រដ្ឋសភា​សម្រេច​ធ្វើ​វិសោធនកម្ម​រំលាយ​តំណែង លោក កឹម សុខា ពី​ប្រធាន​ក្រុម​មតិ​ភាគតិច​

, , Leave a comment

រាជធានី​ភ្នំពេញ : គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បានកំណត់​ពេលវេលា​បើក​កិច្ចប្រជុំ​វិសាមញ្ញ​នៅក្នុង​អំឡុងពេល​វិស្សមកាល ដើម្បី​ធ្វើ​កែប្រែ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ប្រកាស​៤៨​ថ្មី​(​បី​) ដែល​កំណត់​ពី​តំណែង​ប្រធាន​ក្រុមតំណាងរាស្ត្រ​។​

 

​ប្រកាស​៤៨​ថ្មី​(​បី​) នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា បានកំណត់​ឲ្យ​មាន​ប្រធាន​ក្រុមតំណាងរាស្ត្រ​មតិ​ភាគតិច និង​ប្រធាន​ក្រុមតំណាងរាស្ត្រ​មតិ​ភាគច្រើន ធ្វើជា​ដៃគូ​សន្ទនា​ដោះស្រាយ​បញ្ហា​ជាតិ បញ្ហានយោបាយ ជាដើម​។ ប្រធាន​ក្រុម​សភា​ភាគតិច មាន​ឋានៈ​ស្មើនឹង​នាយករដ្ឋមន្ត្រី និង​ជា​គូសន្ទនា​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​ទាក់ទង​ទៅនឹង​បញ្ហា​ប្រទេសជាតិ​។​

 

​លោក ឈាង វុន សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹងថា រដ្ឋសភា​បានសម្រេច​យក​ថ្ងៃទី​៣១ ខែមករា ដើម្បី​ប្រជុំ​ធ្វើ​វិសោធនកម្ម​ប្រការ​៤៨​ថ្មី​(​បី​) នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ដែល​កំណត់​ពី​ការតែងតាំង​តំណែង​ប្រធាន​ក្រុមតំណាងរាស្ត្រ​មតិ​ភាគតិច និង​ប្រធាន​ក្រុមតំណាងរាស្ត្រ​មតិ​ភាគច្រើន​។ ការកំណត់​យក​ពេលវេលា​នេះ​ធ្វើឡើង​តាម​ការសម្រេច​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដឹកនាំ​ដោយ​សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមករា​។​

 

​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី​១៩ ខែមករា បានដាក់​លិខិត​ជា​ផ្លូវ​ការជូន​ប្រធានរដ្ឋសភា លើ​សំណើសុំ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុងរ​ដ្ឋ​សភា​ស្តីពី​ការតែងតាំង​តំណែង​ប្រធាន​ក្រុមតំណាងរាស្ត្រ​មតិ​ភាគតិច និង​ប្រធាន​ក្រុមតំណាងរាស្ត្រ​មតិ​ភាគច្រើន​។​

 

​សំណើ​ធ្វើឡើង​ក្រោយពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​សារ​ពី​ក្រៅប្រទេស​ក្នុងឱកាស​ទៅ​ចូល​រួប​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​ប្រទេស​ស្វី​ស ពី​បំណង​សុំ​រំលាយ​តំណែង​ប្រធាន​ក្រុមតំណាងរាស្ត្រ​មតិ​ភាគតិច និង​មតិ​ភាគច្រើន​នៅ​រដ្ឋសភា ដោយ​សំអាងថា មុខតំណែង​នេះ បាន​នាំ​ដល់​ការបំពាន​ដល់​សិទ្ធិអំណាច​របស់​តុលាការ ខណៈពេល​ក្រុម​បក្សប្រឆាំង​ទាម ទារ​ការចរចា​សុំ​លែង​អ្នកទោសនយោបាយ​ដែល​កំពុង​ជាប់ឃុំ​ខ្លួន​។​

 

