ខេត្តស្វាយរៀង ៖ កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ នៅចន្លោះគីឡូម៉ែត្រ ១៤០-១៤១ រថយន្តរបស់លោកអនុប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀងម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយម៉ូតូមួយគ្រឿង
ដែលបើកបរបញ្ច្រាសទិសគ្នាពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ធ្ងរ បែកក្បាលផុងលលាដ៍ហូរឈាមតាមត្រចៀក និងតាមមាត់ សន្លប់នៅនឹងកន្លែង។ ហើយត្រូវសមត្ថកិច្ចដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាបដើម្បីសង្គ្រោះ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ស្ថិតនៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាបខេត្តស្វាយរៀង ។
បើតាមមន្ត្រីនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា រថយន្តលោក វន វិនណារ៉ា អនុប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង ម៉ាក Ford Ranger ពាក់ស្លាកលេខ រដ្ឋ ១២២-០៤២៨ ពណ៌សបើកបរក្នុងល្បឿនលឿនសង្ស័យស្រវឹងស្រាទាំងថ្ងៃ បានរេចង្កូតទៅបុកម៉ូតូម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០១៦ ក្នុងទិសដៅបញ្ច្រាស យ៉ាងពេញទំហឹង បណ្តាលអោយជនរងគ្រោះមានឈ្មោះ ឡាយ សុខណា អាយុ២១ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅភូមិទទារ សង្កាត់ចេក ក្រុងស្វាយរៀង ប៉ើងខ្ទាតចេញពីម៉ូតូ បោកក្បាលទៅលើថ្នល់បែកក្បាលធ្ងន់ធ្ងរ ហូឈាមតាមត្រចៀកតាមមាត់ សន្លប់នៅនឹងកន្លែង។ ក្រោយមកជនរងគ្រោះត្រូវបានសមត្ថកិច្ច ហៅរថយន្តសាមុយរបស់មន្ទីពេទ្យបង្អែកស្រុកស្វាយទាប មកដឹកបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗដើម្បីសង្គ្រោះ៕