រាជធានីភ្នំពេញ : អ្នកស្រី ងិន ម៉ានីយ៉ា បានបញ្ចេញសារខ្លីមួយថា ពេលខ្លះអ្នកស្រីលែងចង់រស់ហើយ ដើម្បីបានផុតទុក្ខទាំងឡាយ ខណៈព័ត៌មានពីការឃាត់ខ្លួនរបស់កូនអ្នកស្រីកំពុងបន្តចុះផ្យាយ នៅតាមសារព័ត៌មាននានា។
នៅលើបណ្ដាញសង្គម អ្នកស្រី ងិន ម៉ានីយ៉ា អតីតភរិយារបស់ឯកឧត្តម ថៃ នរៈសត្យា បានបញ្ចេញសារថា "ពេលខ្លះ ចង់ស្លាប់តែម្ដង ឲ្យវាផុតទុក្ខ"។ ជុំវិញសារខ្លីនេះ មិត្តភក្ដិលើបណ្ដាញសង្គមរបស់អ្នកស្រីជាច្រើនបានចូលមកផ្ញើសារ លើកទឹកចិត្ត អ្នកខ្លះជជីកសួររកហេតុផលពិតប្រាកដ។
យ៉ាងណាគេមិនឃើញអ្នកស្រីឆ្លើយតបឡើយ ដោយមិនដឹងថា អ្នកស្រីមានវិបត្តិអ្វីធ្ងន់ធ្ងរឡើយ។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ គឺសារម្ចាស់ខារ៉ាអូខេ ម៉ានីយ៉ា ខេធីវី រូបនេះ ត្រូវបានបញ្ចេញបន្ទាប់ពីព័ត៌មានថា ថៃ នរៈពិទូ ដែលជាតំណក់ឈាមអ្នកស្រីជាមួយឯកឧត្តម ថៃ នរៈសត្យា ទីប្រឹក្សាក្រសួងវប្បធម៌ ត្រូវប៉ូលិសឃាត់ខ្លួនដោយសង្ស័យក្នុងបទពាក់ព័ន្ធគ្រឿងញៀននៅខេត្តបាត់ដំបង តែប៉ុន្មានម៉ោងប៉ុណ្ណោះ។
តាមព័ត៌មាន នៅរសៀលម្សិលមិញនេះ តារាសម្តែង និងជាអតីតហ្វ្រេស៊ីលេខ១ ថៃ នរៈពិទូ និងគូកន៥នាក់ទៀត ដែលក្នុងនោះមាននារីម្នាក់ដែលគេសង្ស័យថាជាភរិយារបស់ខ្លួនផង ត្រូវបានប៉ូលិសខេត្តបាត់ដំបងធ្វើការឃាត់ខ្លួនពាក់ព័ន្ធ នឹងករណីជួញដូរថ្នាំញៀន៕