រាជធានីភ្នំពេញ : ក្រសួងសុខាភិបាល បានប្រកាសច្រានចោលសាជាថ្មី ចំពោះបណ្ដាញទំនាក់ទំនងសង្គមនឹងសារព័ត៌មានក្នុងស្រុកមួយចំនួនដែលបានចុះផ្សាយ បន្ទាប់ពីតារាសម្ដែង ស្វែង សុជាតា បានអះអាងថា ថ្នាំបន្សាបសារជាតិញៀនរបស់ប្ដីក្មេងនាង ត្រូវបានក្រសួងទទួលស្គាល់ និងថា ក្រសួងបានចុះពិនិត្យរួចរាល់ហើយ។
យោងតាមសេចក្ដីបំភ្លឺ ចុះថ្ងៃទី៧ ខែមេសា ក្រសួងសុខាភិបាល បានហៅ ការចុះផ្សាយព័ត៌មាននេះ ជាការបំភ្លើសបោកប្រាស់មហាជន សរសេរគ្មានការពិត ដោយក្រសួងសុំបដិសេធទាំងស្រុង។ កន្លងមក ក្រសួងបានឲ្យក្រុមការងារចុះទៅស្រាវជ្រាវផ្ទាល់ និងជួបជាមួយគ្រូក្មេង ដែលជាស្វាមីអ្នកនាង ស្វែង សុជាតា ហើយពួកគេបានយល់ព្រមបញ្ឈប់ និងដករាល់ការផ្សព្វផ្សាយព្រមទាំងបានចុះកិច្ចសន្យាជាមួយក្រសួងផងដែរ។ ជាមួយគ្នានេះក្រសួងសុខាភិបាល ក៏បានព្រមានចាត់វិធានការទៅតាមច្បាប់ជាធរមាន រាល់ឱសថណាដែលមិនមានមូលដ្ឋានបច្ចេកទេសត្រឹមត្រូវក្នុងការផលិត។ ក្នុងនោះក្រសួងបានអំពាវនាវ ឲ្យប្រជាជនទាំងអស់ស្វែងរកការព្យាបាល ជាមួយគ្រូពេទ្យដែលមានជំនាញ និងមានការបណ្ដុះបណ្ដាលត្រឹមត្រូវ តាមមូលដ្ឋានសុខាភិបាល។
សូមបញ្ជាក់ថា កន្លងមកក្រសួងសុខាភិបាល ធ្លាប់បានធ្វើការបដិសេធ និងធ្វើសេចក្ដីជូនព័ត៌មានម្ដងរួចមកហើយ បន្ទាប់ពីមានព័ត៌មានចុះផ្សាយថា «ស្វែង សុជាតា លក់ថ្នាំផ្ដាច់គ្រឿងញៀន ផ្សំដោយប្ដីក្មេងជាគ្រូឱសថ» ផ្សំឡើងដោយរុក្ខជាតិដុះនៅតាមព្រៃភ្នំនោះ៕