រដ្ឋាភិបាល​ជប៉ុន​ប្រាក់​ជំនួយ​ជាង​២​សែន​ដុល្លារ អភិវឌ្ឍន៍​សហគមន៍​នៅ​កម្ពុជា​

, , Leave a comment

​រាជធានី​ភ្នំពេញ : រដ្ឋាភិបាល​ជប៉ុន បាន​យល់ព្រម​ផ្តល់​ថវិកា​ជាង​២​សែន​ដុល្លារ​អាមេរិក សម្រាប់ធ្វើ​ការអភិវឌ្ឍ​វិស័យ​អាទិភាព​នៅតាម​សហគមន៍​ក្នុងប្រទេស​កម្ពុជា​។ សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា នៅ​ថ្ងៃទី​១០ ខែកុម្ភៈ បាន​ឲ្យ​ដឹងថា ក្រោម​គ្រោងការ​នៃ​កិច្ចសហប្រតិបត្តិការ​ជប៉ុន ជំនួយ​ឧបត្ថម្ភ​ឥត​សំណង សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​(​ជំនួយ​គូ​សាណូ​ណិ​) រដ្ឋាភិបាល​ជប៉ុន បាន​យល់ព្រម​ផ្តល់​ថវិកា​សរុប​២៤៧.៧៣៤​ដុល្លារ​មេ​រិ​ក ដល់​អង្គភាព​ទទួល​ចំនួន​៣ សម្រាប់​អភិវឌ្ឍន៍​វិស័យ​អាទិភាព​នៅតាម​សហគមន៍​។​

 

​សេចក្តីប្រកាស​បញ្ជាក់ថា ថវិកា​ចំនួន​៨២.១៨០​ដុល្លារ សម្រាប់​គម្រោង​បំពាក់​ឧបករណ៍​បរិក្ខា​ពេទ្យ​នៅ​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម ដោយ​អង្គភាព​ទទួល គឺ​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ចម្ការលើ​។ ថវិកា​ចំនួន​៨៣.១៧៥​ដុល្លារ ផ្តល់​ទៅ​ឲ្យ​មន្ទីរ​សុខ​ភិ​បាល​ខេត្តកំពង់ធំ សម្រាប់​គម្រោង សាងសង់​អគារ​ផ្នែក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ស្ទោង​។ ថវិកា​ចំនួន​៨២.៣៧៩​ដុល្លារ ផ្តល់​ទៅ​ឲ្យ​មន្ទីរ​ធនធានទឹក និង​ឧ​ត្តុ​និយម​ខេត្តពោធិ៍សាត់ សម្រាប់​គម្រោង​ស្តារឡើងវិញ​នូវ​ប្រព័ន្ធធារាសាស្ត្រ​បឹង​កន្សែង​។​

 

​កិច្ចសន្យា​ផ្តល់ជំនួយ​នេះ នឹងត្រូវ​ចុះហត្ថលេខា​ដោយ​លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា (HORINOUCHI Hidehisa) ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​តំណាង​អង្គភាព​ទាំង​៣​ខាងលើ​នៅ​ស្ថានទូត​ជប៉ុន នា​ថ្ងៃទី​១៣ ខែកុម្ភៈ​៕

13-2-2017

 

Leave a Reply

(*) Required, Your email will not be published