ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងែទី២២ ខែកុម្ភ: ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចចម្រុះ បើកប្រតិបត្តិការចុះឡោមព័ទ្ធផ្ទះលោក ថាយ ស៊ុនអ៊ី មេប៉ុស្តិ៍ស្រែគរ ក្រោយសង្ស័យថា លំ នៅ ឋានមន្ត្រីនគរបាលរូបនោះជាទីតាំងស្តុកឈើប្រណិតខុសច្បាប់។
សមត្ថកិច្ចដែលបានចុះបង្ក្រាបផ្ទាល់បានឱ្យដឹងថាក្រោយពីមានសេចក្តីរាយការណ៍ពី ពលរដ្ឋផ្ទះលោក ថាយ ស៊ុនអ៊ី មេប៉ុស្តិ៍ស្រែគរ ជាមន្ត្រីនគរបាលនៃស្នងការខេត្តស្ទឹង ត្រែងមានទីតាំងស្ថិតនៅក្នុងភូមិស្រែគរឃុំស្រែគរស្រុកសេសានខេត្តស្ទឹងត្រែង មាន ស្តុកឈើខុសច្បាប់ ពេលនោះកម្លាំងចម្រុះបានចុះឡោមព័ទ្ធ នៅទីតាំងខាងលើនោះភ្លាមៗតែម្តង ហើយក៏បានរកឃើញឈើប្រណីតប្រភេទឈើធ្នង់ ដែលដាក់នៅតាមកម្ពោតព្រៃជាច្រើនកន្លែង ក្នុងបរិវេណផ្ទះរបស់លោកមេប៉ុស្តិ៍ខាងលើ។
សមត្ថកិច្ចដែលចុះបង្ក្រាប បានប្រាប់បន្តឲ្យដឹងទៀតថា មេប៉ុស្តិ៍រូបនេះ មានតួនាទី ទប់ស្កាត់បង្ក្រាបបទល្មើស តែផ្ទុយទៅវិញ បែរជាយកលុយពីបទល្មើស និងរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ផ្ទុយពីច្បាប់ទៅវិញ ហើយ១ខែៗមិនដឹងចំណាយលុយ ញ៉ុកមាត់ថ្នាក់លើប៉ុន្មានម៉ឺនដុល្លារនោះទេ ទើបបានជាយកស្បែកប៉ូលីស ទៅរកស៊ីឈើខុសច្បាប់សុខស្រួលបែបនេះ។
បច្ចុប្បន្នឈើប្រណីតខុសច្បាប់ខាងលើ ដែលមានចំនួន៤៥០ដុំ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការដឹកជញ្ជូនយកមកក្សាទុកនៅថ្នាលបណ្តុះកូនឈើសង្កាត់ក្បាលរមាសស្រែគរដើម្បីចាត់ការតាមផ្លូវច្បាប់៕