​លោក ឈាង វុន បាន​បញ្ជាក់ថា ការសម្រេច​ធ្វើ​វិសោធនកម្ម​ប្រការ​៤៨​ថ្មី​(​បី​)​នេះ ដោយសារតែ​គណបក្ស​ស​ង្គ្រោះ​ជាតិ​ជ្រើស​យក​យន្តការ​ធ្វើការ​ចរចា​ជាមួយ​ប្រធាន​ក្រុមតំណាងរាស្ត្រ​មតិ​ភាគច្រើន ដែលមាន​សម្តេច​ក្រឡាហោម ស ខេង ជា​ប្រធាន ពី​ការសុំ​ដោះលែង​អ្នកទោស ដែល​វា​ផ្ទុយ ទៅនឹង​ច្បាប់ និង​បំពាន​សិទ្ធិអំណាច​តុលាការ​។​

 

​លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹងថា គណបក្ស​សង្គ្រោះ​ជាតិ មិនដែល​ប្រើប្រាស់​យន្តការ​ជា​ប្រធាន​មតិ​ភាគតិច​នៅក្នុង​រដ្ឋសភា ដើម្បី​រំលោភ អំណាចតុលាការ​នោះឡើយ​។ លោក​ថ្លែងថា «​គណបក្ស​សង្គ្រោះ​ជាតិ មិនដែល​យក​តំណែង​ប្រធាន​មតិ​ភាគតិច​នៅក្នុង​រដ្ឋសភា ដើម្បី​បង្ខំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​ប្រធាន​មតិ​ភាគច្រើន​នៅក្នុង​រដ្ឋសភា ទៅធ្វើ​រឿង​ខុសច្បាប់​នោះទេ​។ យើង​អាចធ្វើ​ទៅបាន​លុះត្រាតែ​មានការ​ឯកភាព​គ្នា​។ ដូច្នេះ​ការនិយាយ​របស់​គណបក្ស​កាន់អំណាច ទុក​ឲ្យ​សាធារណជន​គិតពិចារណា​ទាំងអស់គ្នា​ទៅ​ចុះ​»​។​

 

​តំណែង​ប្រធាន​ក្រុមតំណាងរាស្ត្រ​មតិ​ភាគតិច និង​តំណាង​ប្រធាន​ក្រុមតំណាងរាស្ត្រ​មតិ​ភាគច្រើន បានកើត​ឡើង​តាម​កិច្ចព្រមព្រៀង​នយោបាយ​របស់​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ សម្រាប់​ជា​យន្តការ​ក្នុងការ​ដោះស្រាយ​បញ្ហានយោបាយ និង​ជា​ផលប្រយោជន៍​សម្រាប់​ប្រទេសជាតិ ស្រប​ការចង់បាន និង​គោរព​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​។​

 

​ក្រុមអ្នកវិភាគ​សង្គម និង​នយោបាយ បាន​និយាយថា រំលាយ​តំណែង​នេះ គឺជា​ការបញ្ចប់​វប្បធម៌​សន្ទនា​រវាង​គណបក្សកាន់អំណាច និង​គណបក្ស​មាន​សំឡេង​តិច​នៅក្នុង​រដ្ឋសភា ដែល​នឹង​ទៅដល់​ភាព​តានតឹង នៃ​ការដោះស្រាយ​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច​នៅក្នុង​ប្រទេសជាតិ​។​

 

​គួរបញ្ជាក់​ផងដែរ​ថា បន្ទាប់ពី​អវត្តមាន​ពី​ក្នុងប្រទេស​ជាង​២​ឆ្នាំ និង​ជាប់​បណ្តឹង​ផ្សេងៗ​នោះ តំណែង​របស់លោក សម រង្ស៊ី ជា​ប្រធាន​ក្រុម​ភាគតិច​នៅក្នុង​សភា មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី ត្រូវ​ធ្លាក់​ទៅលើ លោក កឹម សុខា ដែល​ទើបតែ​ត្រូវបាន​សម្តេច ហ៊ុន សែន ស្នើ​ដល់​ព្រះមហាក្សត្រ​ក្នុងការ​លើកលែងទោស​កា​លពី​ចុងឆ្នាំ​២០១៦​។ ប៉ុន្តែ​សម្តេច​តេ​ជោ បាន​ព្រមាន​ដកតំណែង​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​ពី​លោក កឹម សុខា ដែល​អ្នកវិភាគ​យល់ថា មកពី​លោក កឹម សុខា មិន​ព្រម​ថ្កោលទោស លោក សម រង្ស៊ី​៕

24-1-2017

 

Leave a Reply

(*) Required, Your email will not be published