រាជធានីភ្នំពេញ : លោក ហួរ ហួត ចៅសង្កាត់ព្រែកប្រា ត្រូវបានគេរាយការណ៍មកថា បានរត់ខ្លួនបាត់ក្រោយធ្វើសកម្មភាព វាយសន្តិសុខម្នាក់បណ្តាល ឲ្យរបួសធ្ងន់ ហើយខណៈនេះដែរ លោកស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាឲ្យសមត្ថកិច្ចតាមស្វែងរកលោកចៅសង្កាត់រូបនេះ យកមសាកសួរ ក្នុងករណីហិង្សាលើសន្តិសុខ។
បើប្រភពច្បាស់ការពីស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថា នាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបញ្ជាឲ្យតាមរកចៅសង្កាត់ព្រែកប្រា ឈ្មោះ ហួរ ហួត យកមកសាកសួរបន្ទាប់ពីមានករណីប្រើអំពើហិង្សា លើសន្តិសុខបណ្តាលឲ្យរបួសធ្ងន់រួចមក ប៉ុន្តែចៅសង្កាត់រូបនេះបានរត់គេចខ្លួនក្រោយ ក្រោយកើតហេតុមកម្ល៉េះ។
បើតាមគ្រូពេទ្យដែលកំពុងទទួលព្យាបាលសន្តិសុខរងគ្រោះបាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ជនរងគ្រោះអាចដួលបោកប៉ះសរសៃ ជាមួយជញ្ជាំងថ្ម ទើបបណ្ដាលឲ្យធ្ងន់ធ្ងរបែបនេះ។ ខណៈនេះសមត្ថកិច្ចនគរបាលកំពុងតាមប្រម៉ាញ់ចៅសង្កាត់ពាលរូបនេះ ជាមួយគ្នានោះប្រជាពលរដ្ឋក៏បានសម្តែងការកោតសសើរដល់លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ ដែលតែងតែយកចិត្តទុកដាក់ រកយត្តិធម៌ជូនជនរងគ្រោះ។
សូមបញ្ជាក់ថា ចៅសង្កាត់ព្រែកប្រា លោក ហួរ ហួត បានវាយសន្តិសុខក្បាលទប់ទៅនឹងជញ្ជាំងថ្ម កាលពីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ បណ្ដាលឲ្យសន្តិសុខរូបនេះ ដួលសន្លប់គ្រាន់តែរឿងចតរថយន្តមុខផ្ទះ។ សាក្សីឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុ រថយន្តរបស់លោកចៅសង្កាត់ ត្រឡប់មកផ្ទះហើយក៏ឈប់នៅមុខ រង់ចាំថយរថយន្តចូលក្នុងផ្ទះ គាប់ជួនពេលនោះ មានសន្តិសុខបុរីម្នាក់ បាននិយាយជាមួយលោកចៅសង្កាត់ ពេលកំពុងជជែកគ្នា ស្រាប់មានសន្តិសុខពីរនាក់ផ្សេងទៀត ជិះម៉ូតូមកដល់ក៏បានសួរនាំខ្លាំងៗ ក៏ធ្វើឲ្យលោកចៅសង្កាត់ខឹងវាយសន្តិសុខនោះតែម្តងទៅ។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ រួចក៏បញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ បើតាមអ្នកជិតខាងបាននិយាយថា ចៅសង្កាត់រូបនេះ ដូចជាក្អេងក្អាងណាស់ អាងតែខ្លួនមានអំណាច ដើរធ្វើបាបអ្នកតូចអ្នក តាចតាមតែអំពើចិត្ត ។
លោក ម៉ៅ សឿត អធិការរងនគរបាល ខណ្ឌច្បារអំពៅ ទទួលបន្ទុកព្រហ្មទណ្ឌ បញ្ជាក់នៅព្រឹកថ្ងៃទី២៥ ខែតុលា ថា តំណាងក្រុមហ៊ុនសម្បត្តិមានហេង បានដាក់ពាក្យបណ្ដឹងរួចហើយ ករណីលោក ហួរ ហួត ចៅសង្កាត់ព្រែកប្រា វាយសន្តិសុខ បច្ចុប្បន្ន នគរបាលកំពុងបន្តនីតិវិធី។
ដោយឡែកស្ថានភាពជនរងគ្រោះ មានសភាពធ្ងន់ធ្ងរ ដោយសារលោក ហួរ ហួត ដែលមានមាឌធំដំបង វាយមួយដៃផ្ទប់ជញ្ជាំង។ នេះជាបទល្មើសព្រហ្មទណ្ឌជាក់ ស្តែង ស្របតាមមាត្រា៨៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលមន្ត្រីនគរបាលយុត្តិធម៌ ឬសាធារណជន មានសិទ្ធិឃាត់ខ្លួនជនសង្ស័យ ឬព្រះរាជអាជ្ញាមានសិទ្ធិបញ្ជាឲ្យឃាត់ខ្លួន។ ប៉ុន្តែជាក់ស្តែងលោក ហួរ ហួត កំពុងមានសេរីភាព៕