យល់ដឹង : យុវវ័យកម្ពុជាមួយចំនួនក្នុងសម័យបច្ចុប្បន្ន ហាក់បីដូចជាមិនសូវព្រួយភ័យ ឬក៏លាក់បាំងនូវក្ដីស្រឡាញ់ រវាងមនុស្សជាទីស្រឡាញ់ ចំពោះមនុស្សដែលនៅជុំវិញខ្លួននោះឡើយ ដោយយុវជនទាំងនោះ មានមូលហេតុមួយចំនួន សមហេតុសមផល ដែលធ្វើឲ្យពួកគេមានទំនុកចិត្ត និងមានភាពជឿជាក់ ចំពោះការបង្ហាញក្ដីស្រឡាញ់ជាសាធារណៈ។
តើមានហេតុផលអ្វីដែលពួកគេអាចបើកចំហនូវក្ដីស្រឡាញ់នៅទីសាធារណៈ? មិត្តអ្នកអានប្រាកដជាចង់ដឹង?
ថ្វីត្បិតតែប្រជាជនខ្មែរ នៅតែប្រកាន់ភ្ជាប់ប្រពៃណីទំនៀមទម្លាប់ក៏ដោយ ក៏ការប្រកាន់នូវប្រពៃណីបុរាណមួយនេះ មិនអាចបង្ខាំងនូវក្ដីស្រឡាញ់ រវាងយុវវ័យប្រុសស្រីសម័យឥឡូវបានដែរ។ ទាំងអស់នេះក៏ព្រោះតែគូស្នេហ៍សម័យទំនើបសព្វថ្ងៃ បានទទួលការអប់រំចំណេះវិជ្ជា តាមបែបចំណេះដឹងសកល ដែលមានលាយបញ្ចូលវប្បធម៌បរទេស និងជាពិសេសការបណ្ដុះបណ្ដាល នៃការប្រើប្រាស់សិទ្ធិបុគ្គល ព្រមទាំងសិទ្ធិស្មើភាពគ្នា ក្នុងធ្វើសកម្មភាព ឬការងារអ្វីមួយរបស់មនុស្សជាទូទៅ។
លើសពីនេះទៅទៀតនោះ កត្តាដែលជំរុញឲ្យយុវជន មានភាពក្លាហានបង្ហាញក្ដីស្រឡាញ់ ដោយបើកចំហបែបនេះ ក៏ព្រោះតែពួកគេមានភាពជឿជាក់ ចំពោះក្ដីស្រលាញ់ស្មោះស្ម័គ្រ ចំពោះគ្នាទៅវិញទៅមក នឹងអាចឈានទៅរកចំណងអាពាហ៍ពិពាហ៍ សម្រាប់ការសម្រេចចិត្តនៃអនាគតរបស់ពួកគេ។ ម្យ៉ាងវិញទៀតការបង្ហាញនូវក្ដីស្រលាញ់ ដោយទូលំទូលាយឥតលាក់លៀមបែបនេះ វាហាក់បង្ហាញភាពពីផ្អែមល្ហែមខ្លាំង ដែលអាចធ្វើឲ្យក្រសែភ្នែកអ្នកដទៃមើលមក ដូចជាច្រណែន បង្អាប់បន្ទោស និងរិះគន់មិនល្អក៏ពិតមែន ក៏ក្ដីស្រឡាញ់រវាងមនុស្សពីរនាក់ ពិតជាមិនបានធ្វើឲ្យនរណាម្នាក់ មានផលលំបាក មានការឈឺចាប់ និងមានគ្រោះថ្នាក់ដោយសារពួកគេនោះឡើយ។
ដូច្នេះជារួម កត្តាដែលធ្វើឲ្យយុវវ័យមានភាពក្លាហាន ហ៊ានដល់ការបង្ហាញក្ដីស្រឡាញ់នោះ គឺមកពីកត្តាការផ្លាស់ប្ដូររបត់សង្គមតាមបែបទំនើប កត្តាការសិក្សាជឿនលឿន រួមទាំងកត្តាសិទ្ធិស្មើភាពជាសកល ដែលយុវជនខ្មែរគួរពិចារណា និងយកនូវអ្វីដែលល្អ ក្នុងការប្រព្រឹត្តឥរិយាបថនានា ឲ្យបានត្រឹមត្រូវ ចំពោះប្រពៃណីវប្បធម៌ និងសង្គមជាតិរបស់ខ្លួន៕
និយាយមកដល់ចំណុចនេះ សារព័ត៌មានកំណើតថ្មី សុំប្រិយមិត្តអ្នកអានថា តើវាល្អ ឬមិនល្អដែលយើងបង្ហាញក្ដីស្រឡាញ់ ដោយបើកចំហ ក្នុងទីសាធារណៈនោះ?