ខេត្តរតនគិរី ៖ មានហេតុការណ៍ភ្ញាក់ផ្អើល ស្រ្តីជាប្រពន្ធដើមម្នាក់ បានតាមទាន់ប្តីមានប្រពន្ធចុង ហើយហក់តោងរថយន្តរបស់ប្តី ស្រាប់តែរបូតដៃ ស្រាប់តែត្រូវឡាន
កិនបាក់ជើងឆ្វេង និងរបួសរលាត់មុខមាត់ធ្ងន់ធ្ងរ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជិត៨យប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៧៨ ត្រង់ចំណុចរង្វង់មូលបឹងយក្សឡោមស្ថិតក្នុងភូមិឡាបូសង្កាត់យក្សឡោម ក្រុងបានលុង។
ក្រោយពីកិនជើងប្រពន្ធបាក់ហើយនោះ លោកប្ដី បានចុះពីលើរថយន្ត មកត្រកងបីប្រពន្ធទាំងអារម្មណ៍ឈឺចាប់និងស្រែកថា«កម្មណាស់» ដោយមិននឹកស្មានថា ប្រពន្ធ របស់ខ្លួនហ៊ានធ្វើដល់ថ្នាក់ មិនគិតពីជីវិតខ្លួនដូចនេះសោះ ។
លោកប្ដី ឈ្មោះ ហេង ឌី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ ម្ចាស់ភាស៊ីបេនឡាន ក្រុងបានលុង រស់នៅភូមិជ័យជំនះ សង្កាត់ឡាសៀក ក្រុងបានលុង បានអះអាងប្រាប់អ្នកសារព័ត៌មានថា គាត់ជាប្តីស្ត្រីរងគ្រោះ ហើយមុនពេលកើតហេតុគាត់ដឹកអតីតប្រពន្ធចុង បំណងយកទៅជិះឡានតាក់ស៊ីនៅផ្លូវបំបែកយក្សឡោម ដើម្បីត្រឡប់ទៅផ្ទះវិញនៅស្រុកបរកែវ ស្រាប់តែប្រពន្ធដើមដឹង ក៏ទូរស័ព្ទឈ្លោះទាស់គ្នាជាមួយគាត់យ៉ាងខ្លាំង ទើបគាត់ឈប់ឡាន រង់ចាំប្រពន្ធដើមមកដល់ ដើម្បីជួបចរចាគ្នាកុំឲ្យឈ្លោះគ្នា ។ពេលប្រពន្ធដើមមកដល់ មានបំណងកុំឲ្យប្រពន្ធដើម ប្រពន្ធចុងឈ្លោះគ្នា គាត់ក៏បើកឡានទៅមុខ ស្រាប់តែប្រពន្ធហក់តោងឡាន តែចៃដន្យដួលចូលកង់ ឡានខាងក្រោយផ្នែកខាងស្តាំ បណ្ដាលឲ្យឡានកិនបាក់ជើងឆ្វេង និងរបួសរលាត់មុខមាត់ធ្ងន់ធ្ងរ ។
បច្ចុប្បន្ន ស្ត្រីប្រពន្ធដើមដែលរងរបួសធ្ងន់កន្លែងប្រអប់ជង្គង់ជើងខាងធ្វេង ថ្លោះឆ្អឹង ត្រូវបានប្តីយកទៅព្យាបាលគ្រួខ្មែរ ស្ថិតនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង តែមិនគ្រោះថ្នាក់ដល់ជិវិតនោះទេ ៕ ដោយ សូវៀត