5បន្ទាប់ពីការឡើងកាន់អំណាចរបស់ពួកប៉ុល ពត អៀង សារី ខៀវ សំផន នួន ជា កាលពីថ្ងៃទី១៧មេសាឆ្នាំ១៩៧៥ មកប្រជាពលរដ្ឋកម្ពុជាសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរនឹងរស់នៅដោយសុខសន្តិភាពនិងការអភិវឌ្ឍន៍ ប៉ុន្តែផ្ទុយទៅវិញរបបអាវខ្មៅមួយនេះបានប្រែក្រឡាស់ និងបានបំផ្លាញចោលសេចក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋកម្ពុជា ដោយចាប់ផ្តើមអនុវត្តគោលនយោបាយបណ្តេញប្រជាពលរដ្ឋកម្ពុជាចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជននានាឲ្យទៅរស់នៅ និងធ្វើស្រែចម្ការនៅតាមតំបន់ភូមិភាគនានាស្ថិតនៅស្រុកស្រែចម្ការ។
ប្រជាពលរដ្ឋកម្ពុជាត្រូវបានដាក់ឲ្យរស់នៅ និងធ្វើការជាក្រុមជាសហករនៅតាមទីជនបទ និងបង្ខំឲ្យស៊ីរួមដេករួម ។ ប្រជាពលរដ្ឋកម្ពុជាជាង២លាននាក់បានស្លាប់បាត់បង់ជីវិតដោយសាការធ្វើទារុណកម្ម ការកាប់សម្លាប់ បាក់កម្លាំង អត់អាហារ និងគ្មានថ្នាំព្យាបាលជំងឺដោយសារតែរបបប៉ុលពតក្នុងរយៈពេល៣ឆ្នាំ៨ ខែ និង២០ថ្ងៃ។ របបប៉ុលពតបានអប់រំតែអំពើហឹង្សាកំហឹងវណ្ណៈ រហូតដល់បងហ៊ានសម្លាប់ប្អូន កូនហ៊ានសម្លាប់ឪពុក ។ ពួកអ្នកធ្លាប់ធ្វើមន្ត្រីរាជការ ឬទាហានពីរបបមុនៗត្រូវគេប្រមូលយកទៅសម្លាប់ទាំងក្រុមៗ គេផ្តាច់កម្មសិទិ្ធមិនឲ្យមានអ្វីៗ ទាំងអស់ក្រៅពីសម្លៀកបំពាក់ជាប់នឹងខ្លួន។ គេបិទមិនឲ្យមានសាសនា មិនឲ្យមានប្រាក់ចាយ និងបង្អត់បាយមិនឲ្យហូបគ្រប់គ្រាន់ ហើយបង្ខំឲ្យធ្វើការធ្ងន់បាក់កម្លាំងដោយការអត់ឃ្លានខ្លាំងពេក សូម្បីតែអាចារ្យក៏ត្រូវដាច់សិលចេះលួច និងចេះសម្លាប់សត្វ។
អង្គការរបស់ប៉ុលពតបានប្លន់យកទាំងស្រុងនូវសមិទិ្ធផលនៃការតស៊ូរបស់ប្រជាជនកម្ពុជាដើម្បីឯករាជ្យ សន្តិភាព និងសេរីភាព ហើយបានបំផ្លាញអស់នូវតម្លៃរបស់មនុស្ស ក៏ដូចជារចនាសម្ព័ន្ធនៃសង្គមជាតិទាំងមូល ។ ប្រជាជនត្រូវបាត់បង់ទាំងស្រុងនូវសិទិ្ធសេរីភាពគ្រប់យ៉ាងត្រូវរស់នៅក្នុងភាពភ័យរន្ធត់ តក់ស្លុត អស់សង្ឃឹម ហើយទទួលរងនូវទារុណកម្ម និងការសម្លាប់រង្គាលនៅក្រោមរបបដ៏ឃោរឃៅនេះ ។ ទឹកដីកម្ពុជាទាំងមូលបានក្លាយទៅជាវាលពិឃាតដែលដិតដាមជោគជាំដោយឈាម និងទឹកភ្នែករបស់ប្រជាជនស្លូតត្រង់ ។ នៅក្នុងកាលៈទេសៈនេះ ប្រជាជនកម្ពុជាត្រូវបានរុញច្រានឲ្យឈានដល់មាត់រណ្តៅនៃគ្រោះរលាយសូន្យ ។ ប៉ុន្តែជាសំណាងល្អក្រុមយុទ្ធជនកម្ពុជាដែលក្លាហានបានសម្រេចរួបរួមគ្នា និងបានបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាមួយនៅថ្ងៃទី២ ធ្នូឆ្នាំ១៩៧៨ នៅស្រុកស្នួលខេត្តក្រចេះ និងបានរំដោះប្រជាពលរដ្ឋខ្មែរ និងប្រទេសជាតិ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត នៅថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩។
ថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបច្ចុប្បន្នត្រូវបានប្តូរឈ្មោះរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលជាអង្គការចាត់តាំងមហានគរមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិនៅក្នុងតំបន់រំដោះនៅភូមិជើងឃ្លូ ឃុំស្នួល នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីតបតទៅនឹងការអំពាវនាវរបស់រណសិរ្សប្រជាជនគ្រប់ទិសទីបាន ក្រោកឈររួបរួមជាកម្លាំងមហាសាមគ្គីជាតិដោយបានទទួលការជួយឧត្តម្ភ យ៉ាងធំធេងពីកងទ័ពស្មគ្រ័ចិត្តវៀតណាម និងការគាំទ្រពីមិត្តភក្តិជិតឆ្ងាយលើសកលលោកផងនោះ ក៏បានវាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យរហូតដល់បានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។
ជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ បានបញ្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា ហើយបើកឡើងនូវសម័យកាលថ្មី ប្រជាជនកម្ពុជាក៏បានទទួលមកវិញនូវសិទិ្ធសេរីភាព និងឱកាសដើម្បីស្តារនិងកសាងមាតុភូមិរបស់ខ្លួនឡើងវិញ។ ប្រជាជនគ្រប់រូបដែលរស់នៅសេសសល់ពីស្លាប់សុទ្ធតែចងចាំជានិច្ចនូវថ្ងៃជ័យជម្នះនេះ ។
ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ថ្នាក់ដឹកនាំរណសិរ្សសាមគ្គីសង្គ្រោះជាតិបានដឹកនាំប្រទេសក្នុងស្ថានភាពដ៏លំបាក ដោយត្រូវកសាងប្រទេសឡើងវិញចាប់ពីលេខសូន្យផង និងការប្រឈមមុខនឹងរាល់ផលលំបាកដ៏ធ្ងន់ធ្ងរ ដែលរបបប្រល័យពូជសាសន៍បានបន្សល់ទុកផង និងត្រូវបានស្ថិតក្នុងកាលៈទេសៈមានសន្តិភាព និងសង្គ្រាមផង ដែលបន្តងើបឡើងក្នុងមហិច្ឆិតាប៉ុនប៉ងវិលត្រលប់មកវិញនៃរបបដ៏ឃោរឃៅនេះ ។ ប៉ុន្តែថ្នាក់ដឹកនាំនៃរណសិរ្សនេះបានតស៊ូពុះពារជម្នះរាល់ឧបសគ្គតូច-ធំទាំងឡាយដោយជោគជ័យធ្វើឲ្យប្រទេសជាតិបានផ្លាស់ប្តូរ រីកចម្រើនជាជំហានៗ ឆ្លងពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀតជាបន្តបន្ទាប់រហូតមានថ្ងៃនេះ ។ ជាប្រវិត្តិសាស្ត្រជាក់ស្តែងបានបង្ហាញយ៉ាងច្បាស់ថា ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះផ្តើមចេញពីជ័យជម្នះ៧មករា ប្រជាជនកម្ពុជាបានសម្រេចស្នាដៃដ៏ធំធេងក្នុងការស្តារកសាង និងការពារជាតិរបស់ខ្លួន ។ ជារួមថ្នាក់នាំរណសិរ្សនេះ បានទប់ស្កាត់នូវការគំរាមគំហែងវិលត្រលប់មកវិញនៃរបបប្រល័យពូជសាសន៍បានស្តារខឿនសេដ្ឋកិច្ច សង្គមកិច្ច និងជីវភាពរបស់ប្រជាជន តាំងពីដំណាក់កាលដែលត្រូវបំផ្លាញខ្ទេចខ្ទីឲ្យឈានមកដល់ដំណាក់កាលដែលមានការអភិវឌ្ឍន៍ជាជំហានៗ។
កម្ពុជាបានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្សធ្វើឲ្យប្រជាជាតិនិងទឹកដីទាំងមូលបានឯកភាពទាំងស្រុងបង្កើតបានជាសន្តិភាពពេញលេញឡើងវិញនៅទូទាំងប្រទេស ។ សិទិ្ធសេរីភាពប្រជាធិបតេយ្យនិងនិតិរដ្ឋកាន់តែត្រូវបានពង្រីកឥតឈប់ឈរ ហើយព្រមជាមួយនោះកិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពជាតិក៏ត្រូវបានស្តារនិងលើកកំពស់ឡើងវិញលើឆាកអន្តរជាតិ ។ ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ គឺជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជាដែលកំពុងគ្រប់គ្រងអំណាចបច្ចុប្បន្ន ហើយជាថ្ងៃប្រវត្តិសាស្ត្រដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមិនអាចបំភ្លេចបានឡើយ ។
ជារៀងរាល់ឆ្នាំគណបក្សប្រជាជនកម្ពុជាដែលគណបក្សគ្រប់គ្រងអំណាច បានប្រារព្ធយ៉ាងគគ្រឹកគគ្រេងនូវខួបថ្ងៃ៧មករា ដែលជាថ្ងៃកំណើតទី២ របស់ជនរួមជាតិ ខ្មែរនិងជាថ្ងៃធ្វើឲ្យកម្ពុជារួចផុតពីរបបវាលពិឃាតដែលសម្លាប់ ជាតិសាសន៍ឯងរាប់លាននាក់ ។ ការប្រារព្ធពិធីនេះបានបង្ហាញឲ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិនឹកឃើញឡើងវិញនូវការឈឺចាប់ និងទុក្ខវេទនានៃការឆ្លងកាត់របបវាលពិឃាតដ៏មហាយង់ឃ្នង ហើយពុំមានពេលណាដែលខ្មែរអាចបំភ្លេចអំពីទុក្ខសោកនៅក្នុងរបបប្រល័យពូជសាសន៍បានឡើយ។ ពួកខ្មែរក្រហមបានកាន់អំណាចចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ហើយបានបង្កឲ្យប្រជាពលរដ្ឋខ្មែរយ៉ាងតិចចំនួន១,៧លាននាក់ស្លាប់បាត់បង់ជីវិត៕