ពលរដ្ឋ​ខ្មែរ​ជំពាក់​លុយ​ធនាគារ​ច្រើន ជា​រឿង​ល្អ ឬ​អាក្រក់​?

, , Leave a comment

05-4-2017 (1)

​បើ​យើង​និយាយ​ពី​ជាង​២០​ឆ្នាំមុន ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​មានការ​ខ្មាសអៀន​នឹង​ការខ្ចី​បុល ខ្ចីលុយ​កាក់ ឬ​ចងការ​ប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ណាស់​។ ព្រួយបារម្ភ​ដោយសារតែ​ខ្លាច​គេ​ដឹង គឺ​ខ្មាស​គេ ឬក៏​ខ្លា​ចអន់ ខ្លាច​គេ​ចំអក​ថា ដើរ​ជំពាក់​តែ​លុយ​គេ មិន​គិត​ខិតខំ​រកស៊ី​ជាដើម​។​

 

​ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​ប្រទេស​ជឿនលឿន​ដែល មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង ដូចជា អាមេរិក ជាដើម ពលរដ្ឋ​គេ​ភាគច្រើន នរណា​ក៏​ជាប់បំណុល​ធនាគារ ឬ​រដ្ឋ នោះដែរ​។ កម្ចី​ដែល​គេ​ខ្ចី​គឺ ប្រើប្រាស់​នៅក្នុង​ការពង្រីក​អាជីវកម្ម មុខ​ជំនួញ ក៏ដូចជា​ការវិនិយោគ​ផ្សេងៗ ក្នុងន័យ​បង្កើន​អាជីវកម្ម​ពួកគេ​កាន់តែ​រីកចម្រើន​ខ្លាំង​។​

 

​ងាក​មក​និយាយ​ពី​ប្រទេស​កម្ពុជា រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ​វិញ មាន​ប្រជាពលរដ្ឋ​រាប់លាន​នាក់​ដែល​កំពុងតែ​ជាប់ជំពាក់​បំណុល​ធនាគា​រ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​អង្គការ​ចងការ​ប្រាក់​ក្រៅ​ប្រព័ន្ធ​ជាច្រើន​។ និន្នាការ​នេះ​មើលទៅ​ប្រជាពលរដ្ឋ​ខ្មែរ​ទំនងជា​លែង​ខ្លាច​ខ្មាស​គេ ខ្លា​ចអន់ ដូច​ទៅនឹង​អ្វីដែល​ពួកគេ​នឹកគិត​ឃើញ​កាលពីមុន​ទៀតហើយ​។​

 

​ក្រុម​អ្នកជំនាញ​នៅក្នុង​ហិរញ្ញវត្ថុ​បាន​លើកឡើងថា ដើម្បី​ដើរ​ឲ្យ​ទាន់​ទៅនឹង​ស្ថានភាព​សេដ្ឋកិច្ច​ក៏ដូចជា​ការអភិវឌ្ឍ ប្រទេស​ដែល​កំពុងមាន​ការរីក​ចម្រើន ប្រជាពលរដ្ឋ​ម្នាក់ៗ​ខិតខំ​ប្រកួតប្រជែង​គ្នា​ទៅលើ​ការរកស៊ី បើក​ក្រុម​អាជីវកម្ម​ថ្មីៗ ពង្រីក​ក្រុមហ៊ុន និង​ធ្វើ​ការផ្លាស់​ប្តូរជីវិត​ឲ្យ​ទាន់សម័យ​ស៊ី​វិ​ល័យ​ជាដើម​។ ទាំងអស់​នេះហើយ សុទ្ធតែជា​រឿង​ចាំបាច់ ដែល​ត្រូវការ​ដើមទុន និង​កម្ចី ដើម្បី​បើក​អាជីវកម្ម និង ពង្រីក​អាជីវកម្ម​របស់​ពួក​ឲ្យ​កាន់​តែមាន​ភាពរឹងមាំ​។​

 

​ដូច្នេះ ដើម្បី​ពង្រីក​អាជីវកម្ម បើក​អាជីវកម្ម ក៏ដូចជា​ការរៀបចំ​ជីវិត​គ្រួសារ​ឲ្យ​បាន​សមរម្យ (​ទិញ​ផ្ទះ ទិញ​ដី​) ពួកគេ​មិនអាច​មើលរំលង​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នោះទេ​។ ហើយ​ការដែល​ពលរដ្ឋ​អាច​ខ្ចីលុយ​ពី​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន លុះត្រាតែ​យើង​មានលទ្ធភាព​សង​ត្រឡប់ និង​គោរព​លក្ខខណ្ឌ​បាន​ត្រឹមត្រូវ​។​

 

​ជាក់ស្តែង​គិត​ត្រឹម​ឆ្នាំ​២០១៥ ទំហំ​ប្រាក់កម្ចី​នៅ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ដែល​បានផ្តល់ ទៅ​ឲ្យ​ពលរដ្ឋ​នៅ​កម្ពុជា​បាន​កើន​ដល់​ជាង ១៥​ពាន់​លាន​ដុល្លារ ដោយមាន​ប្រជាពលរដ្ឋ​ខ្ចីប្រាក់​កម្ចី សរុប​២​លាន​៥​សែន​នាក់​។​

 

