សង្ឃ​ក្លែងក្លាយ ត្រូវ​អន្តរាយ ក្រោយ​បែក​ពោះ​

, , Leave a comment

ខេត្តបាត់ដំបង : ជនសង្ស័យ​៤​នាក់ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ខណៈដែល​បន្លំ​ធ្វើជា​សង្ឃ​ដើរ​រៃអង្គាស​លុយ នៅតាម​ទីប្រជុំជន​នានា​ក្នុង​ក្រុង​បាត់ដំបង​។ ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៦ ក្នុង​បន្ទប់​ផ្ទះជួល​មួយកន្លែង​ក្នុងភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

 

​ប្រភពព័ត៌មាន​ពី​មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​និយាយថា ជន​ទាំង​៤​នាក់​ដែល​បន្លំ​ខ្លួន​ជាស​ង្ស​នោះ​មាន ១-​ឈ្មោះ​ម៉ៅ ជា អាយុ​៣០​ឆ្នាំ នៅ​ភូមិ​គោក​ជ័រ ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល ២-​ឈ្មោះ​វិត ផល្លា អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ៣-​ឈ្មោះ​លឹម ម៉ៅ អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល និង​៤-​ឈ្មោះ​តូច សារ៉ាត់ ហៅ​តយ អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​អណ្ដូង​ចេញ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​។​

 

​ប្រភព​ដដែល​បាន​បន្តថា ក្រុម​នេះ​តែង​បន្លំ​តែងខ្លួន​ស្លៀកពាក់​ជាស​ង្ឃ ដើរ​សុំ​លុយ​ស្ទើរ​គ្រប់ទិសទី លុះ​មួយរយៈ​ចុងក្រោយ​នេះ ប្រជាពលរដ្ឋ​មានការ​សង្ស័យ ក៏​តាមដាន​ដឹង​ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តាម​ស៊ើបអង្កេត​រហូត​ឈានដល់​ការបង្ក្រាប​តែម្ដង​។ ក្រុម​សង្ឃ​ក្លែងក្លាយ​ទាំង​៤​នាក់ បាន​និយាយ​ក្រោយពេល​ឃាត់ខ្លួន​ថា ពួកគេ​តែង​ចេញ​ធ្វើ​សកម្ម​ភាពជា​រៀងរាល់ថ្ងៃ នៅតាម​ភូមិសាស្ត្រ​នានា នៅក្នុង​ក្រុង​បាត់ដំបង​។ បក្ខ​ពួកនេះ​តែងតែ​ឌុប​ទៅ​កន្លែង​ផ្នូរ​សាកសព​ខាងក្រោយ​វត្ត​ទួ​កតា​ឯក ដើម្បី​ផ្លាស់ប្ដូរ​សម្លៀកបំពាក់ ស្លៀក​ស្បង់​ចីវរ មុនពេល​បែងចែក​គោលដៅ​គ្នា​ចេញ​បិណ្ឌបាត​លុយ​ពី​ប្រជាពលរដ្ឋ តាម​ភូមិ និង​តាម​ទីប្រជុំជន​នានា ក្នុង​ក្រុង​បាត់ដំបង​។​

 

​នៅមុខ​សមត្ថកិច្ច​ក្រុម​សង្ឃ​ក្លែងបន្លំ​នេះ​បាន​បញ្ជាក់ថា ពួកខ្លួន​ក៏​ធ្លាប់​ចេញ​ធ្វើ​សកម្មភាព​តាម​បណ្ដា​ស្រុក​ដទៃទៀត ហើយក៏​ឈានទៅ​កាន់​ខេត្ត​ផ្សេង​ដែរ​។​

 

​ក្រោយ​សាកសួរ និង​ធ្វើ​កំណត់ហេតុ មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​បញ្ជាក់ថា ពេលនេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជន​ក្លែងបន្លំ​ទាំង​៤​នាក់​នេះ និង​រង់ចាំ​គោលការណ៍​ពី​លោកស្នងការ​ខេត្ត ដើម្បី​ចាត់វិធានការ​បន្ត​៕

14-12-2016 14-12-2016-1

 

Leave a Reply

(*) Required, Your email will not be published