រាជធានីភ្នំពេញ : រឿងភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលលោកចៅសង្កាត់ព្រែកប្រា ហួរ ហួត ប្រើអំពើហិង្សាវាយក្បាលសន្តិសុខខ្ទប់ទៅនឹងជញ្ជាំងថ្មបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ កាលពីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ហើយត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកច្បារអំពៅដោយសារអាការៈធ្ងន់ធ្ងរ ក៏បានបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បច្ចុប្បន្នសន្តិសុខរូបនេះពុំទាន់មានស្មារតីប្រសើរឡើងវិញនៅឡើយទេ ខណ:គ្រូពេទ្យបាននិយាយថា អាចប៉ះពាល់ដល់សរសៃប្រសាទនិងខួរក្បាល។
បន្ទាប់ពីផ្ទុះរឿងលោកចៅសង្កាត់ព្រែកប្រា ហួរ ហួត វាយសន្តិសុខម្នាក់របួសធ្ងន់,បញ្ជូនទៅដល់មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត កាលពីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ម្សិលមិញនេះធ្វើឲ្យមានការផ្ទុះប្រតិកម្មជាខ្លាំងពីសំណាក់ ប្រជាពលរដ្ឋទូទាំងប្រទេស និងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនធំ បានតិះដៀល ប្រើពាក្យសម្ដីអសុរោះជាច្រើនទៅកាន់លោកលោក ហួរ ហួត រហូតមកដល់ព្រឹកថ្ងៃទី២៥តុលា២០១៦នេះ លោកហួរ ហួត ដែលពលរដ្ឋចោទប្រកាន់រូបនេះបានសរសេរលើបណ្ដាញសង្គមរបស់លោក បកស្រាយតបទៅនិងរឿងរ៉ាវរបស់លោកជុំវិញនិងការ វាយដោយអំពើហិង្សារបស់លោកទៅលើសន្តិសុខមួយរូប។
ខាងក្រោមជាសារដែលលោក ហួរ ហួត ចៅសង្កាត់ព្រែកប្រា ៖
«ខ្ញុំសូមបញ្ជាក់ថា ដំបូងឡើយករណីនេះកើតឡើងដោយការភ័ន្តច្រលំតែប៉ុណ្ណោះដែលដំណើររឿងមានដូចខាក្រោម នៅវេលាម៉ោង១៧:៤០នាទីខ្ញុំបានបើករថយន្តត្រឡប់មកផ្ទះហើយក៏ឈប់នៅមុខផ្ទះរង់ចាំថយរថយន្តចូលក្នុងផ្ទះ គាប់ជួនមានសន្តិសុខបុរីម្នាក់ បានដេញរថយន្តរបស់ខ្ញុំឲ្យចេញដោយទុកផ្លូវឲ្យរថយន្តមេរបស់គេ(បុរី)ចេញ រួចមកខ្ញុំក៏ទៅសួរសន្តិសុខនោះថា ខ្ញុំចតមុខផ្ទះខ្ញុំ ឲ្យខ្ញុំទៅណា? រួចហើយសន្តិសុខនោះក៏បានសុំទោសខ្ញុំ ដោយមិនបានដឹងថា ផ្ទះរបស់ខ្ញុំនៅទីនេះ ពេលកំពង់ជជែកគ្នាស្រាប់តែមានសន្តិសុខពីរនាក់ផ្សេងទៀតជិះម៉ូតូមកដល់ក៏បានសួរនាំដោយសំលេងខ្លាំងៗ ពីលើម៉ូតូរួចក៏ដើរតម្រង់ មករកខ្ញុំដោយកាយវិការគិតថានឹងមកវាយខ្ញុំ ទន្ទឹមនឹងនេះខ្ញុំនឹកស្មានថា សន្តិសុខដែលជិះម៉ូតូនោះមកវាយខ្ញុំ ខ្ញុំក៏បានវាយក្បាលសន្តិសុខបណ្តាលឲ្យដួល។ ក្រោយមកសន្តិសុខនោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកនិងបន្តទៅកាន់មន្ទីរពេទ្យខ្មែរ សូវៀត ដើម្បីពិនិត្យស្ថានភាពដោយខ្ញុំបានតាមដានជាប់ជាប្រចាំ។ បច្ចុប្បន្នជនរងគ្រោះមានស្ថានភាពល្អប្រសើរហើយ។
ចំពោះហេតុការនេះខ្ញុំពិតជាមានការសោកស្តាយខ្លាំងណាស់ហើយក៏សុំការអភ័យទោសចំពោះហេតុការណ៍ដែលបានជ្រុលដៃដោយការភ័ន្តច្រលំ ហើយខ្ញុំនឹងសំរបសំរួលជួយចេញថ្លៃព្យាបាលដល់ជនរងគ្រោះទាំងអស់»។
ប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា លោកចៅសង្កាត់រូបនេះអាងខ្លួនមានអំណាចតែងតែ ធ្វើបាបដល់អ្នកតូចតាចតាមតែអំពើចិត្ត គាត់បានបន្តថា សូមអាជ្ញាធរមានសមត្ថកិច្ចជួយចាត់វិធានការលើចៅសង្កាត់ឈ្មោះហួរ ហួតនេះផង៕