កាំភ្លើង​នៅក្នុង​ដៃ ដាវ​សាមូរ៉ៃ​ដេក​ឱប​នឹង​ខ្លួន ជា​ក្បួន​លោក​ដុក​ទ័​រ​គំរាម​ធ្វើអត្តឃាត ក្នុងករណី​ជម្លោះ​កូន​ជាមួយ​លោក​ផ្កាយ​៣ ល្បី​ពេញ​ហ្វេ​ស​ប៊ុ​ក​

, , Leave a comment

21-11-2016-3

​រាជធានី​ភ្នំពេញ : ពិតណាស់​រឿងរ៉ាវ​ក្នុងសង្គម​មាន​ការវិវត្ត​ន៍​ប្លែកៗ និង​កាន់តែច្រើន​ដោយសារតែ​មនុស្ស​មួយចំនួន​យក​ឋានៈ អំណាច ទឹក​លុយ និង​គ្រឿង​ស្រវឹង​ម​កបាំងមុខ ធ្វើអំពើ​ប្រាស់ចាក​ពី​ច្បាប់​ក្នុងសង្គម​។ រឿងរ៉ាវ​ខាងក្រោម​នេះ​បញ្ជាក់​ឲ្យ​ឃើញថា លោកឪពុក​ម្នាក់ ព្រោះតែ​កូន​ត្រូវ​ប្រឈម​និង​ច្បាប់​សុខចិត្ត​ទ្រហោយំ​បង្ហោះ​លើ​សង្គម Facebook ធ្វើ​ឲ្យ​ម្នាក់ៗ​ហួសចិត្ត មិនតែប៉ុណ្ណោះ ទៅជា​គំរាម​និង​ច្បាប់ បើ​ជួយ​កូន​មិនបាន​សុខចិត្ត​សម្លាប់ខ្លួន​ទៀតផង​។

21-11-2016

​រឿងរ៉ាវ​ដ៏​កក្រើក​ក្នុង​បណ្តាញ​សង្គម រវាង​ក្មេងស្ទាវ​មាន​ជម្លោះ​ជាមួយ​ឧ​ត្ត​ម​សេនីយ៍​ឯក ន​ន្ទ សុខា មេបញ្ជាការរង អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ទូរស័ព្ទ​ចូល​វិទ្យុ ABC ថា ប្តី​របស់គាត់​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា​នឹង​ទៅ​សម្លាប់ខ្លួន ដោយ​និយាយថា ៖ «​ខ្ញុំ​តូចចិត្ត​ខ្លួន​ខ្ញុំ​ណាស់​ទោស​ប៉ុនណា​ដែរ​ធ្វើបាប​កូន​ខ្ញុំ ទោស​ប៉ុនណា​ក៏​ខ្ញុំ​ទទួល​ដែរ ខ្ញុំ​ជួយ​អ្នកជំងឺ​រាប់ពាន់នាក់ ខ្ញុំ​គ្មាន​បាន​អ្វី​ពី​អ្នកជំងឺ​ទេ អ្នកជំងឺ​ជេរ​ម៉ែ​ខ្ញុំ​ក៏មានដែរ តែ​ខ្ញុំ​មិន​យកទោស​ពៃរ៍​អ្វី​ទេ ហេតុអ្វី​អនុគ្រោះ​ឲ្យ​កូន​ខ្ញុំ​មិនបាន ?»​។​

 

​លោក​វេជ្ជបណ្ឌិត​រូបនេះ​បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ទៀតថា «​ប្រហែល​បាត់​ខ្ញុំ ពីព្រោះ​ខ្ងុំ​ធ្វើ​ប៉ា​កូនៗ​មិនបាន​ល្អ ប៉ា​ដើរ​សុំទោស​គេ ឲ្យ​លោក​ដាក់ទោស​ខ្ញុំ​មក ពីព្រោះ​កូន​ខ្ញុំ​ពិតជា​ខុស​ហើយ​»​។ ក្រោយពេល​លោក​វេជ្ជបណ្ឌិត​រូបនេះ​បង្ហោះ​វីដេអូ​ឃ្លី​ប​គំរាម​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ថា​នឹងធ្វើ​អត្តឃាត ក៏មាន​ការ Comment ច្រើន​ចូល​បញ្ចេញមតិ​ក្នុងនោះ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ណែនាំ​ថា «​សូម​ប្អូន​(​សំដៅ​ដល់​លោក​វេជ្ជបណ្ឌិត​) កុំ​ធ្វើ​រឿង​អ្វី​ឱ្យលើស​ពីអ្វី​ដែល​បាន​កើតឡើង​រួចមកហើយ សូមកុំ​ឲ្យ​កម្ទេច​ភ្លើង​មួយ​ក្លាយជា​អគ្គិភ័យ​»​។ ស្ងប់ចិត្ត​ដោះស្រាយ​តាម​សំរួល​។ នៅមាន Comment ជាច្រើន​ទៀត បាន​សម្តែង​នូវ​ការហួសចិត្ត​ចំពោះ​លោក​វេជ្ជបណ្ឌិត​ដែល​ប្រកាស​ធ្វើ អត្តឃាត ហើយ​បង្ហោះ​រូប​ដេក​ឱប​ដាវ​សាមូរ៉ៃ និង​នៅក្បែរនោះ​បង្ហាញ​ពី​ដាវ និង​កាំបិតប៉័ងតោ​។ តាម​ប្រភពព័ត៌មាន​ថា លោក​វេជ្ជបណ្ឌិត​រូបនេះ​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ជា​អនុប្រធាន​មន្ទីរពេទ្យ​សែន​សុខ និង​ជា​សាស្ត្រាចារ្យ​នៅ​សាលា​ពេទ្យ​ផងដែរ​។​

