«​ជីវិត​អ្នក​ប្រដាល់​» ត្រូវ​ក្រសួង​ហាមប្រាម ក្រោយ​មានការ​រិះគន់ និង​គាំទ្រ​

, , Leave a comment

​រាជធានី​ភ្នំពេញ : ខេ​ម មានឈ្មោះ​ដើម ប៉ុន សុ​ណារិន ដែលជា​តារាចម្រៀង​មួយរូប​ប្រចាំ​នៅ​ផលិតកម្ម​ថោ​ន​បាន​ច្រៀង​បទ « ជីវិត​អ្នក​ប្រដាល់ » ដោយ​រៀបរាប់​ពី​ជីវភាព​ពិត​របស់​កីឡាប្រដាល់​នៅ​ស្រុក​ខ្មែរ​យ៉ាង​កំសត់​និង​គួរ​ឲ្យ​អាណិត​។ បើ​គេ​បាន​មើល និង​ស្តាប់​នូវ​បទ​ចម្រៀង «​ជីវិត​អ្នក​ប្រដាល់​» ដែល​ច្រៀង​ដោយ ខេ​ម នោះ​គឺ​ពិត​ជាមាន​អារម្មណ៍​អាណិត​ស្រងេះស្រងោច​ក្តុកក្តួល​អួលដើមក​ជាក់​ជាមិនខាន​ចំពោះ​សកម្មភាព និង​ជីវិត ពិត​របស់​កីឡាករ​ប្រដាល់​ខ្មែរ បើទោះជា​មានឈ្មោះ​ល្បី និង​ខ្លាំង​យ៉ាងណាក៏ដោយ​។​

 

​ក្រោយ​មានប្រតិកម្ម​ពី​លោក​តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា ចំពោះ​បទ​ចម្រៀង​“​ជីវិត​អ្នក​ប្រដាល់​”​ច្រៀង​ដោយ​លោក​ខេ​ម នៅ​ផលិតកម្ម​ថោ​ន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដាក់ចេញ​នូវ​បម្រាម​ចំនួន​៦​ចំណុច​។ ការដាក់ចេញ​នូវ​បម្រាម​ទាំងនេះ ដោយសារតែ​អត្ថន័យ និង​ពាក្យពេចន៍​ក្នុង​បទ​ចំរៀង​នេះ​មិន​សមរម្យ​។ ម្យ៉ាងវិញទៀត​គឺ​ផលិតកម្ម​ថោ​ន បាន​ផលិត​នូវ​បទ​ចម្រៀង​ដែល​រង​នូវ​ការរិះគន់ ជាច្រើនលើក​ច្រើនសារ ពី​ទស្សនិកជន​ដូច្នេះ​ទើប​ក្រសួង​សម្រេច​បែបនេះ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ថៃ នរៈ​សត្យា អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ ប្រាប់​ដល់​វិទ្យុ​ក្នុងស្រុក​មួយ​កាល​ថ្ងៃទី​២៥ ខែតុលា​ម្សិលមិញ​នេះ​។​

 

​ជា​ប្រតិកម្ម​នឹង​របស់​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា ចំពោះ​បទ​ចម្រៀង “​ជីវិត​អ្នក​ប្រដាល់​” នេះ គឺ​ត្រង់​អ្នកនិពន្ធ​ប្រើពាក្យ​ពេចន៍​ប​ន្ទុ​ច​បង្អាប់​ដល់​វិស័យ​កីឡាប្រដាល់​ដូចជា​ពាក្យ “​ដូច​សត្វ​តិរច្ឆាន​ត្រូវគេ វាយដំ​និង​ឈឺ​ហួសប្រមាណ​…” ដែល​ត្រូវបាន​គេ​យល់ថា​ជាការ​មើលងាយ​ដល់​អ្នក​ប្រដាល់​។​

 

