លោក បណ្ឌិត ញឹម វណ្ណដា ៖ ហានិភ័យ​គ្រោះមហន្តរាយ​ដោយ​ធម្មជាតិ និង​មនុស្ស ត្រូវតែ​កាត់បន្ថយ ដើម្បី​អភិវឌ្ឍ​

, , Leave a comment

​រាជធានី​ភ្នំពេញ : លោក បណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​អនុប្រធាន​ប្រចាំការ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានធ្វើការ​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ថែម ទៀត​ក្នុងការ​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ ដើម្បី​បញ្ជៀ​ស​ការបាត់បង់​អាយុជីវិត ការខូចខាត​បាត់បង់​ទ្រព្យសម្បតិ្ត បរិស្ថាន និង​ការរំខាន​ដល់​ដំណើរការ​អភិវឌ្ឍ​ន៍ស​ង្គ​ម និង​សេដ្ឋកិច្ច ដែលជា​ការ​រួច​ចំណែក​ដ៏​ធំធេង​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ក្នុងប្រទេស​កម្ពុជា​។​

 

​លោក​បណ្ឌិត​មានប្រសាសន៍​ដូចនេះ​កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៦ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​អាស៊ាន​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ទិវា​អន្តរជាតិ​កាត់បន្ថយ​គ្រោះមហន្តរាយ នៅ​ខេត្តក្រចេះ​។ លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់ថា យោងតាម​គំនិត​ផ្តួចផ្តើម​របស់​ការិយាល័យ​សហប្រជាជាតិ​សម្រាប់​ការ​កាត់ បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ និង​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​អាស៊ាន លើ​ការរៀបចំ​ទិវា អន្តរជាតិ​កាត់បន្ថយ​គ្រោះមហន្តរាយ និង​ទិវា​អាស៊ាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ឆ្នាំ​២០១៦ ការប្រព្រឹត្តទៅ​នៃ​ទិវា​ស្ថិតក្រោម​ពាក្យស្លោក “​យើង​ត្រូវ​និយាយ​ពី​ការកាត់បន្ថយ​គ្រោះមហន្តរាយ​”​។​

 

​ក្នុង​គោលបំណង ដើម្បី​បង្កើន​សមត្ថភាព និង​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​សហគមន៍ ដែល​កំពុង​ប្រឈម​ទល់នឹង​មុខសញ្ញា​គ្រោះថ្នាក់​នានា ជាពិសេស​គណៈកម្មាធិកា​រ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់ក្រោម​ជាតិ អាជ្ញាធរ​មូលដ្ឋាន ដើម្បី​បញ្ជ្រាប​ចំណេះដឹង​ទូទៅ​សម្រាប់​ចាត់វិធានការ​រួមបញ្ចូល​គ្រប់ភាគី​ពាក់ព័ន្ធ​ដូចជា​បុគ្គល គ្រួសារ សហគមន៍ វិស័យ​ឯកជន អាជ្ញាធរ​មូលដ្ឋាន រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល សមាគម​អាស៊ាន និង​អង្គការ​អន្តរជាតិ​ក្នុង​សកម្មភាព​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ និង​ការ​បន្ស៊ាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ដើម្បី​កសាង​ភាព​ធន់​ទាំង ក្នុង​សហគមន៍ ឃុំ​-​សង្កាត់ ស្រុក​-​ក្រុង​-​ខ័​ណ្ឌ ខេត្ត​-​ក្រុង ជាតិ និង​ពិភពលោក​ទាំងមូល​។ ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ លោក សរ ចំរុង អភិបាល​នៃ​គណៈ​អភិបាល​ខេត្តក្រចេះ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តក្រចេះ ក៏បាន​ថ្លែងថា នេះ​គឺជា​លើក​ទី​១ ហើយ ដែល​ខេត្តក្រចេះ បាន​ប្រារព្ធ​ទិវា​អាស៊ាន​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ទិវា​អន្តរជាតិ​កាត់បន្ថយ​គ្រោះមហន្តរាយ​ដែល​បាន​ផ្តួចផ្តើម និង​គាំទ្រ​ដោយ​អង្គការ​ឆាល​ហ្វា​ន់​កម្ពុជា​។​

 

​លោក​អភិបាលខេត្ត ក៏បាន​សម្តែង​ការអបអរសាទរ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​ដែល​បង្ហាញ នូវ​ការចូលរួម​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​អង្គការ​ជាតិ អង្គការ​អន្តរជាតិ ដៃគូ​អភិវឌ្ឍ សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តក្រចេះ​ទាំងមូល​ក្នុងការ​រួមគ្នា​កាត់បន្ថយ ហានិភ័យ​គ្រោះមហន្តរាយ ដែល​សហគមន៍​មួយចំនួន​កំពុងតែ​ប្រឈម​ទៅនឹង​មុខសញ្ញា​គ្រោះថ្នាក់​ដែល​អាច បង្ក​ជា​គ្រោះមហន្តរាយ​កាន់តែ​ញឹកញាប់​និង​ធ្ងន់ធ្ងរ​ឡើង​។​

 

