រាជធានីភ្នំពេញ : ជនសង្ស័យម្នាក់ឃើញកម្មការិនីកាត់ដេរដើរនិយាយទូរស័ព្ទតែម្នាក់ឯង ស្រែកសុំថើបមួយខ្សឺត រួចបន្លំឆក់ទូរស័ព្ទបានសម្រេចហើយរត់ឡើងជិះម៉ូតូនាងស្រែកផ្អើលឆោឡោ ប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៣ ខែមករាឆ្នាំ២០១៧នៅចំណុចផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមការបញ្ជាក់របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆន ស្រីមុំ ភេទស្រីអាយុ១៧ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរស្នាក់នៅ ផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យមាន ស្រុកកំ-ណើតនៅភូមិអង្គខ្លី ឃុំតាមែង ស្រុកឈូក ខេត្តកំពត់ ចំណែកទូរស័ព្ទដែលត្រូវជនសង្ស័យឆក់ម៉ាកសាំសុង។ ដោយឡែកជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ណែម សុនលី ភេទប្រុសអាយុ២៧ ឆ្នាំ មុខរបជាងដែកស្នាក់នៅផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមការរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរួបនាងបានដើរទៅបញ្ចូលចម្រៀងនៅក្នុងទូរស័ព្ទនៅជិះបន្ទប់ជួលក្នុងផ្សារទួលពង្រ។ បន្ទាប់ពីបញ្ចូលរួចរាល់ហើយនាងបានដើរតែម្នាក់ឯងមកបន្ទប់ជួល វិញដោយដើរបណ្តើរនិយាយទូរស័ព្ទបណ្តើរ ខណៈពេលដើរទៅជិតដល់បន្ទប់ស្រាប់ តែមានជនសង្ស័យម្នាក់ ជិះម៉ូតូសង់កូរ៉េ ពណ៌ស្លាទុំ បានឈប់នៅក្បែរនោះហើយបានចុះពីលើម៉ូតូ ដើរមកតាមនាង និងបាននិយាយសុំនាងថើបមួយខ្សឺត ដោយសារតែនាងជាប់និយាយទូរស័ព្ទ ក៏ស្រាប់តែជនសង្ស័យរូបនោះបានឆក់យកទូរស័ព្ទ ពីដៃហើយរត់ទៅយកម៉ូតូជិះរត់បម្រុងរត់គេច ត្រូវនាងស្រែកថាចោរៗ ធ្វើឲ្យប្រជាពលរដ្ឋដែលនៅក្បែរដេញចាប់បាន ហើយវាយទ្រមខ្លួនទើបប្រគល់អោយសមត្ថកិច្ច។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចយកទៅប៉ុស្តិ៍នគរបាល ចោមចៅធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ពោធិ៍សែនជ័យ ចាត់ការតាមច្បាប់៕