 

​រម្លឹក​ដល់​រឿងរ៉ាវ​បាន​កើតឡើង​គួរឱ្យភ្ញាក់ផ្អើល យុវជនឈាមរាវ​ម្នាក់​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ​ដែល​អ្នក​មិន​ស្គាល់​ថា ទំនងជា​កូន​អ្នកធំ ឬ​កូនអ្នកមាន​ទ្រព្យសម្បត្តិ ពេល​មាន​អាការ​ស្រវឹង​ខ្លាំង​បាន​បើករថយន្ត​ស្ទើរតែ​បុក​រថយន្ត​របស់លោក ឧ​ត្ត​ម​សេនីយ៍​ឯក ន​ន្ទ សុខា មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃទី​១៨ ខែវិច្ឆិកា នៅ​ម្តុំ​ផ្សារ​ធំថ្មី ក្នុង​ខណ្ឌដូនពេញ រហូត​មាន​អន្តរាគមន៍​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ ចុះទៅ​ឃាត់ខ្លួន​បាន​ភ្លាមៗ​ផងដែរ​។​

 

​យុវជន​ស្ទាវ​រូបនេះ​ត្រូវគេ​អះអាងថា ជា​មន្ត្រី​យោធា និង​ជា​កូនលោក​វេជ្ជបណ្ឌិត​។ យុវជន​រូបនេះ​ក៏​ទើបតែ​បញ្ចប់​ការសិក្សា​ផ្នែក​កងទ័ពជើងគោក​នៅ​សាលា​ថ្លុក​តាសេក ក្នុង​ខេត្តកំពង់ស្ពឺ​។ យុវជន​នោះបាន​ប្រើពាក្យ​សម្ដី​មិន​សមរម្យ​ទៅលើ​លោក​មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កំពុង​ស្ថិតក្រោម​ការសួរនាំ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។​
​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ន​ន្ទ សុខា បាន​រៀបរាប់​ប្រាប់​គេហទំព័រ​មួយ​ថា នៅ​យប់​ថ្ងៃទី​១៨ ខែវិច្ឆិកា លោក​បាន​ឈប់​រថយន្ត​នៅមុខ​ហាង​លក់​ទូរស័ព្ទ​ហាក់​សែ ស្ថិតនៅ​ម្តុំ​ផ្សារ​ធំថ្មី​។ ពេលនោះ​ក្មេងស្ទាវ​មួយក្រុម​បាន​ថយ​រថយន្ត ជិត​ប៉ះ​រថយន្ត​របស់លោក ហើយ​លោក​ក៏​ចុច​ស៊ី​ផ្លេ​ឲ្យ​ដឹង​ជាស​ញ្ញា ក្រែង​ថយ​ជ្រុល​មក​ប៉ះ ពីព្រោះ​វា​កៀក​ណាស់​ទៅហើយ​។​

 

​ឯ​ក្មេងស្ទាវ​ខាងលើ​បាន​បើក​ទៅមុខ រួចហើយ​ចុច​កញ្ចក់​ប្រើស​ម្តី​ជេរ​ខ្លាំងៗ និង​ថែមទាំង​ចុះ​ពីលើ​រថយន្ត​មក​ស្តី​ឲ្យ​លោក​ថា «​អញ​បុក​ឡាន​អ្ហែង​នៅ ? បើ​អញ​បុក អញ​សង ឡាន​អញ​មាន​កញ្ចក់​ក្រោយ​តើ​»  អ្ហែង​ដឹងថា អញ​កូន​ពី​ណា​គេ​អត់ ? ពេលនោះ​លោក​ក៏​ឆ្លើយតប​វិញ​ថា «​ទោះ​កូន​ពី​ណា​គេ​ក៏ដោយ ត្រូវ​ទទួលខុស​»​។ ជន​ឈាមរាវ​នេះ​បាន​បន្ត​បោះពាក្យ​សម្តី​ទៀតថា «​ចាំមើល​អញ​បុក​អ្ហែង​ឱ្យមើល​»​។ និយាយ​ស្ទើរ​មិនទាន់​ផុតពី​មាត់​ផង រូបគេ​ឡើង​រថយន្ត ហើយ​បើក​សំដៅ​បុក​លោក និង​អង្គរក្ស​ដែល​ឈរ​នៅក្រៅ​រថយន្ត តែ​សំណាងល្អ​ចេះ​លោត​គេច​ទាន់ កុំ​អី​មាន​គ្រោះថ្នាក់​បាត់ទៅហើយ។​

