ខេត្តពោធិ៍សាត់ : បុរសម្នាក់តូចចិត្តនឹង នឹងខ្លួនពិការ គ្មានលទ្ធភាពចិញ្ចឹមកូនក៏សម្រេច ចិត្តគិតខ្លីចងកបញ្ចប់ជីវិត ដោយបន្សល់ទុកនូវពាក្យបណ្តាំមួយផ្តាំឲ្យកូនខំប្រឹងរៀនសូត្រ និង កុំលួច របស់ អ្នកដទៃបង្កឲ្យមានការភ្ញាក់ ផ្អើលឡើងកាលពីវេលាម៉ោង១២និង១៥នាទី ថ្ងៃត្រង់ ថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ នៅចំណុច ភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
បុរសរងគ្រោះដែលចងកធ្វើអត្តឃាតនោះ មានឈ្មោះ ខុម ថាល់ អាយុជាង៥០ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខណៈដែលក្រុមគ្រួសារចេញទៅបំពេញការងាររៀងៗខ្លួនអស់ ជនរងគ្រោះបានសំងំនៅលើផ្ទះតែម្នាក់ឯង ដោយគ្មានអ្នកណាម្នាក់ចាប់អារម្មណ៍ ឬនឹកដល់ថា ជនរងគ្រោះអាចនឹងមានគំនិតខ្លី ដល់ ថ្នាក់ចងកសម្លាប់ខ្លួនបែបនេះសោះ។ លុះដល់វេលាម៉ោង ១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃដដែល ខណៈដែលកូនជនរងគ្រោះឡើងទៅដល់លើផ្ទះ ក៏ប្រទះ ឃើញឪពុកចងកស្លាប់បាត់ទៅហើយ ទើបស្រែក ឆោឡោឡើងផ្អើលដល់អ្នកជិតខាងចោមរោម មើល និងទាក់ទងសុំអន្តរាគមន៍ពីសមត្ថកិច្ច តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមក ពិនិត្យដល់ទីតាំងកើតហេតុ និងបានរកឃើញអក្សរដែលជនរងគ្រោះសរសេរនៅលើក្តារខៀនពណ៌សជាប់នឹងជញ្ជាំងក្នុងផ្ទះ ដែលមានខ្លឹមសារទាំងស្រុងថា “កូនខំរៀន ខំរក (កុំលួច) ភ្នែកប៉ាពិបាកមើល រកស៊ីមិនកើត ចិញ្ចឹមកូន មិនបានទៀតទេ កូនមានសំណាងល្អ សូមកូនចេះជួយគ្នា”។
ដោយយោងលើពាក្យបណ្តាំដែលជនរងគ្រោះសរសេរទុក និងដោយផ្អែកតាមស្លាកស្នាម នៅលើខ្លួនសាកសព សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដ មែន។ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ទៅឲ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