ប្រធាន​សមាគម​ជ័យលាភី បញ្ញាជន​កម្ពុជា គ្រោង​ប្តឹង​សម្តេច ហ៊ុន សែន ក្រោយ​លោក កឹម សុខា​

, , Leave a comment

​រាជធានី​ភ្នំពេញ : លោក រស់ សា​រ៉ុ​ម ប្រធាន​សមាគម​ជ័យលាភី បញ្ញាជន​កម្ពុជា គ្រោង​ដាក់ពាក្យ​បណ្តឹង​ពាក់ព័ន្ធ​អំពើពុករលួយ ប្តឹង​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បន្ថែមទៀត បន្ទាប់ពី​លោក​បាន​រៀប​គម្រោង​ប្តឹង​លោក កឹម សុខា និង​លោក អេង ឆៃអ៊ាង ប្រធានស្តីទី និង​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ​។​

 

​ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា រូបនេះ​បាន​អះអាងថា សមាគម លោក​ពិតជា​គ្រោង​ប្តឹង​មន្ត្រីជាន់ខ្ពស់​នៃ​បក្ស​កាន់អំណាច​ក្នុងនោះ រួមមាន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ឱម យ៉ិនទៀង ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​ឲ្យ​បើក​បង្ហាញ​កញ្ចប់​ថវិកា​ដាក់​ឲ្យ​មានការ​ស៊ើបអង្កេត ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ​។​

 

​លោក រស់ សា​រ៉ុ​ម មានប្រសាសន៍ថា  ៖ “​ចំពោះ​ឥស្សរជន​នៅក្នុង​ជួរ​គណបក្សកាន់អំណាច យើង​មើលឃើញ​បុគ្គល​២​រូប​សំខាន់ ទី​១ គឺ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែលជា​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​។ អ៊ីចឹង​លោក​អាច​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់លោក​។ បើ​សម្តេចនាយក​រដ្ឋមន្ត្រី លោក​ស្អាតស្អំ ហើយ​នោះ មន្ត្រី​របស់​រដ្ឋាភិបាល​ហ្នឹង​មិនអាច​មិន​ស្អាតស្អំ​បានទេ​។ ទី​១ យើង​ចង់ឃើញ​។ ទី​២​សម្រាប់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង គាត់​ជា​ប្រធាន​អង្គភាព ប្រឆាំង​អំពើពុករលួយ​។ អ៊ីចឹង​ក្នុងនាម​សមាគម ជា​សង្គម​ស៊ីវិល យើង​ចង់ឃើញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទៅជា​ស្ថាប័ន​ធម្មនុញ្ញ​មួយ មិនមែន​គ្រាន់តែ​ជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល ដូច​បច្ចុប្បន្ន​ទេ​។​

 

​អ៊ីចឹង​យើង​ចង់​ឲ្យ​ទៅជា​ស្ថាប័ន​ធម្មនុញ្ញ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឬ​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ សមាជិក​ទាំងអស់​នៃ​ក្រុមប្រឹក្សា ជាតិ​ប្រឆាំង​អំពើ​ពុករ​លូ​យ និង​មន្ត្រី​នៅក្នុង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទាំងអស់ ដែល​ទទួលខុសត្រូវ​ដឹកនាំ មុននឹង​ចូលកាន់​តំណែង ត្រូវតែ​បង្ហាញ​ប្រាប់​សាធារណជន​ដែរ​ថា ទ្រព្យសម្បត្តិ​ដែល​គាត់​មាន​ប៉ុន្មាន​? ហើយ​នៅពេល ដែល​គាត់​ចប់​អាណត្តិ គាត់​ចេញទៅ​វិញ​គាត់ ត្រូវ​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ដឹង​ទៀតថា គាត់ មាន​ធនធាន​ប៉ុន្មាន​? យើង​ចង់បាន​អ៊ីចឹង​។ បើសិនជា​អង្គភាព​ប្រឆាំង​ពើ​ពុករលួយ លោក​អត់ មាន​តម្លាភាព​ផង ហើយ​ទៅ​ប្រឆាំង​អំពើពុករលួយ​ម៉េច​កើត​? វា​អត់​កើត​ទេ​។ អ៊ីចឹង​អ្វីដែល យើង​ចង់បាន គឺ​តម្លាភាព​សម្រាប់​ទាំងអស់គ្នា ត្រូវមាន​គណនេយ្យភាព​សង្គម​ទាំងអស់គ្នា ព្រោះ​យើង​នៅ​សង្គម​នេះ​ជា​របស់​យើងទាំងអស់គ្នា មិនមែន​របស់​បុគ្គល​ណាមួយ​ទេ​”​។​

