ខេត្តបាត់ដំបង : ពិធីបុណ្យចូលឆ្នាំខ្មែរ ជាប្រពៃណីតែងតែត្រូវបានប្រារព្វឡើងនៅថ្ងៃទី១៣ ខែមេសា ជារៀងរាល់ឆ្នាំ ដែលមានរយៈពេលបីថ្ងៃ។ ប៉ុនែ្តពេលខ្លះពិធីបុណ្យនេះ ប្រារព្វឡើងនៅថ្ងៃទី១៤ មេសា ផ្អែកតាមប្រតិទិនចន្ទគតិ របស់ប្រទេស គឺនៅចំពេលរដូវច្រូតកាត់ត្រូវបានបពា្ចប់ ហើយកសិករបានសម្រាក លំហែ និងសប្បាយរីករាយជាមួយផល្លានុផល ដែលពួកគេខិតខំដាំដុះកន្លងមក មុនរដូវភ្លៀងបានមកដល់។
ជាទួទៅយើងឃើញប្រជាជនខ្មែរ នាំគ្នាលេងល្បែងប្រជាប្រិយផ្សេងៗតាម ទីធ្លាសាធរណៈ ឬតាមអារាមនានា។ នៅក្នុងខេត្តបាត់ដំបង ក៏ដូចជាខេត្តដទៃទៀតដែរ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺនៅផ្លូវទៅ ប្រាសាទឯកភ្នំ យើងឃើញមានមនុស្សជាច្រើនកុះករ ដែលភាគច្រើនជា យុវវ័យនាំគ្នាជិះរថយន្តម៉ូតូ ដើម្បីទៅលេងជះទឹក ប៉ាតម្សៅ និងរាំលេងកម្សាន្ត នៅតាមដងផ្លូវយ៉ាងរីករាយ។ សម្លេងហ៊ោកញ្ចៀវយ៉ាងកងរំពងក្នុងសំលៀកបំពាក់ទទឹកជោគជាំ ផ្ទៃមុខពោពេញ ដោយម្សៅ គឺបានបញ្ចាក់ពីក្តីរីករាយ ដែលអ្វីទាំងអស់នេះ បានទាក់ទាញ មនុស្សម្នា នៅតាមបណ្តាខេត្តផ្សេងៗ ដើម្បីមកកម្សាន្តនៅទីនោះ។ មានមត្តិខ្លះយល់ថា ការលេងរបៀបនេះ វាជាការចម្លងវប្បធម៌ ប្រទេសជាតិខាងដែលជាហេតុ ធ្វើឲ្យធ្លាក់ចុះនូវវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរ។
តែបើយោងទៅតាមមតិភាគច្រើននៅក្នុងតំបន់នេះយល់ថា វាអាចនឹងខុស តែវាក៏អាចជួយឲ្យមានកំណើនភ្ញៀវទេសចរណ៍ ក្នុងស្រុកមកលេងកម្សន្ត នៅក្នុងខេត្តបាត់ដំបង ហើយករណីមានជម្លោះ ឬគ្រោះថ្នាក់ចរាចណ៍ គឺពុំសូវមានផងដែរ ព្រោះថា អាជ្ញាធរមានសមត្ថកិច្ច បានចុះប្រតិបត្តិការណ៍ រាល់សកម្មភាព ដែលខុសប្រក្រត្តីជាប្រចាំ នៅតាមដងផ្លូវនានា។ ការលេងបែបនេះ វាមិនមែនមានលក្ខណៈទូទៅ ទាំងស្រុងក្នុង ខេត្តបាត់ដំបង នោះទេ នេះគ្រាន់ តែជាការនិយម លេងក្នុងតំបន់ មួយចំនួនតែប៉ុន្នោះ ហើយវាជាការ និយមលេង បែបនេះ ជាច្រើនឆ្នាំ កន្លងមកហើយដែរ៕