រាជធានីភ្នំពេញ : ស្រីស្អាតខ្ពស់ស្រឡះ សុផា លីនដា ដែលទៅណាមកណាដូចលលកញីឈ្មោលជាមួយ នៅ ស៊ីនឿន នោះ ត្រូវប្រភពសិល្បៈដែលស្និទនឹងកញ្ញាបង្ហើបថា ពេលនេះស្រីស្រស់ ប្រុសសង្ហា រូបនេះកំពុងសន្សំលុយរួមគ្នា ដើម្បីត្រៀមចូលរោងការនៅឆ្នាំ២០១៨ ខាងមុខនេះ ហើយបន្ទាប់ពីចំណងស្នេហ៍នេះមានការគាំទ្រពីចាស់ទុំទាំងសងខាងនោះ។
ប្រភពបានឲ្យដឹងថា កញ្ញា លីនដា ស្រឡាញ់តែ នៅ ស៊ីនឿន ម្នាក់គត់ក្នុងបេះដូង បើទោះជាប្រុសៗ អ្នកមានដែលភាគច្រើនជាលោកឧកញ៉ា តាមចែចង់នាងយ៉ាងណា ក៏នាងមិនបេតីដែរ ព្រោះនាងបានសន្យាជាមួយលោក ស៊ីនឿន ហើយថា ក្រៅពីបណ្ដូលចិត្តអូនមិនយកប្ដីឡើយ។
ថ្លែងទាំងអឹមអៀម លីនដា តារាស្រីស្រស់ខ្ពស់ស្រឡះ បានបង្ហើបថា លោក ស៊ីនឿន មិនប្រាកដថា នឹងក្លាយទៅជាស្វាមីនាងទេ នាពេលខាងមុខនេះ ព្រោះតែនាងបានរាប់អានដូចបងប្រុសអីចឹង។ លីនដា និយាយទាំងលាយឡំសំណើចបែបលាក់លៀមថា ”ខ្ញុំ និងបងស៊ីនឿន ស្និទ្ធស្នាលគ្នាមែន តែជាលក្ខណៈបងប្រុស ប្អូនស្រីតើ…! (សើច)។ មិនដឹងម៉េចដែរ គេចេះតែថា ខ្ញុំនិងគាត់ទាក់ទងគ្នាហ្នឹង? ស្រឡាញ់គ្នាម៉េចទៅ បើពេលហ្នឹងខ្ញុំមិនទាន់ចង់មានសង្សារស្នេហាអីផង ខ្ញុំក៏មិនដឹងថា ត្រូវរៀបការនៅពេលណាដែរ ហើយមនុស្សពិសេសក៏មិនប្រាកដថាជាបងប្រុសហ្នឹងដែរ”។
ការថ្លែងបែបនេះរបស់ស្រីស្អាត សុផា លីនដា ប្រាកដជាធ្វើឲ្យលោក នៅ ស៊ីនឿន ញញឹមបឹទមាត់មិនជិតឡើយព្រោះថា សង្សារគ្នាជាមួយលោកជាច្រើនឆ្នាំមកហើយ តែទីបំផុត លីនដា បែរជាថា ស៊ីនឿន ជាបងប្រុសទៅវិញ? ការវាចារបែបនេះរបស់ស្រីស្អាតសុផា លីនដា ច្បាស់ជាធ្វើឲ្យឧកញ៉ាដែលស្នេហានាងសប្បាយចិត្តឡើងវិញ តែអ្នកសិល្បៈមួយចំនួនបានរឹះគន់កញ្ញាលីនដា ថាឃើញតែលីនដា ឱបថើបស៊ីនឿន ជាចំហរឥឡូវបែរជាថាជាបងប្រុសនោះ គឺពិតជាពូកែសម្ដែងមែន។
សុផា លីនដា ថ្លែងថា ”រឿងស្នេហារៀបការអី ខ្ញុំមិនទាន់ចង់គិតនៅពេលនេះទេ ព្រោះខ្ញុំជាប់ពង្រឹងការងារសិល្បៈឲ្យបានរឹងមាំសិន។ ខ្ញុំនៅមានបំណងមួយទៀត ដែលមិនទាន់បានសម្រេច គឺខ្ញុំចង់បើកហាងសម្អាងការមួយនៅពេលអនាគត ដែលជាក្ដីស្រមៃជាយូរមកហើយ។ ពេលនេះខ្ញុំប្រឹងសន្សំប្រាក់ដើម្បីធ្វើវាឲ្យចេញជារូបរាងនាពេលខាងមុខតែមិនមែនជាការងាយស្រួលឡើយ ព្រោះត្រូវការចំណាយលុយច្រើន ដើម្បីប្រកួតប្រជែងជាមួយគេ។ ពេលបើកសម្អាងការបានហើយ ទើបខ្ញុំអាចគិតគូរពីរឿងផ្ទាល់ខ្លួន តែឥឡូវគ្មានអ្នកពិសេសអីផងគឺមានតែបងប្រុសហ្នឹង…(សើច)”៕