អង្ករ​ប្លា​ស្ទិ​ក​ដែល​បង្ហោះ​តាម​បណ្តាញ​សង្គម ក្រសួង​ព្រមាន​នឹង​ចាត់វិធានការចំពោះ​អ្នក​បង្ហោះ​​តាមច្បាប់​

, , Leave a comment

​រាជធានី​ភ្នំពេញ : រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ចាត់វិធានកា​រ​តាមផ្លូវ​ច្បាប់ ប្រឆាំង​ជន​ណា​ដែល​អះអាង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ថា មាន​អង្ករ​ប្លា​ស្ទិ​ក​ចរាចរ​លើ​ទីផ្សារ​កម្ពុជា​។ វិធានការ​នេះ​ប្រឆាំង​រាល់​ការពិសោធ​ណាមួយ​ដូចជា ដុត ឬ លីង អង្ករ ដោយ​គ្មាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​ក្នុងការ​ពិសោធន៍ និង​ការ​បង្ហោះ​ជា​វី​ឌី​អូ​រូបភាព ឬ​សកម្ម​ភាពទាក់ទង​នឹង​អង្ករ​ប្លា​ស្ទិ​ក នៅក្នុង​បណ្តាញ​សង្គម​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេ​រិ៍្ត​ឈ្មោះ និង​ទីផ្សារ​អង្ករ​កម្ពុជា​។ ការដែល​ប្រកាស​បែបនេះ​បន្ទាប់ពី​ការធ្វើ​តេស្ត​ជា​បន្តបន្ទាប់​ទៅលើ​គុណភាព​អង្ករ​បង្ហាញថា គ្មាន​វត្តមាន​អង្ករ​ប្លា​ស្ទិ​កនៅ​កម្ពុជា​នោះទេ​មកទល់នឹង​ពេលនេះ​។​

 

លោកស្រី សឿង សុ​ផា​រី អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថា អង្ករ​ប្លា​ស្ទិ​ក​ឃើញ​មានតែ​នៅក្នុង​វីដេអូ​ដែល​ចែកចាយ​លើ​បណ្តាញ​សង្គម​ប៉ុណ្ណោះ តែ​ធាតុពិត​ជាក់ស្តែង​គ្មាន​ឡើយ​អង្ករ​ប្លា​ស្ទិ​កនៅ​កម្ពុជា​។ ប្រសិនបើ​មាន​មែន​ហេតុអ្វី​អ្នក​ដែល​បាន​បង្ហោះ​វីដេអូ​ទាំងនោះ មិន​ផ្តល់ដំណឹង​មកកាន់​មន្ទីរ​ពាណិជ្ជកម្ម ឬ​កាំ​កុង​ត្រុល​តាម​ខេត្ត​ក្រុង​របស់ខ្លួន​។ ពាក្យ​ចចាមអារ៉ាម​ដែលថា​មាន​វត្តមាន​អង្ករ​ប្លា​ស្ទិ​កនៅ​កម្ពុជា​មិន​ត្រឹមតែ​បង្ខូចឈ្មោះ​អង្ករ​កម្ពុជា​នោះទេ ប៉ុន្តែ​វា​ប៉ះពាល់​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​។ ដូច្នេះ​ប្រសិនជា​មានការ​បង្ហោះ​វីដេអូ​ឬ​ការធ្វើ​តេស្ដ​ដូចជា​ការដុត ឬ លីង​អង្ករ​ដោយ​គ្មាន​ការចូលរួម​ពិនិត្យ​ពី​មន្ត្រី​កាំកុងត្រូល ឬ​អ្នកជំនាញ​ដោយ​បង្ហោះ​សកម្មភាព​លើ​បណ្តាញ​សង្គម​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ក្រសួង​នឹង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​ប្រឆាំង​ជន​ទាំងអស់នោះ​។

 

​ប្រតិកម្ម​របស់​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ធ្វើឡើង​បន្ទាប់ពី​មានការ​បង្ហោះ​វីដេអូ​តាមរយៈ​បណ្តាញ​សង្គម​នាពេល​ថ្មីៗ​នេះ​នៅក្នុង​ខេត្តបាត់ដំបង ។ ការ​ចែកចាយ​ព័ត៌មាន​មិន​ពិតជា​ហេតុ​ធ្វើឱ្យប៉ះពាល់​ដល់​អ្នក​ផលិត​និង​ចែកចាយ​អង្ករ​ត្រឹមត្រូវ​នៅ​កម្ពុជា ។​

 

ក្រុម​អ្នកជំនួញ​អង្ករ​នៅ​កម្ពុជា​បានលើកឡើង​ថា​ពាក្យ​ចចាមអារ៉ាម​ពី​អង្ករ​ប្លា​សិ្ទ​ក​នេះ​ជា​កង្វល់​របស់​ប្រជាពលរដ្ឋ​ខ្លួនឯង​ប៉ុណ្ណោះ​ខណៈ​ការសិក្សា​ស្រាវជ្រាវ​របស់​រាជរដ្ឋាភិបាល​គ្រប់​ប្រទេស​គឺ​មិនបាន​រកឃើញថា​មាន​អង្ករ​ផ្លា​ស្ទិ​ក​នោះទេ​។ សូម​ប្រជាពលរដ្ឋ​ធ្វើការ​វិភាគ​ឱ្យបាន​សម​ហេតុ​សម​ផល​។ ជ័រ​មានតម្លៃ​ថ្លៃ​ជាង​អង្ករ​ឆ្ងាយ​ណាស់​ជ័រកៅស៊ូ​១​តោន​មានតម្លៃ​ជិត​២​ពាន់​ដុល្លារ វា​មិនអាច​ទៅរួច​ខណៈ​តម្លៃ​អង្ករ​វៀតណាម​បច្ចុប្បន្ន​មានតម្លៃ​តែ​ជាង​៣០០​ដុល្លារ​ក្នុង​មួយ​តោន​នោះទេ​។​

 

កាលពី​ថ្ងៃ​២៧ ខែតុលា ឆ្នាំ​២០១៦​នេះ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ក៏ដូចជា​កាំកុងត្រូល​បញ្ជាក់ថា​គ្មាន​អង្ករ​ប្លា​ស្ទិ​កនៅ​កម្ពុជា​ឡើយ​ហើយ​បើ​មាន​សូម​បងប្អូន​យកមក​លក់​ឲ្យ​មន្ត្រី​កាំកុងត្រូល ដោយ​ហ៊ាន​ឱ្យ​ថ្លៃ ១​គុណ​នឹង​៤​។ ចំពោះ​ការ​បង្ហោះ​រូបភាព​និង​វីដេអូ​នៃ​ការពិសោធន៍​អង្ករ​ដែល​អះអាងថា​ជា​អង្ករ​ប្លា​ស្ទិ​ក​នោះ​គឺជា​ការបំពុល​បរិយាកាស​សង្គម​តែប៉ុណ្ណោះ​៕

07-11-2016

 

 

Leave a Reply

(*) Required, Your email will not be published