មេ​ប៉ុស្ដិ៍​ឃុំ​ច្រនៀង ត្រូវ​គ្រឿង​ស្រវឹង​ពង្វក់ស្មារតី សម្លាប់​មនុស្ស​ទាំង​៣​នាក់ កណ្តាល​ថ្នល់​

, , Leave a comment

ខេត្តកំពង់ចាម : យ៉ាងហោចណាស់​មនុស្ស​៣​នាក់​បាន​ស្លាប់​ជា​បន្តបន្ទាប់ ខណៈដែល​ជនបង្ក​ដែល​គេ​ស្គាល់​ថា ជា​នាយ​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល ឃុំ​ច្រនៀង បាន​បើករថយន្ដ​មួយគ្រឿង​លឿន​ដូច​ហោះ ចេញពី​ស៊ីផឹក​ក្នុង​ខារ៉ាអូខេ​មួយកន្លែង នៅ​ស្គន់​។ ហេតុការណ៍​បង្ក​នេះ​បាន​កើតឡើង​កាលពី​វេលាយប់​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​ភូមិ​សង្កែ ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​បញ្ជាក់ថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ដ​មួយគ្រឿង ម៉ាក​Camry ពណ៌​ឈាមជ្រូក ពាក់​ស្លា​លេខ​ភ្នំពេញ 2B-2253 ដែល​បើកបរ​ដោយ​បុរស​ម្នាក់ ត្រូវបាន​គេ​ស្គាល់​ថា មានឈ្មោះ មុក អ៊ុក​សំអាត ជា​នាយ​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល ឃុំ​ច្រនៀង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បើក​ពី​ត្បូង ទៅ​ជើង លុះដល់​កន្លែងកើតហេតុ បាន​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង ម៉ាក​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​កំពង់ចាម​1H-8863 ដែល​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​ជនរងគ្រោះ​២​នាក់​ស្លាប់​ភា្ល​មៗ​នៅនឹងកន្លែង និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​

 

​ប្រភពពី​មន្ដ្រីនគរបាល​ស្រុក​ជើងព្រៃ បាន​បន្ថែម​ឲ្យ​ដឹង​ទៀតថា ជនរងគ្រោះ​ទាំង​៣ ទី​១-​ឈ្មោះ ថុល វាសនា អាយុ​១៨​ឆ្នាំ (​ស្លាប់​) ទី​២-​ឈ្មោះ សែ វុទ្ធី អាយុ​១៨​ឆ្នាំ (​ស្លាប់​) និង​ទី​៣-​ឈ្មោះ ថៃ ធា អាយុ​១៩​ឆ្នាំ រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ ជនរងគ្រោះ​ទាំង​៣​រស់នៅ​ភូមិ​សង្កែ ឃុំ​ស្តើង​ជ​យ័ ស្រុក​ជើងព្រៃ រីឯ​អ្នកបើកបរ​ជា​នាយប៉ុស្ដិ៍ បាន​រត់​គេចខ្លួនបាត់​ស្រមោល​។​

 

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ រីឯ​សាកសព​ត្រូវបាន​សមត្ថកិច្ច​ទាក់ទង​ទៅ​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​វត្ថុតាង​ទាំង​២ ត្រូវបាន​សមត្ថកិច្ច​ជំនាញ យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ ដើម្បី​រង់ចាំ​ដោះស្រាយ​តាមច្បាប់​៕

13-12-2016

 

Leave a Reply

(*) Required, Your email will not be published