រាជធានីភ្នំពេញ : នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ ម៉ោង១០ និង៣០ នាទីព្រឹក នៅចំណុចមុខក្រសួងការពាជាតិ ផ្លូវសហព័ន្ធរូស្ស៊ី កម្លាំងនគបាលរាជធានីភ្នំពេញ បានធ្វើការនាំខ្លួន សឿន ចំរើន (ហៅចោមខ្វាន់) តាមដីការនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញលេខ៩៥៧ដចន ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ក្នុង សំណុំរឿងលេខ៣៤៧៤ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីប្រគល់ឲ្យសាលាដំបូងចាត់ការតាមនិតិវិធី បន្ទាប់មកបញ្ជូនទៅមណ្ឌលកែប្រែម២ នៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១១ព្រឹក ។
អ្នកនាង សឿន ចំរើន (ហៅចោមខ្វាន់) ភេទស្រី អាយុ ៣៧ ឆ្នាំ មុខរបរ លក់គ្រឿងសង្ហារឹម ទីលំនៅផ្ទះលេខ២២៩៣០ ផ្លូវណតប្រ៊ីត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបាននាំខ្លួនពីបទឆបោកប្រាក់។
គួររំឭកថា ប្រភពពីក្រុមអាជីវករឈ្មោះ សុខ ស្រីមុំ ភេទស្រី អាយុ២២ឆ្នាំ នឹងឈ្មោះ សុខ សាមឿន ភេទប្រុស អាយុ៤៨ឆ្នាំ អ្នកទាំងពីរនាក់ជាជនជាតិខ្មែរ រស់នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានរៀបរាប់ឲ្យដឹងថា ពួកគាត់ត្រូវបានក្រុមហ៊ុន ហួត សុវណ្ណចំរើន ដោយមានអ្នកស្រី សឿន ចំរើន ( ហៅចោមខ្វាន់ ) បានកុហកយកលុយពីពួកគាត់ចំនួន10.000$ ( មួយម៉ឺនដុល្លារ )។
ពាក់ព័ន្ធក្នុងរឿងរ៉ាវនេះប្អូនស្រី សុខ ស្រីមុំ ដែលជាម្ចាស់សាខា លក់គ្រឿងសង្ហារឹម បានរៀបរាប់បន្តឲ្យបានដឹងថា ដំបូងឡើយអ្នកស្រី សឿន ចំរើន ( ហៅចោមខ្វាន់ ) ម្ចាស់ក្រុមហ៊ុន ហួត សុវណ្ណចំរើន មានទីតាំងផ្ទះជួរនៅម្ដុំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ រាជធានីភ្នំពេញ មានទីលំនៅបច្ចុប្បន្ន ភូមិចាត់តាំង ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានទៅបបួលពួកគាត់ឲ្យទទួលយកគ្រឿងសង្ហារឹម ដាក់លក់បន្តពីក្រុមហ៊ុន ដោយខាងក្រុមហ៊ុន ជាអ្នកផ្គត់ផ្គង់នូវគ្រឿងសង្ហារឹម គ្រប់ប្រភេទ ឲ្យមកខាងសាខាពួកគាត់ តែផ្ទុយទៅវិញក្រោយពីអ្នកស្រី សឿន ចំរើន ( ហៅចោមខ្វាន់ ) ម្ចាស់ក្រុមហ៊ុនរូបនេះ ទទួលយកលុយ ចំនួន10.000$ ( មួយម៉ឺនដុល្លារ ) ពីពួកគាត់រួចមក ឥវ៉ាន់ដឹកមកដាក់ឲ្យពួកគាត់ មិនគ្រប់អ្វីទៅតាមការនិយាយ ដឹកតែរបស់លក់មិនចេញ មកដាក់ឲ្យពួកគាត់ ហើយនៅពេលពួកគាត់ ខលសួរឿងឥវ៉ាន់ម្ដងៗ ត្រូវបានគេស្ដីបន្ទោស ថាឲ្យយ៉ាងចាស់ដៃមកវិញ ដោយគេថា យើងគ្មានសិទ្ធអ្វី មកសួគេជាថៅកែ ឬកុម្ម៉ុងស្រេចតែអំពើចិត្ត បាននោះទេ បើគេដាក់អីឲ្យ គឺយកហ្នឹងទៅ៕