រាជធានីភ្នំពេញ : សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះ សំណុំរឿងឃាតកម្ម បាញ់សម្លាប់លោក កែម ឡី អ្នកវិភាគនយោបាយ និងសង្គមដ៏ល្បីល្បាញ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ។
លោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់ នៅក្នុងស្តារម៉ាត ស្ថានីយ៍ប្រេងឥន្ធនៈ កាល់តិច ស្តុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ឃាតករបាញ់សម្លាប់ ត្រូវបានចាប់ខ្លួនភ្លាមៗ នៅជិតវត្តស្វាយពពែ បន្ទាប់ពីរត់គេចខ្លួន ចេញពីកន្លែង កើតហេតុ។ ឃាតករ ត្រូវបានគេស្គាល់ឈ្មោះ ជួប សម្លាប់។
ជនសង្ស័យដែលជា ខ្មាន់កាំភ្លើង បាញ់សម្លាប់លោកបណ្ឌិត កែម ឡី ត្រូវបានលោក សេង លាង ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦។
ជនសង្ស័យដែលជាឃាតករ ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទឃាតកម្ម គិតទុកជាមុន និងបទកាន់កាប់អាវុធគ្មានការអនុញ្ញាត តាមមាត្រា២០០ និង៤៩០ នៃក្រមព្រហ្មទណ្ឌ និងចោទប្រកាន់លើបុគ្គល ដែលបានលក់អាវុធឲ្យជនល្មើសពីបទលក់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា២០នៃច្បាប់ ស្តីពីការគ្រប់គ្រង អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ៕