​លោក តែម ម៉ឺន បាន​ពន្យល់ថា ប្រដាល់ គឺជា​កីឡា ដែលមាន​ការប្រកួត​ដោយ​មិត្តភាព ដូច្នេះ​អ្នក​ប្រដាល់​មិនមែនជា​សត្វ​តិរច្ឆាន​នោះទេ​។ ចំណែក​លោក ងួន សុបិន អ្នកនិពន្ធ​ទំនុកច្រៀង បទ​ចម្រៀង “​ជីវិត​អ្នក​ប្រដាល់​” នេះ​បាន​អះអាងថា ចំពោះ​ប្រតិ​កម្មនេះ​បានកើត​ឡើង​ជាង​១​ខែ​មកហើយ​។ ហើយ​រូបលោក​ក៏បាន​ដោះស្រាយ​ជាមួយ​ក្រសួង ក៏ដូចជា​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ក្នុងការ​សម្របសម្រួល​ឈប់ ផ្សព្វផ្សាយ បទ​ចម្រៀង​នេះហើយ​ដែរ​។ បម្រាម​៦​ចំណុច​របស់​ក្រសួង​វប្បធម៌​រួមមាន ៖

 

-​ចំណុច​ទី​១ ៖ គឺ​ព្រមាន​ចុងក្រោយ​ដល់​ផលិតកម្ម​ថោ​ន​ឲ្យ​ឈប់​រំលោភបំពាន​លើ​ច្បាប់​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល​។​

 

-​ចំណុច​ទី​២ ៖ ហាម​មិន​ឲ្យ​ផលិតកម្ម​ថោ​ន​អ៊ិន​ធឺ​ធេ​ន​មេន​បន្តធ្វើ​ការចែក​ផ្សាយ​បទ ចម្រៀង​ជី​វិ​យ​អ្នក​ប្រដាល់​តាម​គ្រប់​រូបភាព និង​គ្រប់​មធ្យោបាយ និង​ដក​បទ​ចម្រៀង​នេះ​ចេញពី YouTube ផ្លូវការ​របស់​ផលិតកម្ម​ថោ​ន អ៊ី​ន​ធឺ​ធេ​ន​មេន​។​

 

-​ចំណុច​ទី​៣ ៖ ហាម​មិន​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​វិទ្យុ និង​ទូរទស្សន៍ យក​បទ​ចម្រៀង​នេះ​ទៅ​ចាក់ផ្សាយ​។​

 

-​ចំណុច​ទី​៤ ៖ ហាម​មិន​ឲ្យ​អ្នកចម្រៀង​ខេ​ម ឬ​អ្នកចម្រៀង​ដទៃទៀត​យក​បទ​ចម្រៀង​នេះ ទៅ​ច្រៀង​ក្នុង​វេទិកា​ប្រគំ​តន្ត្រី និង​គ្រប់​វេទិកា​ដទៃ​ផ្សេងៗ​ទៀត​។​

 

-​ចំណុច​ទី​៥ ៖ ហាម​មិន​ឲ្យ​ផលិតកម្ម​ថោ​ន​អ៊ិន​ធឺ​ធេ​ន​មេន​យក​បទ​ចម្រៀង​នេះ​ទៅ​ផលិត​ជា​ខា​រា​អូ​ខេ ឬ​ជា​ចម្រៀង​កាយវិការ​ឡើយ​។​

 

-​ចំណុច​ទី​៦ ៖ បង្គាប់​ឲ្យ​ផលិតកម្ម​ថោ​ន​អ៊ិន​ធឺ​ធេ​ន​មេន ធ្វើលិខិត​សុំទោស​ជា​សាធារណៈ​ជូន​ចំពោះ​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​។​

 

​សូមបញ្ជាក់ថា នាពេល​ថ្មី​នេះៗ បទ​ចម្រៀង​ដែល​ក្រសួង​វប្បធម៌ សម្រេច​ហាមឃាត់​មិន​ឲ្យ​ចាក់ផ្សាយ​តាម​ស្ថានីយ៍​វិទ្យុ ទូរទស្សន៍​រួមមាន​បទ “​អា​មុំ​ប៉ុ​ម​ពី​ត​”  “​ស៊ី​បាន​ចេះតែ​ស៊ី​ទៅ​”  “​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​” និង​ចុង​ក្រោយនេះ​បទ​“​ជីវិត​អ្នក​ប្រដាល់​”៕

26-10-2016

 

Leave a Reply

(*) Required, Your email will not be published