកជើង​ថ្លៃ​ទេ ខ្លាច​ខូច ហើយ​ស្តាយ hashashas ចង់​និយាយថា គេង​មើល​ម៉ា​យប់​ហើយ រហូត​ដាក់​តាម​ឡាន​មើល​តាមផ្លូវ​ទៀត បង​ឡុង​បង្អាប់​ថា អូន​ឯង​ទុក​មើល ឬ​ទុក​ពាក់ ឃើញតែ​អង្អែល និង​កាន់​មើល​រហូត hashashas អត់​ហ៊ាន​ពាក់​ទេ បើ​ខូច​ស្តាយ​ណាស់ ព្រោះ​វា​ស្អាត​ពេក !!!! ហេតុតែ​គ្នា​មិន​ដែលមាន​ស្បែកជើង​ថ្លៃ​ពាក់​..!»​។​

 

​ទោះបីជា​យ៉ាងណា គេ​នៅ​មិនទាន់​ដឹងថា តើ​ស្បែកជើង​មួយគូ តម្លៃ​ជាង​១​ពាន់​ដុល្លារ​នេះ លោក ឃ្លាំង ហួត ជា​អ្នកទិញ​ឲ្យ ច​ន ច័ន្ទ​លក្ខិណា ដោយ​ចំណាយលុយ​ខ្លួនឯង​ផ្ទាល់ ឬក៏​ទិញ​តាម​ការ​ផ្ដាំផ្ញើ​របស់​ប្ដី​នាង​នោះទេ ខណៈដែល​ភាគី​ទាំងពីរ​ហាក់​ចេញមុខ​បកស្រាយ មិន​ស៊ីសង្វាក់​គ្នា​ទាល់តែសោះ​៕

 

Leave a Reply

(*) Required, Your email will not be published