រាជធានីភ្នំពេញ : ជនសង្ស័យម្នាក់បានរត់រួចចេញពីរថយន្តប៉ូលិសខណ្ឌដង្កោ ខណៈដែលកំពុងដឹកយកទៅតុលាការ។ ហេតុការណ៍អស់សំណើចមួយនេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅមុខវត្តនន្នមុនី នៅមុខរោងចក្រក្រឡុងស៊ីម៉ងត៍ ស្ថិតក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅម៉ោងកើតហេតុ ប៉ូលិសព្រហ្មទណ្ឌខណ្ឌដង្កោ បានដឹកអ្នកទោសចំនួន៤នាក់ក្នុងនោះមានស្រី២ ប្រុស២ ដើម្បីយកទៅតុលាការ។ នៅពេលធ្វើដំណើរដល់មុខវត្តនន្នមុនី ក៏ស្រាប់តែអ្នកទោសជាបុរសចំនួន២នាក់បានធាក់ទ្វាររថយន្តរត់ ដោយម្នាក់ជាប់ខ្នោះដៃ ហើយម្នាក់រត់ទៅដោយដៃទទេ តែក្រោយមក អ្នកទោសជាប់ខ្នោះបានចាប់មកវិញបាន ដោយឡែកម្នាក់ទៀតរត់គេចបាត់ដោយសុវត្ថិភាព។
ទោះយ៉ាងណាប្រភពពីមន្ត្រីនគរបាលខណ្ឌដង្កោបានលួចបង្ហើបឲ្យដឹងថា ខណៈដែលសមត្ថកិច្ចដឹកអ្នកទោស៤នាក់ យកទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីកាត់ទោសដែលមានតែមន្ត្រីនគរបាលការពារតែ២នាក់ ហើយនៅពេលធ្វើដំណើរមកដល់វត្តនន្ទមុន្នី ខណៈស្ទះចរាចរណ៍ស្រាប់តែជនសង្ស័យម្នាក់ ដែលជិះខាងមុខបានលួចបើកគន្លិះទ្វាររថយន្តរត់ចេញទាំងដៃជាប់ខ្នោះ ធ្វើឲ្យពេលនោះមន្ត្រីនគរបាលការពារទាំង២នាក់ រត់ទៅដេញចាប់ជនសង្ស័យរូបនេះបានមកវិញតែ ឆ្លៀតឱការនោះជនសង្ស័យម្នាក់ជិះខាងក្រោយ(ពាក់ព័ន្ធគ្រឿងញៀន)បានលោតចុះពីលើរថយន្តចេញខ្លួនដោយសុវត្ថិភាពតែម្តង។
អ្នកឃើញហេតុការណ៍បាននិយាយថា នៅពេលអ្នកទោសរត់នោះ គឺស្របពេលដែលរថយន្តរបស់ប៉ូលិសកំពុងឈប់ ព្រោះស្ទះចរាចរណ៍ ហើយអ្វីដែលអ្នកទោសមានឱកាសរត់រួច ដោយសារប៉ូលិសឲ្យអ្នកទោសទាំង៤នៅអង្គុយកៅអីខាងក្រោយ ហើយប៉ូលិសទាំងអស់អង្គុយខាងមុខដែលធ្វើឲ្យអ្នកទោសមានឱកាសរត់រួចបែបនេះ៕