ខេត្តតាកែវ : ខណៈពេលដែលមានយុទ្ធនាការដ៏ក្តៅករគុកប្រយុទ្ធប្រឆាំងគ្រឿងញៀន កំពុងតែធ្វើឡើង អ្នកដែលពាក់ព័ន្ធទៅនឹងគ្រឿងញៀន ប្រមាណជាង២រយនាក់ ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារខេត្ត ហើយចំនួនអ្នកទោសដ៏ច្រើននេះ បានធ្វើឲ្យពន្ធនាគារខេត្តតាកែវ ដែលកំពុងមានសភាពចាស់ ហើយទ្រុឌទ្រោម ដែលអាចផ្ទុកអ្នកទោសបានតែជិត៣០០នាក់នោះ បានកើនឡើងអ្នកទោសរហូតដល់ទៅជិត៦០០នាក់ នៅក្នុងពេលបច្ចុប្បន្ននេះ។
លោក អ៊ុន វណ្ណា អភិបាលរងខេត្តតាកែវ បានថ្លែងបែបនេះ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តតាកែវ ក្នុងកិច្ចប្រជុំជាមួយមន្ត្រីពាក់ព័ន្ធទៅនឹងយុទ្ធនាការ ប្រឆាំងគ្រឿងញៀន។លោកអភិបាលរងបានបន្តថា ក្នុងរយៈពេលប្រមាណជាង១ខែនេះ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន សមត្ថកិច្ច បានចុះអនុវត្តន៍ច្បាប់ ដោយបង្ក្រាបបាន ២៩ករណី ឃាត់ខ្លួនជនសង្ស័យបាន ចំនួន ៩១នាក់ រួមនឹងវត្ថុតាងជាគ្រឿងញៀន មធ្យោបាយប្រើប្រាស់ មួយចំនួនទៀត។ តែអ្វីដែលធ្វើអោយយើង មានការព្រួយបារម្ភនោះ គឺកន្លែងឃុំខ្លួនអ្នកពាក់ព័ន្ធគ្រឿងញៀន ព្រោះថា តាមរបាយណ៍ បានអះអាងថា ពន្ធនាគាខេត្ត កំពុងផ្ទុកអ្នកទោស លើសចំណុះ។
លោក គង់ ស៊ីថា ប្រធានពន្ធនាគាខេត្តតាកែវ បានប្រាប់អោយដឹងថា នៅក្នុងយុទ្ធនាការដ៏ក្តៅគគុក នៃការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ សមត្ថកិច្ចបានបង្ក្រាប និងចាប់បញ្ជូនជនសង្ស័យ មកជារៀងរាល់ថ្ងៃ និងជនសង្ស័យមួយចំនួន ត្រូវបានបញ្ជូនទៅ មជ្ឈមណ្ឌលស្តារយុវនីតិសម្បទា ហើយរហតូមកដល់ពេលនេះ ទណ្ឌិត ជនត្រូវចោទ ពាក់ព័ន្ធទៅនឹងគ្រឿងញៀន ដែលកំពុងតែឃុំខ្លួន នៅក្នុងពន្ធនាគារ ខេត្តតាកែវ មានរហតូដល់ជាង ២០០ នាក់ បូករួមទាំងអ្នកទោស ដែលមានទោសបទល្មើស ផ្សេងៗទៀត ធ្វើអោយអ្នកទោស នៅក្នុងពន្ធនាគាខេត្តតាកែវ មានការកើនឡើង ដល់ជិត ៦០០ នាក់៕