រាជធានីភ្នំពេញ : ទណ្ឌិតជាង ៥០០ នាក់ ត្រូវបានអនុគ្រោះទោស ពីពន្ធនាគាររាជធានី ខេត្ត ចំនួន១៩ និងមណ្ឌលអប់រំ កែប្រែចំនួន៤ ក្នុងឱកាសបុណ្យអុំទូកនេះ។ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិ បាននឹងកំពុងពិនិត្យបញ្ជីទណ្ឌិតស្នើសុំបន្ធូរ បន្ថយទោស និងលើកលែងទោសទណ្ឌិត។
កិច្ចប្រជុំគណៈកម្មការជាតិខាងលើនេះ នឹងពិនិត្យលើសំណើរបស់គណៈកម្មការក្រសួងមហាផ្ទៃ និងគណៈកម្មការថ្នាក់រាជធានីខេត្តដែលបានស្នើសុំការអនុគ្រោះទោសដល់ ទណ្ឌិតប្រមាណជាង ៥០០ នាក់ ពីពន្ធនាគាររាជធានីខេត្តចំនួន១៩ និងមណ្ឌលអប់រំកែប្រែចំនួន៤ ក្នុងឱកាសបុណ្យអុំទូកខាងមុខនេះ។
ប្រជាពលរដ្ឋសង្ឃឹមថា ពួកគេចេញពីពន្ធនាគារវិញអាចនឹងកែខ្លួន ប៉ុន្តែគេសង្កេតឃើញថា អ្នកដែលចេញពីពន្ធនាគារមួយចំនួនមិនកែខ្លួនសោះ ពិសេសចោរលួច ឆក់ ប្លន់ លូកហោប៉ៅ ទម្លាក់យោង ។ល។ មុខដដែលៗ៕