​លោក​អភិបាលខេត្ត ក៏បាន​បញ្ជាក់ថា​គ្រោះមហន្តរាយ​កំពុងតែ​កើតមានឡើង​នៅ​ទូទាំង​ពិភពលោក ដែល​បាននិងកំពុង​គម្រាមកំហែង​ដល់​ការអភិវឌ្ឍន៍ និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅក្នុង​ពិភពលោក ហើយ​ខេត្តក្រចេះ​ជា​ខេត្ត​មួយ ដែលមាន​ទីតាំង​ភូមិសាស្ត្រ​ជាប់​នឹង​ដង​ទន្លេមេគង្គ​តែងតែ​ប្រឈម នឹង​គ្រោះមហន្តរាយ​ដោយសារ​ទឹកជំនន់​ជា​ញឹកញាប់​ស្ទើរ​រាល់​ឆ្នាំ​។​
​លោក​អភិបាលខេត្ត ក៏បាន​បន្តថា យើង​ត្រូវផ្តោត​ការយកចិត្តទុកដាក់​បំ​ផុស​ចលនា និង​មនសិការ​ចូលរួម​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ថែមទៀត ក្នុងការ​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ ដើម្បី​កាត់បន្ថយ​ការបាត់បង់​អាយុជីវិត ការខូចខាត​បាត់បង់​ទ្រព្យសម្បត្តិ បរិស្ថាន និង​ការរំខាន់​ដល់​ដំណើរការ​អភិវឌ្ឍ​ន៍ស​ង្គ​ម និង​សេដ្ឋកិច្ច ដែលជា​ការរួមចំណែក​ដ៏​ធំធេង​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ដែល​នឹង​ឈានទៅ​លើកកម្ពស់​សមត្ថភាព និង​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​នៅ​សហគមន៍​មូលដ្ឋាន ស្ថិតក្រោម​ពាក្យស្លោក “​យើង​ត្រូវ​និយាយ​ពី​ការកាត់បន្ថយ​គ្រោះមហន្តរាយ​”​។​

 

​លោក​អភិបាល​ខេត្តក្រចេះ ក៏បាន​បញ្ជាក់​បន្ថែមថា នៅ​កម្ពុជា​ស្ទើរតែ​រៀងរាល់ឆ្នាំ តែងតែ​កើតមាន​គ្រោះមហន្តរាយ ដែល​បង្កដោយ​មុខសញ្ញា​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​ធម្មជាតិ និង​មនុស្ស​ដូចជា ទឹកជំនន់ រាំងស្ងួត ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ រន្ទះបាញ់ ជំងឺផ្តាសាយបក្សី ជំងឺឆ្លង​ផ្សេងៗ អគ្គិភ័យ ។​ល​។ លោក បាន​បន្តថា ដោយសារ​ប្រការ​នេះហើយ គឺ​ត្រូវ​ទាមទារ​ការយល់ដឹង​ពី​គ្រោះមហន្តរាយ ពី​ភាព​ងាយ​រងគ្រោះ និង​ការ​ប្រឈម​នានា​ដែលជា​ចំណុច​ចាប់ផ្តើម​គឺ​ការកសាង​ភាព​ធន់​របស់ សហគមន៍​ធន់​ទៅនឹង​គ្រោះមហន្តរាយ​ដោយ​ត្រូវការ​លើកកម្ពស់​ការចែក​រំលែក ព័ត៌មាន​ដែល​ត្រឹមត្រូវ និង​ទាន់ពេលវេលា​ទាក់ទង​នឹង​គ្រោះមហន្តរាយ ការអប់រំ​ផ្សព្វផ្សាយ និង​ចែករំលែក​ព័ត៌មាន​អំពី​ហានិភ័យ​របស់​មុខសញ្ញា​គ្រោះថ្នាក់ ការចូលរួម​គ្រប់ភាគី​ពាក់ព័ន្ធ​ដូចជា​អាជ្ញាធរ អង្គការក្រៅរដ្ឋាភិបាល អាជីវករ សហគមន៍ គ្រួសារ​ជនពិការ ចាស់ជរា យុវជន កុមារា កុមារី ក្នុង​សកម្មភាព​គ្រប់គ្រង​ហានិភ័យ​គ្រោះមហន្តរាយ​។​

 

​លោក​បណ្ឌិត ញឹម វណ្ណដា ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត មាន​ក្តីសង្ឃឹម​និង​ជំនឿ​យ៉ាង​មុតមាំ​ថា ឆ្លងតាម​ទិវា​អាស៊ាន​គ្រប់គ្រង​គ្រោះមហន្តរាយ ក៏ដូចជា​ទិវា​អន្តរជាតិ​កាត់បន្ថយ​គ្រោះមហន្តរាយ ប្អូនៗ​សិស្សានុសិស្ស ប្រជាពលរដ្ឋ មន្ត្រីរាជការ សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ​នឹងចូលរួម​ទាំងអស់គ្នា ដើម្បី​បង្កើន​ការយល់ដឹង​អំពី​ការកាត់បន្ថយ​គ្រោះមហន្តរាយ និង​ការ​បន្សាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ក៏ដូចជា​បានរួម​ចំណែក​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល កម្ពុជា​យើង ដើម្បី​ឆ្ពោះទៅ​ការរីកចម្រើន​លូតលាស់​បាន​ឆាប់រហ័ស​៕

01-11-2016

 

Leave a Reply

(*) Required, Your email will not be published