បុរសជនជាតិចិនម្នាក់ដែលតែងឆ្លើយឆ្លងសារតាមទូរស័ព្ទ ច្រើនម៉ោងក្នុងមួយថ្ងៃជាមួយមិត្តស្រីនោះត្រូវបញ្ជូនទៅមន្ទីរពេទ្យធ្វើការ វះកាត់ជាបន្ទាន់ បើមិនដូច្នោះទេបុរសនេះនឹងពិការភ្នែកមួយជីវិត។
ក្រុងឡុងដ៍ : បើតាមការរាយការណ៍ពីប្រទេសចិន បុរសវ័យ២៦ឆ្នាំមួយរូបសម្លឹងមើលអេក្រង់ទូរស័ព្ទរាប់ម៉ោងជា រៀងរាល់ថ្ងៃដើម្បីឆ្លើយឆ្លងសារនឹងមិត្តស្រីនោះត្រូវបញ្ជូនទៅ មន្ទីរពេទ្យធ្វើការវះកាត់ជាបន្ទាន់ ដើម្បីជៀសពីការពិការភ្នែកមួយជីវិត។ បុរសនោះមានរោគសញ្ញាស្រវាំងភ្នែកម្ដងម្កាលដែរ ដែលជាសញ្ញានៃការរបកស្រទាប់រេទីនភ្នែក ជាកន្លែងបញ្ជូនរូបភាពទៅកាន់ខួរក្បាល។
តាមធម្មតាដំណើរ វិវត្តន៍នៃជំងឺងងឹតភ្នែកដោយសារ ការរបកស្រទាប់រេទីនបែបនេះតែងកើត មានលើមនុស្សមានវ័យចន្លោះពី៥០ទៅ៧០ឆ្នាំឯណោះតែក្រុមអ្នក វិទ្យាសាស្ត្របានអះអាងថាអត្រាជំងឺនេះក៏មានការកើនឡើងពីសំណាក់ ក្រុមមនុស្សក្មេង ដោយសារពួកគេប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន និងថេបភ្លីតទំនើបៗរាល់ថ្ងៃនោះ។
លោក យូ ប៊ីន អ្នកឯកទេសភ្នែកចក្ខុប្រសាទបានប្រាប់សារព័ត៌មានចិន Want China Times ថា នេះជាករណីមួយដែលកើតឡើងគួរឲ្យកត់សម្គាល់។ វាអាចកើតមានលើមនុស្សបានមែនប្រសិនបើពួកគេមានទំនាក់ទំនងផ្ទាល់ ច្រើនជាមួយនឹងពន្លឺរបស់ទូរស័ព្ទស្មាតហ្វូនទាំងនោះមែន។
អ្នកឯកទេសចិនរូបនេះបន្តថា ពេលដែលយើងសម្លឹងអេក្រង់ទូរស័ព្ទ ថេបភ្លីត និងកុំព្យូទ័រជាច្រើនម៉ោង ភ្នែករបស់យើងនឿយហត់ដោយសារវាប្រឹងបំពេញតួនាទីមើល វិភាគ និងបញ្ជូនរូបភាពទៅខួរក្បាល។
ដូចគ្នាដែរលោក ដេវិដ អាល់ឡាមប៊ី ម្ចាស់គ្លីនីក Focus Clinics បាននិយាយថា អត្រាម្ញ៉ូបភ្នែកកើនឡើងប្រមាណជា៣៥ភាគរយចាប់តាំងពីមានកំណើត ទូរស័ព្ទស្មាតហ្វូនបានចរាចរណ៍នៅលើទីផ្សាររបស់ខ្លួនកាលពីឆ្នាំ ១៩៩៧មក។ លោកបានធ្វើការប៉ាន់ស្មានថាអត្រានៃជំងឺភ្នែកម្ញ៉ូបនេះនឹងកើនឡើង ដល់ទៅ៥០ភាគ នាអំឡុងពេល១០ឆ្នាំទៅមុខទៀត៕