 

​លោក រស់ សា​រ៉ុ​ម ក៏បាន​បញ្ជាក់ដែរថា ការ​ហ៊ាន​ស្នើ​ប្តឹង​សុំ​បើក​កញ្ចប់​ទ្រព្យសម្បត្តិ នាយករដ្ឋមន្ត្រី ពិតជា​ធ្វើ​ឲ្យ​ម​ជ្ឈ​ដាន​តាមដាន សង្គម​មើល​មក​ថា ជាការ​ប្រឈម​ប៉ុន្តែ​សម្រាប លោក​ជា​ថ្នាក់ដឹកនាំ​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា មិន​ខ្លាច​ទេ ព្រោះ​លោក​ធ្វើ​ដើម្បី​សង្គម ដើម្បី​ឲ្យ​ការដឹកនាំ មួយ​មាន​តម្លាភាព គ្មាន​អំពើពុករលួយ​។​

 

​លោក រស់ សា​រ៉ុ​ម មានប្រសាសន៍​បន្តថា “​តាមពិត​រឿងនេះ​វា​ធ្ងន់​បន្តិច ក៏ប៉ុន្តែ​បើ​និយាយ ពាក្យ​អក្សរ​ខ្លាច គឺ​ដូចជា​អត់​មាន​ទេ សម្រាប់ យើងខ្ញុំ​។ មុននឹង​យើងខ្ញុំ​សម្រេចចិត្ត​ធ្វើ គឺ​យើង បានសម្រេច​ចិត្ត​រួ​ទៅហើយ មុននឹង​យើង​ចាប់ ផ្តើមចេញ​ដំណើរ យើង​គិត​រួចហើយ​។ អ៊ីចឹង​យើង​អត់​សោកស្តាយ​នូវ​អ្វីដែល​យើង​ធ្វើ​ទេ ឲ្យ​តែ​យើង​ធ្វើ​ដើម្បី​ស្មោះត្រង់​នឹង​ជាតិ ស្មោះត្រង់ នឹង​ប្រជាជន​យើងទាំងអស់គ្នា​ប្រជាជន​យើង បាន​សុខ គណបក្ស​ណា​ដឹកនាំ​កាន់អំណាច​កាន់​ចុះ អត់​បញ្ហា​ទេ សំខាន់​ឲ្យ​តែ​ជាតិ​យើង​រីកចម្រើន យើង​ចង់​បានតែ​ប៉ុណ្ណឹង​ទេ​។ ប៉ុន្តែ​ក៏​មិនអាច​ធ្វើ អី​មួយ​ដែល​ស្រេច​ចិត្ត​បានដែរ​។ ខ្ញុំ​យល់ថា ប្រជាពលរដ្ឋ​ខ្មែរ គឺ​ខ្លាច​អ្នកខ្លះ ជា​មិត្តភក្តិ​ក្តី ជា មន្ត្រី​របស់ខ្ញុំ​ក្តី ពេលខ្លះ​គាត់​ភ័យព្រួយ គាត់​បារម្ភ អ៊ីចេះ​មួយៗ ប៉ុន្តែ​ខ្ញុំ​សុំ​ជម្រាប​ថា វា​អា​ចវា​មិន​ខុស​ទេ ដោយសារ​អី​?

