រាជធានីភ្នំពេញ : រដ្ឋមន្ត្រីសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញសារាចរមួយបញ្ជាក់ថាក្រសួងមិនអនុញ្ញាតឲ្យប្រើប្រាស់ការព្យួរសេរ៉ូមដោយជិះម៉ូតូឌុបតាមដងផ្លូវសាធារណៈនោះទេ។ ក្នុងសារាចរណែនាំមួយចុះថ្ងៃទី៧ ខែធ្នូ រដ្ឋមន្ត្រីបានបញ្ជាក់ថាកន្លងទៅ នៅតែមានអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលមួយចំនួនមិនទាន់អនុវត្តបានត្រឹមត្រូវនៅឡើយ ដូចជាការព្យាបាលជំងឺដោយដាក់សេរ៉ូមធ្វើដំណើរពីមន្ទីរពេទ្យ(គ្លីនិក) ផ្ទះពេទ្យទៅកាន់ផ្ទះរបស់អ្នកជំងឺ ដោយក្រសួងបញ្ជាក់ថាការប្រតិបត្តិនេះប្រាសចាកពីក្រមសីលធម៌ វិជ្ជាជីវៈពេទ្យ។
ក្រសួងបញ្ជាក់ថា “គ្រប់សេវាព្យាបាល និងថែទាំទាំងអស់ ទាំងសេវាសាធារណៈនិងឯកជន ត្រូវបញ្ឈប់ការដាក់សេរ៉ូម ព្យួរតាមដងផ្លូវសាធារណៈ លើកលែងតែត្រូវពេទ្យព្យាបាលយល់ថា នេះជាករណីសង្គ្រោះបន្ទាន់ក្នុងការបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យដោយមានរថយន្តសង្គ្រោះបន្ទាន់ត្រឹមត្រូវ”។
ក្រសួងសុខាភិបាលក៏បានក្រើនរំឭកឲ្យអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននិងត្រឹមត្រូវនិងយកចិត្តទុកដាក់ចំពោះអ្នកជំងឺក្នុងការជួយសង្គ្រោះជីវិតឲ្យបានទាន់ពេលវេលា។ ក្រសួងក៏បានណែនាំឲ្យមានការពន្យល់បកស្រាយ ឆ្លើយតបរាល់សំណូមពរទាំងឡាយ ពីប្រជាពលរដ្ឋអ្នកជំងឺនូវស្ថានភាពជំងឺ សារៈសំខាន់និងផលវិបាកនៃការវះកាត់និងការប្រើប្រាស់ឱសថក្នុងនោះមានសេរ៉ូមផងដែរ៕