រាជធានីភ្នំពេញ : សំណុំរឿងកូនប្រុសលោកដុកទ័រ និងលោកឧត្តមសេនីយ៍ផ្កាយ៣ ហាក់ដូចរសាយតាមខ្យល់បក់ ព្រោះនៅទីបំផុតលោក កែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា បានធ្វើការចោទប្រកាន់ជនស្ទាវដែលមានជម្លោះយ៉ាងអសីលធម៌ជាមួយលោក ឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនោះ ត្រូវបានជាប់ចោទពីបទប្រើប្រាស់គ្រឿងញៀន។
ក្រោយពីការចោទប្រកាន់ហើយ រូបគេត្រូវបានបញ្ជូនយកទៅដាក់នៅមណ្ឌលបន្សាបគ្រឿងញៀនឱកាសខ្ញុំ។ ចំណែករឿងរ៉ាវជេរប្រមាថឬបើករថយន្តចង់បំបុកលោកផ្កាយ៣ មិនត្រូវបានចោទប្រកាន់ទេ។ ជារួមគឺសម្រេចបញ្ជូនទៅមណ្ឌលបន្សាបថ្នាំញៀនឱកាសខ្ញុំ។
កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ២០១៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនស្ទាវកូនលោកដុកទ័រ ចាន់ សុវណ្ណឌី មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីជម្លោះជាមួយលោក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លោក កែវ សុជាតិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលកាន់សំណុំរឿងនេះបញ្ជាក់ថា កាលពីរសៀលថ្ងៃ២១ ខែវិច្ឆិកា តំណាងអយ្យការបានបញ្ចប់ការសាកសួរយុវជនរូបនេះហើយ តែពុំទាន់សម្រេចចោទប្រកាន់ ឬយ៉ាងណានៅឡើយទេ។
ក្រោយពីតំណាងអយ្យការសួរចប់ យុវជនរូបនេះត្រូវបានផ្ញើទៅសមត្ថកិច្ចវិញ និងតម្រូវឲ្យនាំមកវិញម្តងទៀត ដើម្បីចោទប្រកាន់ជាផ្លូវការ និងចាត់បញ្ជូនទៅខាងចៅក្រម និងទីបំផុតសម្រេចឲ្យបញ្ជូនខ្លួនទៅបន្សាបថ្នាំញៀននៅមណ្ឌលឱកាសខ្ញុំ។
គួររំឭកថា ជនស្ទាវឈ្មោះ ចាន់ សោភា អាយុ២៣ឆ្នាំ ជាយោធា និងត្រូវជាកូនលោកវេជ្ជបណ្ឌិត ចាន់ សុវណ្ណឌី ដែលមានអាការស្រវឹងស្រាខ្លាំង បានបើករថយន្តស្ទើរតែបុករថយន្តរបស់លោកឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា នៅម្តុំផ្សារថ្មី ក្នុងខណ្ឌដូនពេញ រហូតមានអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខណ្ឌ ចុះទៅតាមចាប់យកទៅដោះស្រាយតាមច្បាប់។
លោកឧត្តមសេនីយ៍ឯក នន្ទ សុខា និយាយថា មុនពេលកើតហេតុរថយន្តរបស់ជនស្ទាវ នេះបានបើកថយស្ទើរតែប៉ះរថយន្តរបស់លោក ទើបលោកចុចស៊ីផ្លេ។ ពេលនោះស្រាប់តែជនស្ទាវរូបនេះចុចកញ្ចក់ចុះ ហើយស្រែកដោយសម្តីអសុរោះមកលើរូបលោក។ មិនទាន់ស្រែកចប់ផង ស្រាប់តែជននេះបើករថយន្តសំដៅមកបុកលោក និងអង្គរក្សមួយទំហឹង តែសំណាងល្អលោកលោតគេចទាន់ ហើយជននោះក៏បើករថយន្តរត់។ ចំណែករូបលោកបានបើករថយន្តដេញតាមរហូតទាន់ និងដកកាំភ្លើងភ្ជង់ ហើយពេលកម្លាំងកងរាជអាវុធហត្ថខណ្ឌទៅដល់ក៏បានឃាត់ខ្លួន៕