 

​ដោយសារ​ការភ័យខ្លាច​របស់​យើង​ហ្នឹងហើយ ដែល​ធ្វើ​ឲ្យ សង្គម​របស់​យើង​អត់​បាន​រឹងមាំ ប្រជាជន​គ្រប់ គ្នា សុទ្ធតែ​យល់ដឹង​អំពី​កាតព្វកិច្ច បុគ្គល គ្រប់ រូប​ដែល​កើតឡើង​ក្នុងសង្គម​ហ្នឹង​ពីព្រោះ​គោល ដៅ​របស់​សមាគម គឺ​ព​ពង្រឹង​ធនធានមនុស្ស របស់​កម្ពុជា​ហ្នឹង ទៅដល់​កម្រិត​មួយ ស្តង់ដារ អន្តរជាតិ ហើយ​និង​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​។ ដូច្នេះ​ត្រូវ​កសាង​នីតិរដ្ឋ​ជាមួយគ្នា​មិនមែន​ត្រូវការ​តែ អ្នកនេះ អ្នក​នោះទេ យើង​ត្រូវការ​ទាំងអស់គ្នា ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏​យើង​ត្រូវការ យើង​បន្តិចៗ ម្នាក់ យើង​ជួយ​គ្នា បើ​ឃើញ​ជាប់​ចំណង​ហើយ យើង​មានគំនិត យើង​ត្រូវតែ​ប្រាប់​គ្នា ដើម្បី​ជួយ ដោះស្រាយ​គ្នា មិនមែន​ចង្អុល​ទេ​។ នេះ​ជា​គោលដៅ​រួម គុណ​តម្លៃ​រួម​របស់​សមាគម​”​។​

 

​គួរ​បញ្ជាក់ថា ការប្រកាស​គ្រោង​ប្តឹង​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល បើក​កញ្ចប់​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​នេះ បាន​ធ្វើឡើង​ក្រោយពេល ដែល​មុននេះ​ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា រូបនេះ​មាន​គម្រោង​ប្តឹង​លោក កឹម សុខា និង លោក អេង ឆៃអ៊ាង ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ មុនគេ ប៉ុន្តែ​មកដល់ពេលនេះ​លោក រស់ សា​រ៉ុ​ម បញ្ជាក់ថា មិនទាន់​ដាក់​លិខិត​នេះ​ជា​ផ្លូវការ​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅឡើយ​ទេ គឺ​នឹងដាក់​ក្រោយ​ការចុះ ឈ្មោះ​បោះឆ្នោត​បានបញ្ចប់​ជា​ស្ថាពរ ដោយ​មូល​ហេតុថា ស្ថាប័ន​លោក​ជាប់រវល់​រៀបចំ​ដង្ហែ​ញត្តិ​នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៦ ខាងមុខ និង​លោក​ចង់​ទុកពេល​ឲ្យ​ប្រជាជន​ចុះឈ្មោះ បោះឆ្នោត​បាន​ស្រួល គ្មាន​ការប៉ះពាល់​អារម្មណ៍​។ បន្ទាប់ពីនោះ គម្រោង​ប្តឹងទៅ​សម្តេចនាយក​រដ្ឋមន្ត្រី និង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​នឹងត្រូវ​ចាប់ផ្តើម​ឡើង​ដែរ​។​

 

