ធី សុវណ្ណ​ថា ត្រៀម​ប្តឹង​ស្រី ចំរើន និង ផែ សុវណ្ណារិទ្ធ ពី​ប្រមាថ និង​ទម្លាយ​ឯកសារ​ឯកជន​

, , Leave a comment

​រាជធានី​ភ្នំពេញ :  ប្រធាន​អង្គការ​យុវជន​កិច្ចការ សង្គម និង​ជា​អតីត​យុវជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា​ធី សុវណ្ណ​ថា បានប្រកាស​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ផ្តាច់ទំនាក់ទំនង​ជាមួយ​លោក ស្រី ចំរើន និង​លោក​ផែ សុវណ្ណារិទ្ធ ដោយ​នាង​ត្រៀម​រៀបចំ​ដាក់ពាក្យ​ប្តឹង​ជន​ទាំងពីរ​រូបនេះ ពី​ប្រមាថ និង​ទម្លាយ​ឯកសារ​ឯកជន​។​

 

​កញ្ញា​ធី សុវណ្ណ​ថា បាន​សេរ​សេរ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា “​ខ្ញុំ​ធី សុវណ្ណ​ថា សូម​ប្រកាស​ឈប់​ទាក់ទង​ជាមួយ​ក្រុម ស្រី ចំរើន និង​ក្រុម ផែ សុវណ្ណារិទ្ធ​។ ហើយ​ខ្ញុំ​បាននិងកំពុង​រៀបចំ​ពាក្យបណ្តឹង និង​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ចាប់ខ្លួន​បុគ្គល​ទាំងនោះ ពីបទ​ប្រមាទ និង​ទម្លាយ​ឯកសារ​ឯកជន​។ ខ្ញុំ​នឹងមិន​ទទួលខុសត្រូវ​ចំពោះ​អ្វីដែល​ពួកគេ​និយាយ​នោះទេ ហើយ​ខ្ញុំ​ក៏​មិនមាន​អ្វីដែល​នឹងត្រូវ​ពាក់ព័ន្ធ​ជាមួយ​ពួកក្រុម​នោះដែរ​។ សូម​បងប្អូន​ជ្រាប​ជា​ព័ត៌មាន​”​។​

 

​ការប្រកាស​អំពី​ការផ្តាច់​ទំនាក់ទំនង​និង​ត្រៀម​ប្តឹង​របស់​កញ្ញា​ធី សុវណ្ណ​ថា ខាងលើនេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ “Srey Chamroeun បានប្រកាស​ទម្លាយ​ឯកសារ​សន្ទនា​ជាង​៤០០​ទំព័រ រវាង​កញ្ញា ធី សុវណ្ណ​ថា និង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​

 

​កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៦ ទំព័រ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដដែល​នោះបាន​សរសេរ​ទៀតថា “​ខ្ញុំស្រី ចំរើន ខ្ញុំ​សម្រេច​ចិត្តនឹង​ទម្លាយ​ឯកសារ​មួយចំនួន ដែល​ទាក់ទង​ទៅនឹង ធី សុវណ្ណ​ថា ក្នុងអំឡុងពេល​មួយរយៈ​នេះ​។ ធី សុវណ្ណ​ថា មាន​តា​ខ្លាំង​ម្នាក់​នៅ​ពីក្រោយ ខ្ញុំ​នឹង​បង្ហាញ​ឯកសារ​ភ័ស្តុតាង​ទាំងនោះ​បន្តិច​ម្តងៗ រហូតដល់​ចប់​។ ចង់​ចាប់​ខ្ញុំ​ដាក់គុក ក៏​ខ្ញុំ​មិន​ខ្លាច​ដែរ​។ ឲ្យ​ខ្ញុំ​សុំទោស​បងប្អូន​ខ្មែរ​ទាំងអស់​ចំពោះ​រឿងរ៉ាវ​មួយរយៈ​កន្លងមកនេះ​”​។ ជាមួយគ្នា​នោះដែរ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដដែល​បាន​សរសេរ​នៅ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៦ បន្ថែមថា “​ធី សុវណ្ណ​ថា មានកូន​មួយ ហើយ​តែ​បែ​ជា​ប្រកែក​ថា​អត់​។ បើ​កូន​ប្រាប់ថា កូន​ទៅ នាង​ឈប់​កុហក់​គេ​ទៅ​។ បើ​ក្មេង​នោះ ធំ​ដឹងក្តី វា​ដឹងថា ម្តាយ​វា​មិន​ព្រម​ទទួលស្គាល់ ថា​វា​ជា​កូន វា​ប្រាកដជា​ឈឺចាប់​គ្មាន​ថ្ងៃ​បំភ្លេច​បានទេ​។ ហ៊ាន​ធ្វើ ត្រូវ​ហ៊ាន​ទទួល បាន​គេ​ហៅថា មនុស្ស​”​។​

