ខេត្តបន្ទាយមានជ័យ : មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត លោកអនុសេនីយ៍ឯក តែម ប៊ូឡា បានរងការចោទប្រកាន់ថា បានដោះលែងចោរលួចលុយពីអាជីវករថៃម្នាក់ជាថ្នូរទៅនឹងទទួលបានលុយជាង១០ម៉ឺនបាត។
តាមប្រភពព័ត៌មាន កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ មន្ត្រីកងរាជវុធហត្ថក្រុងប៉ោយប៉ែតបានចាប់ចោរឆក់កាបូបលុយពីបុរសម្នាក់ជាអាជីវករផ្សារថៃយកបានជាង៥0ម៉ឺនបាត ខណៈបុរសជាអាជីវករផ្សារថៃមិនទាន់ស្គាល់អត្តសញ្ញាណ បានចតរថយន្តដើម្បីវាយប៉ាស្ព័រនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ក្រោយចោរពីរនាក់ឆក់កាបូបនោះរួចមក ជនរងគ្រោះក៏បានស្នើសុំឲ្យតម្រួតអន្តោប្រវេសន៍ថៃទំនាក់ទំនងសមត្ថកិច្ចខ្មែរជួយអន្តរាគមន៍ឆែកកាមេរ៉ាសុវត្ថិភាពលើករណីនេះ។ លុះដល់រំលងអធ្រាត្រកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតក៏ចាប់បានចោរម្នាក់ឈ្មោះ វ៉ាន់ បន្ទាប់មកទៀតអាវុធហត្ថទាំង៣នាក់នោះក៏បានដោះលែងចោរម្នាក់នោះវិញភ្លាមៗ ជាថ្នូរនឹងលុយជាង៣ម៉ឺនបាត ក្រោយមកទៀត ក៏បន្តទៅតាមចាប់បក្សពួកចោរម្នាក់ទៀតឈ្មោះ រី ខន។ មកដល់ម៉ោង៨ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ក៏ត្រូវបានបែកធ្លាយរឿងថាឈ្មោះ រី ខន បានយកលុយចំនួន១៣0000បាត ឲ្យទៅឈ្មោះ តែម ប៊ូឡា ជា មេបញ្ជាការងក្រុងប៉ោយប៉ែត ដោយមានការខ្វែងគំនិតរឿងផលប្រយោជន៍គ្នាររវាងអាវុធហត្ថក្នុងក្រុងដូចគ្នានោះ ក៏បានលេចឮព័ត៌មាននេះទៅដល់លោក ឱ បូរិន មេបញ្ជាកាកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
ពេលនោះលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តក៏បានបញ្ជាឲ្យនាំខ្លួនមន្ត្រីកងរាជអាវុធហត្ថដែលពាក់ព័ន្ធ និងជនសង្ស័យជាចោរទាំងពីរនាក់មកទីបញ្ជាការខេត្ត ដើម្បីសួរនាំ ទើបដឹងថាពិតជាមានករណីដូចដែលបានរៀបរាប់ខាងលើនេះមែន។
ពាក់ព័ន្ធនឹងករណីខាងលើនេះភ្នាក់ងារសារព័ត៌មានកំណើតថ្មី មិនអាចរកការសុំអត្ថាធិប្បាយបញ្ជាក់បន្ថែមពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងលោក តែម ប៊ូឡា មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទេ។ ដោយឡែកប្រភពពីអ្នកលេងល្បែងស៊ីសងភ្នាល់បាល់តាមអនឡាញក៏បានបង្ហើបឲ្យដឹងដែរថា លោក តែម ប៊ូឡា មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ក៏ជាអ្នកបើកបនល្បែងស៊ីសងភ្នាល់បាល់តាមអនឡាញនៅប្លុកផ្កាយ៥ ក្នុងក្រុងប៉ោយប៉ែតផងដែរ៕