​ទំហំ​ប្រាក់កម្ចី​នេះ​បាន​កើន​ដល់​ជាង​៨០​ភាគរយ​នៃ​ទំហំ​សេដ្ឋកិច្ច​របស់​កម្ពុជា ផលិតផល​ក្នុងស្រុក​សរុប GDP ដែលមាន​ទឹកប្រាក់​ជាង ១៦​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៥​កន្លងមកនេះ​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​ខាង​ធនាគារជាតិ​នៃ​កម្ពុជា គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៥​។​

 

​ដោយឡែក​ក្នុង​ឆ្នាំ​២០១៦ ទ្រព្យសកម្ម​សរុប​នៅក្នុង​ប្រព័ន្ធ​ធនាគារ​ទាំងអស់​បាន​កើន​ដល់​ជាង​២៧ ពាន់​លាន​ដុល្លារ​អាមេរិក កើន ១៧​ភាគរយ​។ ក្នុងនោះ ប្រាក់កម្ចី​ដែល​ពលរដ្ឋ​ខ្មែរ​បាន​ជំពាក់​ធនាគារ និង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មានការ​កើនឡើង​ដល់​ទៅ ១៧ ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​ប្រាក់​បញ្ញើ​មាន​កើន ១៥ ពាន់​លាន​ដុល្លារ​។

 

​ខ្ចីបុល​មិនអាក្រក់​ទេ ឲ្យ​តែ​បម្រើ​ដល់​ការពង្រីក​អាជីវកម្ម​ឲ្យ​កាន់តែ​លូតលាស់​
​ក្រុម​អ្នកជំនាញ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ បាន​អះអាងថា ការខ្ចី​បុល ឬ​ចងការ​ប្រាក់​ពី​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ វា​មិនបាន​បង្ហាញ​ពី​ភាពអន់ថយ​នៅក្នុង​សេដ្ឋកិច្ចជាតិ​នោះទេ ផ្ទុយទៅវិញ​វា​បានបង្ហាញ​ពី​ភាព​រីកចម្រើន​នៃ​ប្រទេសជាតិ​។

 

​ម្យ៉ាងវិញទៀត ការខ្ចីប្រាក់​ពី​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ វា​មិនមែន​ជាការ​ខ្មាសអៀន ឬ​ខ្លា​ចអន់​អី​នោះទេ បើ​យើង​ចង់​អភិវឌ្ឍ​ខ្លួន​យើង អាជីវ​ភាព​យើង​ឲ្យ​មានការ​រីកចម្រើន​យូរអង្វែង យើង​ត្រូវតែ​ស្វែងរក​ប្រភព​ហិរញ្ញវត្ថុ ប្រាក់កម្ចី និង​ជំនួយ ប៉ុន្តែ ត្រូវ​ចាំ​ថា កម្ចី​នោះ​យកទៅ​ប្រើប្រាស់​ចំ​គោលដៅ​។ អ្នកជំនាញ​សេដ្ឋកិច្ច​មួយចំនួន​បាន​យល់ឃើញថា បើ​មិនមាន​បំណុល ក៏​មិន​ការរីកចម្រើន​នោះដែរ​។​

 

​បើ​យោងតាម​លោក​ឧកញ៉ា ហួត អៀង តុង ប្រធាន​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ​បាន​ប្រាប់​ឲ្យ​ដឹងថា សន្ទុះ​នៃ​ការកើនឡើង​នៃ​ប្រាក់កម្ចី មិនមែនជា​រឿង​អាក្រក់​ទេ ការកើនឡើង​ឥណទាន​នេះ វា​ជា​រឿង​ល្អ​។ លោក​បន្តថា ជារួម លោក​មើលឃើញថា​តម្រូវការ​ស្វែងរក​ប្រាក់​កម្ចី​ពី​ប្រជាពលរដ្ឋ​មានការ​កើន ខ្លាំង​ដើម្បី​ប្រកប​អាជីវកម្ម​ផ្សេងៗ​។ ហើយ​នៅពេលដែល​សេដ្ឋកិច្ច​កាន់តែ​មានការ​រីកចម្រើន​ខ្លាំង ប្រជាជន​ចាំបាច់​ត្រូវការ​ដើមទុន​សម្រាប់​ប្រកបមុខរបរ​របស់ខ្លួន​។​

 

​លោក​ឧកញ៉ា ហួត អៀង​តុង បញ្ជាក់ថា ការដែល​កើនឡើង​ខ្លាំង​នៃ​ប្រាក់កម្ចី​របស់​ប្រជាពលរដ្ឋ​ទៅ​ប្រកប អាជីវ​កម្មនេះ វា​ជួយ​ជំរុញ​ឲ្យ​មានដំណើរ​ការ​សេដ្ឋកិច្ចជាតិ​ផងដែរ​។​


​ដូច្នេះ​ការដែល​ខ្ចីលុយ​ពី​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ វា​មិនមែន​ធ្វើ​យើង​អន់ ឬ​ខ្មាស​គេ​នោះទេ ប៉ុន្តែ យើង​ដូរ​ពី​ការ​ខ្ចីលុយ​គេ ដើម្បី​ពង្រីក​មុខរបរ អាជីវកម្ម​របស់​យើង​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​។ អ្នកជំនាញ​ហិរញ្ញវត្ថុ​បាន​អះអាងថា ត្រូវ​ប្រើប្រាស់​ប្រាក់កម្ចី​ពី​ធនាគារ​និង​ហិរញ្ញវត្ថុ ឲ្យ​ចំ​គោលដៅ ទើប​មិន​ជួប​ហានិភ័យ​៕

05-4-2017

​ប្រភព ៖ cambonomist.com

 

Leave a Reply

(*) Required, Your email will not be published