គួរ​បញ្ជាក់ថា លោក ស្រី ចំរើន ដែលជា​សកម្មជន​ដ៏​សកម្ម​ម្នាក់​ធ្លាប់​ចេញមុខ​ដឹកនាំ​ធ្វើ បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​តែងមាន​វត្តមាន​នៅតាម​វេទិកា​នានា​ដែល​រៀបចំ​ដោយ​កញ្ញា ធី សុវណ្ណ​ថា មួយរយៈ​កាល​ចុង​ក្រោយនេះ ត្រូវបាន​គេ​ឃើញថា​បាន​សរស​សារ​ឌឺដង​ផ្លែផ្កា​ដាក់​កញ្ញា ធី សុវណ្ណ​ថា ដែល​បង្ហាញ​នូវ​ភាព​ប្រេះឆា នៃ​ទំនាក់ទំនង​ក្នុង​ក្រុម​របស់​ពួកគេ​។​

 

​ដោយឡែក​លោក ផែ សុវណ្ណារិទ្ធ ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នក​ស្និទ្ធ​នឹង​កញ្ញា ធី សុវណ្ណ​ថា ម្នាក់​ដែរនោះ ត្រូវបាន​គេ​អះអាងថា ជា​ម្ចាស់​ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ​ដែល​បាន​ទម្លាយ​សារ​សន្ទនា​ជាង​៤០០​ទំព័រ ដែល​ត្រូវបាន​សង្ស័យថា ជា សារ​សន្ទនា​សម្ងាត់​រវាង​កញ្ញា ធី សុវណ្ណ​ថា នឹង​សម្តេច​ហ៊ុន សែន កាលពីដើម​ខែធ្នូ ឆ្នាំ​២០១៦​។​

 

​ជាការ​កត់សម្គាល់​មុនពេល​កញ្ញា ធី សុវណ្ណ​ថា ប្រកាស​ត្រៀម​ប្តឹង​នៅក្នុង​ហ្វេ​ស​ប៊ុ​ក “Srey Chamroeun” បានប្រកាស​ដឹកនាំ​បាតុក​ម្ម ទាមទារ​ឲ្យ​លោក កឹម សុខា សុំទោស ធី សុវណ្ណ​ថា ដោយ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នោះបាន​សរសេរ​កាលពី​ថ្ងៃ ទី​១៨ ខែធ្នូ ឆ្នាំ​២០១៦ ថា “​យើង​នឹង​ប្រមូលគ្នា​ឲ្យ​បាន​យ៉ាងតិច​១​ម៉ឺន​នាក់ ដើម្បី​ចូលរួម​បាតុកម្ម​តវ៉ា​ទាមទារ​កឹម សុខា សុំទោស ធី សុវណ្ណ​ថា ជា​សាធារណៈ​។ សូម​បងប្អូន​ចូលរួម​”​។​

 

​ចំណែក​កញ្ញា​ធី សុវណ្ណ​ថា បាន​សរសេរ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៦ ថា នាង​ជា​ម្ចាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thy Sovantha សូម​បដិសេធចោល​ទាំងស្រុង​នូវ​គណនី​និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ទាំងឡាយណា ដែល​បាននិងកំពុង​ផ្សព្វផ្សាយ​អំពី​នាង ឬ​អំពី​ព័ត៌មាន​វាយប្រហារ​រាជរដ្ឋាភិបាល ឬ​ព័ត៌មាន​ក្នុងន័យ​វាយប្រហារ​បុគ្គល​ផ្សេងៗ ដែល​កន្លងមក​នាង​បានធ្វើការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត ហើយ​មកទល់​ថ្ងៃនេះ នាង​បាន សង្កេតឃើញ​នៅតែមាន​ការបន្ត​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ទាំងនោះ​ចេញពី​គណនី និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​ដែល​គ្មាន​ការទទួលខុសត្រូវ​មួយចំនួន​។​

 

​កញ្ញា​ធី សុវណ្ណ​ថា បានបញ្ជាក់​នៅក្នុង សំណេរ​នោះ​ថា នាង​ប្រើប្រាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវ​ការដែល​មានការ​ទទួលស្គាល់ Verified ពី​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​តែមួយគត់ ដើម្បី​ចែករំលែក ព័ត៌មាន និង​សម្រាប់​ទំនាក់ទំនង​។ ដូច្នេះ​នាង នឹង​រាយការណ៍​ជូន Facebook ដើម្បី​បិទ​គណនី ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ (Account Fake) ទាំងនោះ​ចោល និង​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​ចាត់វិធានការ​ជាបន្ទាន់​។ ចំពោះ​ព័ត៌មាន​ទាំងឡាយណា​ដែល​មិនបាន​ផ្សព្វផ្សាយ​ចេញពី​គណនី ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​នាង​ដែល​ប្រព្រឹត្ត​ដោយ ជនខិលខូច គឺ​ពួកគេ​នឹងត្រូវ​ទទួលខុស​ត្រូវចំ​ពោះ មុខ​ច្បាប់​៕

26-12-2016 26-12-2016-1 26-12-2016-2 26-12-2016-3 26-12-2016-4

 

Leave a Reply

(*) Required, Your email will not be published