រាជធានីភ្នំពេញ ៖នៅវេលាម៉ោងប្រហែលជា១0ព្រឹក ថ្ងៃទី១0 ខែវិច្ឆិកា នេះ ដោយសារ តែមានជម្លោះស្នេហាត្រីកោណ។ លោកឧត្តមសេនីយ៍ទោម្នាក់ ត្រូវបានកូនចៅ បាញ់
សម្លាប់ នៅក្នុងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដែលមានទីតាំង នៅសង្កាត់ បឹងកក់ ទី១ ខណ្ឌទួលគោក។ ចំណែកមន្ត្រីយោធាម្នាក់ និងស្រ្ដីម្នាក់ ដែលពាក់ព័ន្ធក្នុងជម្លោះស្នេហាត្រីកោណ បានរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។
ប្រភពសមត្ថកិច្ចបានអោយដឹងថា ជនដៃដល់ ឈ្មោះ សែន រដ្ឋា ហៅឌៀន ថ្នាក់វរសេនីយ៍ឯក បម្រើការងារក្នុង ក្រុមលេខាធិការដ្ឋាន មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបាញ់លោកឧត្តមសេនីយ៍ទោ អ៊ុ សុធា ប្រធាននាយកដ្ឋាន ធនធានមនុស្ស នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ បន្ទាប់មក ជនសង្ស័យបានបាញ់ទៅលើនារីដែលជាតួអង្គ ពាក់ព័ន្ធស្នេហាត្រីកោណនេះ បណ្ដាល ឲ្យរងរបួសធ្ងន់ ហើយស្លាប់ ក្រោយបញ្ជូនសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ។
សមត្ថកិច្ចម្នាក់បានលួចបង្ហើបថា មូលហេតុដែលនាំឲ្យមានការបាញ់ប្រហារនេះ ក៏ដោយសារតែ ជនដៃដល់ កាលពីយប់មិញ បានបបួលនារីជាស្រីស្នេហ៍ទៅក្រៅ ប៉ុន្តែនាងមិនទៅ ពីព្រោះជាប់នៅជាមួយជនរងគ្រោះ ដែលជាមន្រ្តីយោធាផ្កាយ២ ទើប ឈានទៅដល់ការឈ្លោះគ្នា ហើយបាញ់ប្រហារតែម្តង។ ក្រោយបាញ់ជនរងគ្រោះទាំង២ នាក់ហើយ ជនដៃដល់បានបាញ់សម្លាប់ខ្លួនឯងផងដែរ៕