 

​តាម​គេហទំព័រ​ដដែល​បាន​សរសេរ​ទៀតថា ក្រោយពី​ប៉ុនប៉ង​បុក​លោក​ហើយ ជន​រូបនេះ ក៏​បើករថយន្ត​១​ជុំ ២​ជុំ​ផ្សារ​ធំថ្មី ដោយ​ជ្រែ​ចាក់កួ ហើយ​លោក​បើករថយន្ត​ដេញតាម​តែ​តាម​មិនទាន់ ។ បន្តិចក្រោយមក ក្មេងស្ទាវ​ខាងលើ​បាន​បើករថយន្ត​មក​ឈប់​ក្បែរ​ផ្សារ​ធំថ្មី ដោយ​បិទ​ភ្លើង តែ​លោក​ចំណាំ​ផ្លាកលេខ​ក៏​ចង់​ចុះទៅ ដើម្បី​ឃាត់ខ្លួន​តែ​រូបគេ​បើករថយន្ត​គេច​ទៅមុខទៀត​។ ពេលនោះ​លោក​ក៏​តាម​ទៀត​តែ​តាម​មិនទាន់​លុះដល់​ស្តុ​ប​ខាងកើត​ផ្សារ​ធំថ្មី រថយន្ត​របស់គេ​ទៅមុខ​លែងរួច​ដោយ​ទើស​ម៉ូតូ ទើប​លោក​តាម​ទាន់​ហើយ​ឈប់​រថយន្ត​ពីក្រោយ​។​

 

​បន្ទាប់មក​រូបលោក និង​អង្គរក្ស​ដើរទៅ​ខាងមុខ​រថយន្ត រួច​ដក​កាំភ្លើង​ភ្ជង់​ដោយ​លោក​បញ្ជាក់ថា «​បើ​ហ៊ាន​បើក​ទៅមុខ នឹង​បាញ់​បំបែក​កង់​រថយន្ត ពីព្រោះ​គេ​មានបំណង​បើក​បុក​សម្លាប់​ខ្ញុំ​»។ នៅ​ទីនោះ​ហើយ ដែល​ជន​ស្ទាវ​រូបនេះ មានឱកាស​ថតរូប និង​វីដេអូ យកទៅ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ដោយ​និយាយថា លោក​ដក​កាំភ្លើង​ភ្ជង់​រូបគេ​ទៅវិញ​។​

 

​បន្ទាប់ពី​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ជន​ស្ទាវ​ដែល​បាន​ប្រើពាក្យ​សម្ដី​មិន​សមរម្យ​ទៅលើ​មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ន​ន្ទ សុខា ត្រូវបាន​មន្ត្រី​អាវុធហត្ថ​បញ្ជា​ក់នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ថា បន្ទាប់ពី​ពិនិត្យ​តាមដាន​ទឹកនោម​ឃើញថា យុវជន​នេះ​មានប្រើ​ប្រាស់​គ្រឿងញៀន​។ ក្រោយពី​ពិនិត្យ​ទឹកនោម​រួចហើយ យុវជន​នេះ​ក៏បាន​សារភាព​ដែរ​ថា ខ្លួន​បាន​ប្រើប្រាស់​គ្រឿងញៀន​។ ការពិនិត្យ​ទឹកនោម​នេះ ធ្វើឡើង​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។​

 

​នៅពេល​ឃាត់ខ្លួន​នោះ​ក៏មាន​បក្ខពួក​ជននេះ​៦​នាក់មក​ព្រួត​គ្នា ប្រើស​ម្តី​ជេរ​សម្លុត​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ន​ន្ទ សុខា និង​ទៅ​អុកឡុក​រំខាន​ពេញ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ហើយក៏​ត្រូវបាន​ឃាត់ខ្លួន​ដើម្បី​ធ្វើការ​អប់រំ​មួយ​រយៈពេល​ផងដែរ​។ ជន​ស្ទាវ​ដែល​បាន​ប្រើពាក្យ​សម្ដី​មិន​សមរម្យ​នេះ គឺជា​កូនប្រុស​លោក​វេជ្ជបណ្ឌិត​ដែលមាន​លំនៅឋាន​ក្នុង​ខណ្ឌ​សែន​សុខ ហើយ​រូបគេ​ជា​មន្ត្រី​យោធា និង​មាន​មិត្តភក្តិ​មួយចំនួន​សុទ្ធតែ​កូន​អ្នកធំ និង​អ្នកមាន​ផងដែរ​។​

 

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ន​ន្ទ សុខា បានបញ្ជាក់​ហើយ​និង​អំពាវនាវ​យ៉ាង​ទទូចថា សូមកុំ​ឲ្យ​មានការ​អន្តរាគមន៍​ណាមួយ​ឱ្យសោះ ព្រោះ​ករណីនេះ​សូម​ទុក​ឲ្យ​សមត្ថកិច្ច និង​តុលាការ​ចាត់ការ​តាមច្បាប់​ចុះ​៕

21-11-2016-1 21-11-2016-2 21-11-2016-4

 

Leave a Reply

(*) Required, Your email will not be published