​លោក រស់ សា​រ៉ុ​ម មានប្រសាសន៍​បន្ថែមថា “​ទាក់ទង​ជាមួយនឹង​ករណី​ឯកឧត្តម កឹម សុខា ឯកឧត្តម អេង ឆៃអ៊ាង គឺ​យើង​រក្សា​ជំហរ​ប្តឹង​ដដែល ក៏ប៉ុន្តែ​រយៈពេល​តើ​ពេលណា​? គឺ​ពេលដែល​ចុះឈ្មោះ​បោះឆ្នោត ចប់​រួចរាល់​ហើយ គ​.​ជ​.​ប ប្រកាស​បញ្ជី​ឈ្មោះ​ផ្លូវ​ការដែល​អាច​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត ឆ្នាំ​២០១៧ និង​២០១៨ ហ្នឹង​បាន​ហើយ អាហ្នឹង​យ៉ាងយូរ​១​អាទិត្យ គឺ​នីតិវិធី​របស់​យើង​ចាប់ផ្តើម​រុញ​ហើយ ព្រោះ​អត់​ពិបាក​ទេ ភ័ស្តុតាង​ដែល​យើង មាននៅ​ក្នុង​ដៃ​ហើយ​។ ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល បន្ទាប់ពី​មន្ត្រីជាន់ខ្ពស់​គណបក្សប្រឆាំង ហើយ​សិន ព្រោះ​របង​វា​មុត​ពេក​មុត​យ៉ាងម៉េច​? មុត​ត្រង់​ថា ចង្អុល​ទៅ​គណបក្សកាន់អំណាច​ហ្នឹង ពុករលួយ​អ៊ីចេះ​មួយៗ អ៊ីចឹង​គណបក្សប្រឆាំង ជា​និមិត្តរូប​នៃ​កំណែទម្រង់ ជា​កញ្ចក់​ឆ្លុះបញ្ចាំង របស់​រាជរដ្ឋាភិបាល​។ អ៊ីចឹង​យើង​ធ្វើ​ចាប់ផ្តើម គណបក្សប្រឆាំង​មុន​។ អ៊ីចឹង​នីតិវិធី​គណបក្ស ប្រឆាំង​ចប់ ចូលដល់​គណបក្សកាន់អំណាច ហើយ​។ សរុបទៅ ចង់​ឲ្យ​ស្អាតស្អំ​ទាំង​២ កាល ណា​មេដឹកនាំ​ស្អាតស្អំ​ហើយ កាលណា​រដ្ឋាភិបាល ស្អាតស្អំ​ហើយ ប្រជាជន​ក៏​សម្បូរ​សប្បាយ​ដែរ​”​។​

 

​គួររំលឹកថា កន្លងមក​លោក រស់ សា​រ៉ុ​ម ធ្លាប់បាន​ប្តឹង​មន្ត្រី​របស់​គណៈកម្មាធិកា​រ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ទៅ​អង្គភាព ប្រឆាំង​អំពើពុករលួយ​ដែរ ប៉ុន្តែ​ត្រូវបាន​អង្គភាព មិន​ចាត់ការ​បណ្តឹង​នេះ ដោយសារ​ខ្វះ​ភ័ស្តុតាង​។ ពេលនោះ លោក រស់ សា​រ៉ុ​ម បាន​ចេញមុខ​សុំទោស​ជា សាធារណៈ​ទៅ​ប្រធាន​គ​.​ជ​.​ប កាល ពី​ខែមិថុនា កន្លងទៅ​។ ចំពោះ​ករណី​គណបក្ស​សង្គ្រោះ​ជាតិ គម្រោង​ប្តឹង​នេះ​លោក រស់ សា​រ៉ុ​ម បញ្ជាក់ថា ដោយសារ​ទ្រព្យសម្បត្តិ​ថ្នាក់ដឹកនាំ គណបក្ស​នេះ មានការ​កើនឡើង​ខ្លាំង ដូចជា​ចម្ការ​ម្រេច​របស់លោក កឹម សុខា និង​វីឡា​របស់លោក អេង ឆៃអ៊ាង នៅ​បុរី​សែន​សុខ រាជធានី​ភ្នំពេញ ដែល​ទើបតែ​ទិញ​ថ្មីៗ​។ ដោយឡែក​ទាក់ទង​នឹង​គម្រោង​ប្តឹង សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង អំពើពុករលួយ លោក​រស់ សា​រ៉ុ​ម មិនទាន់​អាច​ចែករំលែក​ព័ត៌មាន​លម្អិត​បានទេ​៕

20-10-2016

 

Leave a Reply

(*) Required, Your email will not be published