ក្រោយ​មាន​ឃាតកម្ម​បាញ់សម្លាប់​នារី​ម្នាក់​ក្នុងផ្ទះ​សំណាក់ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បដិសេធថា​មិនមែនជា​មន្ត្រី​របស់ខ្លួន​ទេ​

, , Leave a comment

​រាជធានី​ភ្នំពេញ : លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ប្រាប់​ឲ្យ​ថា ឃាតករ​ដែល​បាន​បាញ់សម្លាប់​នារី​រងគ្រោះ (​សង្សារ​) នៅក្នុង​ផ្ទះសំណាក់ សារី​ធំ នៅ​ផ្លូវ​២៧៣ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ គឺ​មិនមែនជា​មន្ត្រី​កងរាជអាវុធហត្ថ​នោះទេ​។ ការបដិសេធ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​បណ្តាញ​ព័ត៌មាន​មួយចំនួន​បាន​ផ្សព្វផ្សាយ​ថា ឃាតករ​ដែល​បាន​បាញ់សម្លាប់​នារី​រងគ្រោះ គឺជា​មន្ត្រី​កងរាជអាវុធហត្ថ​ឈ្មោះ អ៊ុំ  សុ​ផា​។​

 

​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​រូបនោះ​បាន​ឲ្យ​ដឹង​ទៀតថា មាន​ករណី​ផ្ទុះអាវុធ​បណ្ដាល​ឲ្យ​ស្លាប់​នារី​ម្នាក់​នៅវេលា​ម៉ោង​០០​និង​៤០​នាទី ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៦ ត្រង់ចំណុច​ផ្ទះសំណាក់​សារី​ធំ ផ្លូវ​២៧៣ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។ ស្ត្រី​រងគ្រោះ​ឈ្មោះ សុន ស្រី​លក្ខណ៍ ភេទ​ស្រី អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​រាំង ឃុំ​អង្គរមាស ស្រុក​ដងទង់ ខេត្តកំពត​។ សព​ត្រូវ​គ្រាប់កាំភ្លើង ០១​គ្រាប់​ចំ​ភ្នែក​ខាងស្ដាំ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់ ម៉ែត្រ​។​

 

​បើតាម​សាក្សី​នៅក្នុង​ហេតុការណ៍​នោះ​ឈ្មោះ ឈុត  ស្រីមុំ ហៅ​ស្រី​ម៉ៅ ជា​អ្នកមើលការខុសត្រូវ​ផ្ទះសំណាក់​បំភ្លឺថា មុន​កើតហេតុ​ជនសង្ស័យ​និង​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​MSX ពណ៌​ស លេខ​៤៣៩៩​មិន​ចាំ​ក្បាល មក​ជួល​បន្ទប់​គេង​លេខ​៤០៤​។ ហើយ​ទាំងពីរ​នាក់​នេះ​ក្នុង​មួយខែ​មក​ជួល​បន្ទប់​២​ទៅ​៣​ដង​។ នៅ​ម៉ោង​កើតហេតុ​បាន​លឺសូរ​ផ្ទុះអាវុធ​០១​គ្រាប់​ហើយ​ជនសង្ស័យ​ចុះមក ម្នាក់ឯង​សន្តិសុខ​នាំគ្នា​ឃាត់​មិន​ឲ្យ​ចេញ ដោយបាន​ប្រតាយប្រតប់​គ្នា ធ្វើ​ឲ្យ​ជនសង្ស័យ​ជ្រុះ​មួកសុវត្ថិភាព​មាន​បិត Logo. អ​.​ហ និង​ID មាន​បិត​រូបថត​ស្លៀកពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ មាន​ស្លាក​ឈ្មោះ​វរសេនីយ៍ត្រី អ៊ុំ  សុ​ផា និង​មាន​អត្តលេខ​១៩៩២៧៨ ដោយ​ឃើញ​ជនសង្ស័យ​សៀត​អាវុធខ្លី​នៅ​ចង្កេះ​ទើប​មិន​ហ៊ាន​ចាប់​ហើយ​ជនសង្ស័យ ជិះ​ម៉ូតូ​ចេញទៅ​ទិស​ខាងលិច​គេចខ្លួនបាត់​។ បន្ទាប់មក​ឈ្មោះ រតនា​និង​ណា​ង​ឡើងទៅ​បន្ទប់​កើតហេតុ​ឃើញ​ជនរងគ្រោះ​ដេក​នៅលើ​គ្រែ​មាន ឈាម​ហូរ​និង​មាន​សំបក​គ្រាប់​០១​គ្រាប់​នៅលើ​ឥដ្ឋ​ហើយ​នាំគ្នា​បញ្ជូន​ជន រងគ្រោះ​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ដើម្បី​ធ្វើការ​ជួយសង្គ្រោះ តែ​ពេលទៅដល់​ពេទ្យ​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ​។ បច្ចុប្បន្ន សព​ដំកល់ទុក​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​។​

 

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី បាន​បន្តថា កម្លាំង​ជំនាញ កងរាជអាវុធហត្ថ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ តាម​នីតិវិធី​។ ជាពិសេស កម្លាំង​ជំនាញ​បាន​រាយការណ៍​តាម​ឋានានុក្រម​ដើម្បី​ឆែក​រក​អត្តសញ្ញាណ​ឱ្យបាន​ច្បាស់លាស់ ត្រឹមត្រូវ ឈានដល់​ការចាប់ខ្លួន​។ ក្រោយមក​កម្លាំង​ជំនាញ​បុគ្គលិក កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជាក់ថា វរសេនីយ៍ត្រី អ៊ុំ សុ​ផា អត្តលេខ​១៩៩២៧៨ ពុំមាន​ទិន្នន័យ​ក្នុង​បញ្ជី​គ្រប់គ្រង​របស់​កងរាជអាវុធហត្ថ​ទេ​។​

 

​លោក​បញ្ជាក់ថា នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ធ្លាប់មាន​ប្រសាសន៍ថា បុគ្គល​ណា ក៏ដោយ​ឱ្យតែ​ប្រព្រឹត្ត​បទល្មើស​ត្រូវតែ​តាម​ស្រាវជ្រាវ​ចាប់ខ្លួន បញ្ជូនទៅ​តុលាការ អនុវត្ត​តាមច្បាប់ ទោះបី​បុគ្គល​នោះ​ជា​អាវុធហត្ថ សក្តិ​ប៉ុន្មាន​ក៏ដោយ យើង​មិន​រក្សាទុក​ជនល្មើស​ក្នុង​កងរាជអាវុធហត្ថ​ទេ​។ កម្លាំង​អាវុធហត្ថ សហការ​ជាមួយនឹង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាននិងកំពុង​ខិតខំ​ប្រឹងប្រែង ស្រាវជ្រាវ​តាមរក​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​នេះ​៕

12-12-2016-1 12-12-2016-2 12-12-2016

 

Leave a Reply

(*) Required, Your email will not be published