ឧកញ៉ាស្រីល្បីឈ្មោះ សៀង ចាន់ហេង ត្រូវតុលាការកាត់ទោសដាក់ពន្ធនាគារ១ឆ្នាំ រឿងក្លែងឯកសារផ្ទេរសិទ្ធិស៊ីដាច់ដី១៤៦ហិចតា

, , Leave a comment

image-90-1

រាជធានីភ្នំពេញ ៖ លោកស្រីឧកញ៉ា សៀង ចាន់ហេង នាយិកាក្រុមហ៊ុនហេងអភិ វឌ្ឍន៍ និងត្រូវជាដន្លងនាយឧត្តមសេនីយ៍ គន់ គីម ត្រូវបានសាលាដំបូងរាជធានី

ភ្នំពេញ ប្រកាសសាលក្រមនៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំ និងពិន័យប្រាក់៣លានរៀល ព្រមទាំងសងសំណងជំងឺចិត្ត ដល់ដើមបណ្ដឹងចំនួន៤០០លានរៀល ក្រោមការចោទប្រកាន់ពីបទក្លែងបន្លំ និង បទ ប្រើប្រាស់លិខិតក្លែង តាមមាត្រា៦២៦ មាត្រា៦២៧ និងមាត្រា៦២៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភូមិទឹកល្អក់ ឃុំទឹកហួត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

 

សូមរម្លឹកថា កាលពីអំឡុងឆ្នាំ១៩៩៥ លោកស្រី លឹម ឃី និងមនុស្ស៩នាក់ផ្សេងទៀត បានចូលហ៊ុនគ្នាទិញដីទំហំ១៤៧ហិចតា មានទីតាំងស្ថិតនៅភូមិទឹកល្អក់ ឃុំទឹកហួត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

លុះដល់ឆ្នាំ២០១៣ លោកស្រី លឹម ឃី បានទៅមើលដីទើបដឹងថា ដីនេះត្រូវបានក្រុមគ្រួសារលោកស្រីឧកញ៉ា សៀង ចាន់ហេង លក់ទៅឲ្យឈ្មោះ គង់ សែន និង ប្រពន្ធឈ្មោះ នី គឹមអ៊ាន់ ។ ផ្តើមចេញពីបញ្ហាទាំងនេះហើយ ទើបលោកស្រី លឹម ឃី ដាក់ពាក្យបណ្ដឹងប្តឹងលោកស្រី ឧកញ៉ា សៀង ចាន់ហេង តែម្ដង។

ពាក់ព័ន្ធការចោទប្រកាន់ រួមទាំងការប្រកាសសាលក្រមផង នាល្ងាច ថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០១៦ ពុំមានការបំភ្លឺពីលោកស្រីឧកញ៉ា សៀង ចាន់ហេង ទេ ព្រោះលោកស្រីគ្មានវត្តមាននៅតុលាការគ្រប់ដំណាក់កាល នៃសវនាការ រួមទាំងថ្ងៃប្រកាសសាលក្រមនេះផង សូម្បីតែមេធាវីការពារផ្លូវច្បាប់ ឲ្យជនជាប់ចោទក៏អវត្តមានដែរ៕

hqdefault-1

 

 

Leave a Reply

(*) Required, Your email will not be published