ហេតុតែ​ស្រឡាញ់ សុខចិត្ត​ធ្វើជា​ប្រពន្ធចុង ត្រូវ​ម្តាយ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​ទាំង​៣​នាក់​

, , Leave a comment

​ខេត្ត​ប៉ៃលិន : បណ្តឹង​ពី​ការ​បង្ខាំង​ទុក​ដើម្បី​ធ្វើការ​ជួញដូរ​មនុស្ស បានក្លាយ​ទៅជា​រឿងរ៉ាវ​ខឹង​កូនស្រី​ស្ម័គ្រ​ធ្វើ​ប្រពន្ធចុង​បុរស​ម្នា​ក់ដោយ​សុខចិត្ត​ទៅ​រស់នៅ​ជាមួយ​ស្ត្រី​ជា​ប្រពន្ធដើម​ក្រោម​ដំបូលផ្ទះ​តែមួយ​។ ដោយសារ​ទង្វើ​កូនស្រី​បែបនេះហើយ ទើប​ឪពុកម្តាយ​របស់​នាង​បាន​ប្តឹង​ពីបទ​បង្ខាំង​ទុក​កូនស្រី​របស់ខ្លួន​ទៅវិញ​។​

 

​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា បន្ទាប់ពី​ទទួលបាន​ដំណឹង​ថា មាន​ករណី​បង្ខាំង​ទុក​ក្នុង​បំណង​ជួញដូរ​មនុស្ស​ខុសច្បាប់ នៅ​ល្ងាច​ថ្ងៃទី​១២ ខែមីនា កម្លាំង​ស្នងការរង​នគរបាល​ខេត្ត​ទទួល​ផែន​ប្រឆាំង​ការជួញដូរ​មនុស្ស ចុះបង្ក្រាប​ភ្លាមៗ ។ ការបង្ក្រាប​នេះ គឺ​ក្រោយពេល​ទទួល​ព័ត៌មាន​ថា នៅក្នុង​ខេត្ត​ប៉ៃលិន មាន​ករណី​នាំ​មនុស្ស​ចេញ​មិន​ស្របច្បាប់ និង​ចាប់​បង្ខាំង​ទុក​ក្មេងស្រី​អាយុ​១៦​ឆ្នាំ​ម្នាក់ នៅ​ភូមិ​ថ្មី ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ចុះទៅ​ឃាត់ខ្លួន​សង្ស័យ​ឈ្មោះ ហ៊ី​វ វណ្ណា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​។​

 

​ប្រភពព័ត៌មាន​ដដែល​បាន​បន្តទៀតថា នៅក្នុង​ការស្រាវជ្រាវ កម្លាំង​ជំនាញ​បាន​ជួប​ស្ត្រី​២​នាក់​គឺ ឈ្មោះ លន់ និមល អាយុ​២០​ឆ្នាំ និង​ឈ្មោះ ជុំ ចន្ទ្រា អាយុ​២៨​ឆ្នាំ ។ លុះ​ធ្វើការ​សាកសួរ ក៏​ដឹងថា ស្ត្រី​ឈ្មោះ លន់ និមល គឺជា​ប្រពន្ធដើម​របស់​ឈ្មោះ ហ៊ី​វ វណ្ណា ឯ​ស្ត្រី​ឈ្មោះ ជុំ ចន្ទ្រា ជា​ប្រពន្ធចុង គឺ​ពួកគេ​ស្ម័គ្រ​នៅ​រួមគ្នា​ដេក​គ្រែ​តែមួយ​រួមគ្នា​។​

 

​ប្រភពព័ត៌មាន​បន្តថា ជា​ចម្លើយ​របស់​ស្ត្រី​ទាំង​២​នាក់ ពុំ​ពិត​ដូច​ពាក្យបណ្តឹង​ទៅ​អគ្គព្រះរាជអាជ្ញា​រង​នៃ​សាលាឧទ្ធរណ៍​ទេ គឺ​ពួកគេ​បាន​ស្រឡាញ់គ្នា និង​រស់នៅ​ជាមួយ​បុរស​នោះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ។ ដោយឡែក​ស្ត្រី​ឈ្មោះ ជុំ ចន្ទ្រា អះអាងថា ពុំមាន​នរណាម្នាក់​ចាប់​បង្ខាំង​រូបនាង​ទុក​នោះឡើយ ។​

 

​សំណុំរឿង​ស្ត្រី​២​នាក់​យក​បុរស​ម្នាក់​ធ្វើជា​ប្តី​នេះ បាន​កើតឡើង​ដោយសារ​ម្តាយ​នាង ជុំ ចន្ទ្រា ខឹងសម្បា​នឹង​កូនស្រី ដោយ​មូលហេតុ​ហៅ​នាង​ត្រឡប់ទៅផ្ទះ​វិញ​មិន​ព្រម ដោយ​នាង​ស្ម័គ្រចិត្ត​ធ្វើជា​ប្រពន្ធចុង​បុរស​រូបនោះ ទោះ​មាន​ប្រពន្ធ​រួចហើយ​ក្តី ។​

 

​ទោះបីជា​យ៉ាងណាក៏ដោយ បច្ចុប្បន្ន​នាង​រស់នៅ​ជាមួយ​ប្តី​និង​ប្រពន្ធដើម ក្រោម​ដំបូលផ្ទះ​តែមួយ​យ៉ាង​សុខសាន្ត ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ៕

15-3-2017 (1) 15-3-2017 (2)

 

Leave a Reply

(*) Required, Your email will not be published