រាជធានីភ្នំពេញ : ចន ច័ន្ទលក្ខិណា ដែលបែកធ្លាយរឿងស្នេហាជាមួយអ្នកជំនួញទ្រព្យស្តុកលោក ហេង ឡុង ហៅរ័ត្ន ជាង២ឆ្នាំនេះ មិនមានដំណឹងជាក់លាក់ពីរឿងរៀបការឡើយ រហូតមកដល់ពេលនេះ បើទោះជាអ្នកទាំង២មើលទៅហាក់ដូចជាចិត្តមួយថ្លើមមួយទៅហើយក្តី តែមិនព្រមដឹកដៃគ្នាក្រាបផ្ទឹមឡើយ។ ការដែលស្នេហាកាន់តែផ្អែមល្ហែម តែមិនឮសូរភ្លេងការបែបនេះហើយ ទើបថ្មីៗនេះ មានព័ត៌មានថា អតីតប្តីអ្នកនាងចន ច័ន្ទលក្ខិណា គឺលោកយុត្ថារ៉ា ឆាន្នី បានជាជំរុញឱ្យលក្ខិណា រៀបការឱ្យបានលឿនកាលណា កាន់តែល្អ កាលហ្នឹង។
បើតាមព័ត៌មានពីបុគ្គលិកប៉ុស្តិ៍បាយ័ន បានឱ្យដឹងថា លោកយុត្ថារ៉ា ឆាន្នី ធ្លាប់បានជួបលោកហេង ឡុង ញ៉ាំអាហារជុំគ្នា ដែលមានការរាប់អានគ្នា ដូចជាមិត្តភក្តិអីចឹង ហើយលោកឆាន្នី ថែមទាំងជំរុញលោក រ័ត្ន រៀបការជាមួយអតីតប្រពន្ធលោកត្រឹមត្រូវ តាមប្រពៃណីខ្មែរទៀតផង។
ប្រភពដដែលបានបន្ថែមទៀតថា ធ្លាប់សួរលោកឆាន្នី តើមានអារម្មណ៍ម៉េចដែរ បើចន ច័ន្ទលក្ខិណា រៀបការជាមួយលោករ័ត្ន នោះ។ លោក ឆាន្នី ថា ល្អតើ! ចង់ឃើញពួកគេរៀបការដែរ ហើយលោកនឹងទៅចូលរួមបើមានការអញ្ជើញ។ ចន ច័ន្ទលក្ខិណា បានចាប់ដៃជាមួយលោកយុត្ថារ៉ា ឆាន្នី ជាប្តីប្រពន្ធជាង១៧ឆ្នាំ ចំណងស្នេហ៍ក៏រលត់ត្រឹមឆ្នាំ២០១៤ ដោយបន្សល់នូវចំណងដៃកូនស្រីម្នាក់យ៉ាងស្រស់ស្អាត ឈ្មោះ នី ចិន្តាចូលី។
អំឡុងពេលដែលអ្នកនាងចន ច័ន្ទលក្ខិណា ភ្ជាប់ស្នេហ៍ជាមួយលោក រ័ត្ន នេះ លោកឆាន្នី ក៏មានសង្សារថ្មីទៀតដែរ ជានារីខារ៉ាអូខេ សាច់សខ្ចីម្នាក់ អាយុទើប១៩ឆ្នាំ នៅភ្នំពេញថ្មី បន្ទាប់ពីមុននេះឮថា លោកឆាន្នី មានការស្និទ្ធស្នាលជាមួយប្រុសៗយ៉ាងចម្លែកទៀតផង។ ពេលនេះចំណងស្នេហ៍ចន ច័ន្ទលក្ខិណា និងអតីតប្តី គឺនៅសល់តែស្រមោលប៉ុណ្ណោះ ព្រោះអស់និស្ស័យស្នេហ៍ ទើបបានជាក្រឡាប់ចាក់ មករាប់អានគ្នាជាបងប្អូនបែបនេះទៅវិញ ដែលធ្វើឱ្យគូស្នេហ៍ក្នុងពិភពសិល្បៈ កាន់តែច្របូកច្របល់ថែមទៀត។ ការពន្យាពេលចូលរោងការរបស់អ្នកនាង ចន ច័ន្ទលក្ខិណា នាពេលនេះនាំឱ្យប្រុសៗមួយចំនួនដែលធ្លាប់តាមសាសងស្នេហានាងនោះ នៅមិនទាន់អស់ឱកាសឡើយ ព្រោះកំពូលតារាសម្តែងរូបនេះ មិនទាន់ក្លាយជាភរិយាស្របច្បាប់របស់លោក ហេង ឡុង នៅឡើយ។
ប្រភពបានឱ្យដឹងថា ក្នុងចំណោមប្រុសជាច្រើនដែលសុទ្ធតែមានទ្រព្យស្តុកស្តម្ភចាំត្រងស្នេហ៍ ចន ច័ន្ទលក្ខិណា នោះ ក៏មានលោកពោះម៉ាយកូន២ ផ្កាយ៣ ដ៏មានឥទ្ធិពលម្នាក់ ហើយប្រសិនបើអ្នកមេម៉ាយកូន១ រូបនេះ ព្រមផ្តាច់ស្នេហ៍ពីលោក រ័ត្ន នោះ លោកធំនោះនឹងរីករាយទទួលមកត្រកង ថ្នមបីដោយដៃទាំងទ្វេ ព្រោះតាមព័ត៌មានថា មន្ត្រីធំនោះចាប់អារម្មណ៍ខ្លាំងណាស់ ពេលដែលមានព័ត៌មានថា លក្ខិណា ត្រៀមចូលរោងការជាមួយសង្សារថ្មីជាលោក រ័ត្ន នោះ…៕