ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍បានអោយដឹងថា ជំនួញឈើប្រណីតខុសច្បាប់នៅខេត្តរតនគីរី បានកក្រើកវិញហើយ តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ គឺក្រុមឈ្មួញ
ដឹកឈើប្រណីតទៅលក់នៅប្រទេសវៀតណាមយ៉ាងអាណាធិបតេយ្យ ដឹកតាមរថយន្ត កាមរីបាឡែនម៉ាកឆ្លាម កាមរីគូទហើម ស៊េរី៩៥ ព្រមទាំងរថយន្តសាំយ៉ុង រយៈពេលប៉ុន្មានថ្ងៃមកនេះ បន្ទាប់ពីបានបិទ១រយះពេលខ្លីកន្លងមក។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិភិ ឃុំសេសានស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានឲ្យដឹងថាមួយរយះពេលថ្មីៗនេះសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ទៅស្រុកយួនតាម ច្រករបៀងភូមិភិនិងច្រករបៀងភូមិឡំ និងច្រកទ្វារអន្តរជាតិអូរយ៉ាដាវ នៅតែបន្តកើតមានយ៉ាងពេញបន្ទុក ហើយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ មានលោក កែប កត់ ជានាយខណ្ឌរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធ មិនចាត់វិធាន ការបង្ក្រាបនោះទេ បន្ទាប់ពីបង្ក្រាបរយះពេលខ្លីមកនោះ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា មានឈ្មួញជាច្រើននាក់ ដែលបន្តសកម្ម ភាពដឹកឈើខុសច្បាប់ចេញទៅស្រុកយួន តាមច្រករបៀងភូមិភិ និងច្រករបៀងភូមិឡំនិងតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ មានឈ្មួញឈ្មោះចាន់ធី ឈ្មោះ ស្រីល័ក្ខណ៍ ឈ្មោះស្រីម៉ី ឈ្មោះ យាយអ៊ូក ឈ្មោះ យាយអ៊ី ឈ្មោះ ដូង ឈ្មោះ ស្រីណែត ប្អូនយាយអ៊ី ប្រពន្ធបងអៀង ឈ្មោះ ចែដា ឈ្មោះស្រីមុច ឈ្មោះ ស្រីខួច និងឈ្មួញច្រើននាក់ផ្សេងទៀត កំពុងរៀបចំដឹក ជញ្ជូនឈើទៅវៀតណាមផងដែរ។
ប្រភពបានអោយដឹងបន្តថា លោក កែប កត់ ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគីរី សង្ស័យជាត្រូវរ៉ូវ ជាមួយឈ្មួញជួញឈើទាំងនោះដល់កម្រិតណាទេ បានជាបណ្តោយ អោយឈ្មួញ ដឹកជញ្ជូនឈើខុសច្បាប់ ឆ្លងទៅវៀតណាម យ៉ាងគគ្រឹក គគ្រេងបែបនេះ៕