រាជធានីភ្នំពេញ : ការបំបៅកូនដោយទឹកដោះម្តាយផ្តល់ឲ្យកុមារនូវការចាប់ផ្តើមជីវិតដ៏ល្អបំផុត។ វាជាជ្រុងមួយសម្រាប់ការរស់រានអាហារូបត្ថម្ភ និងសុខភាពល្អរួមទាំងកាអភិវឌ្ឍដំណាក់កាលដំបូងរបស់ពួកគេ។ នេះបើតាមប្រសាសន៍លោកស្រី Natascha Paddison ប្រធានស្តីទីអង្គការយូនីសេហ្វ ប្រចាំកម្ពុជា។
ការទទួលបានការបំបៅដោយទឹកដោះដ៏សមស្រប គឺជាសិទ្ធិសម្រាប់កុមារគ្រប់រូប ដោយពុំមានការរើសអើងថា ពួកគេ មកពីទីណា ក្រឬមាននោះទេ។ ជាការពិតអនុសញ្ញាស្តីពីសិទ្ធិកុមារបញ្ជាក់ថា ការបំបៅកូនដោយទឹកដោះម្តាយ គឺជាសមាសភាគមួយដ៏សំខាន់នៃសិទ្ធិរបស់កុមារ ដើម្បីឈានទៅសម្រេចបានស្តង់ដារសុខភាពដ៏ខ្ពស់បំផុត។
លោកស្រីបានកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ២០០០ អត្រាម្តាយបំបៅកូនដោយទឹកដោះតែមួយគត់បានធ្លាក់ចុះពី៧៣,៥ភាគរយមកត្រឹម៦៥ភាគរយនៅកម្ពុជា ហើយស្ថានភាពនេះកាន់តែធ្ងន់ធ្ងរទៅទៀត នៅតាមតំបន់ទីក្រុងដែលមានម្តាយត្រឹមតែ៣៨ភាគរយប៉ុណ្ណោះបានបំបៅដោះដល់កូនរបស់ពួកគេ ដែលមានអាយុក្រោម ៦ខែ។ នេះបញ្ជាក់ថា វឌ្ឍនភាពកំពុងតែត្រឡប់ថយក្រោយ និងប៉ះពាល់ដល់ការងារ ដ៏ធំធេងដែលរដ្ឋាភិបាលកំពុងប្រឹងប្រែង អស់រយៈពេលជិតពីរទស្សវត្សរ៍មកនេះ។
ទិវាជាតិអាហារូបត្ថម្ភលើកទី២កម្ពុជាប្រារព្ធក្រោមប្រធានបទ ”ការបំបៅកូនដោយទឹកដោះម្តាយគឺជាការវិនិយោគដ៏ប្រសើរបំផុតសម្រាប់ជីវិតកូនអ្នក ”កាលពីចុងសប្តាហ៍នេះក្នុងគោលបំណងបង្កើនការ យល់ដឹងជាសាធារណៈអំពីសារៈសំខាន់និងគុណប្រយោជន៍របស់ទឹកដោះម្តាយ។ របាយការណ៍រួមរបស់អង្គការទស្សនៈពិភពលោក និងអង្គការហេឡែនឃែលល័រ អន្តរជាតិបានបង្ហាញថា ផលិតផលជំនួសទឹកដោះម្តាយអាចរកបាននៅគ្រប់ទីកន្លែងនៅក្នុងខេត្តចំនួន៦ក្នុងប្រទេសកម្ពុជា។
របាយការណ៍បានកំណត់ថា មានផលិតផលជំនួសទឹកដោះម្តាយចំនួន១១០ប្រភេទដាក់តាំងលក់នៅលើទីផ្សារក្នុងបណ្តាខេត្តទាំងនោះ។ ភ័ស្តុតាងសកលលោកបញ្ជាក់យ៉ាងច្បាស់លាស់ថា កុមារដែលបំបៅដោយទឹកដោះម្តាយតែមួយមុខគត់ទំនងជាគេចផុតពីការស្លាប់ក្នុងរយៈពេល៦ខែដំបូងនៃជីវិត១៤ដង តិចជាងកុមារដែលមិនបានបំបៅដោយទឹកដោះម្តាយតែមួយមុខគត់ ដូច្នេះយើងត្រូវដោះស្រាយបញ្ហានេះជាបន្ទាន់ដោយការប្រតិបត្តិតាមច្បាប់។ ការបំបៅកូនដោយទឹកដោះម្តាយកាត់បន្ថយមរណភាពបានយ៉ាងច្រើនពីជំងឺចំណងពីរប្រភេទដែរសម្រាប់កុមារគឺរលាកផ្លូវដង្ហើមនិងរាគរូសស្រួចស្រាល់។
ការចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយក្នុងអំឡុងមួយម៉ោងដំបូងបន្ទាប់ពីសម្រាលអាចទប់ស្កាត់មរណភាពទារកបានប្រហែល២០ភាគរយ។ ការអនុវត្តផ្តល់អាហារផ្សេងៗមុនពេលបំបៅដោះ ឬមាន ន័យថាផ្តល់អាហារផ្សេងៗដល់ទារកជំនួសទឹកដោះម្តាយ គឺជាឧបសគ្គមួយដែលរារាំងដល់ការឆាប់ចាប់ផ្តើមបំបៅដោះកូន។ រយៈពេលជាង៤ឆ្នាំកន្លងទៅ ប្រេវ៉ាឡង់នៃទារកទើបនឹងកើតដែលទទួលអាហារផ្សេងៗមុនពេលបំបៅដោះបានកើនឡើងចំនួន៨,៦ភាគរយ។ អត្រានេះក៏បានកើនឡើងជិតពីរដងនៅតាមតំបន់ទីក្រុងរហូត ដល់ជាង៥០ភាគរយក្នុងឆ្នាំ២០១៤ បើ ធៀបនឹងឆ្នាំ២០១០មានត្រឹមតែ២៥ភាគរយ ប៉ុណ្ណោះ។ ការផ្តល់ទឹកឬអាហារផ្សេងៗ មុនពេលបំបៅដោះដល់ទារកទើបនឹងកើត នាំឲ្យទារកទទួលទឹកដោះម្តាយជាលើកដំបូងយឺតយ៉ាវនិងរារាំងមិនឲ្យកុមារទទួលបានផលប្រយោជន៍ពីការបំបៅកូនដោយទឹកដោះម្តាយ ៕