សម្តេច​តេ​ជោ ៖ ព្រះអាទិត្យ​នៅ​រះ​ជានិច្ច បើទោះជា​មាន់​មិន​រងាវ​

, , Leave a comment

​រាជធានី​ភ្នំពេញ : ទោះបី​គ្មាន​តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ​តែ​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា​លើក​ទី​៧ និតិ​កាល​ទី​៥ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែតុលា បាន​ដំណើរការ​កិច្ចប្រជុំ​របស់ខ្លួន​ជាធម្មតា ដោយមាន​កូរ៉ុម​ចំនួន​៦៧​នាក់​។​

 

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​អញ្ជើញ​ចូលរួម​ប្រជុំ​រដ្ឋសភា​បាន​រំលឹកថា ៖ “​ទោះ​មាន់​មិន​រងាវ ក៏​ព្រះអាទិត្យ​នៅ​រះ​ដដែល ព្រោះ​មិនមែនជា​ចំណាប់ខ្មាំង​របស់​ក្រុម​ណាមួយ​នោះទេ​”។​

 

​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នា​ថ្ងៃទី​៧ ខែតុលា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែងថា ៖  “​ពេលនេះ​កំពុង​ប្រជុំ​រដ្ឋសភា​ដែលជា​ដំណើការ​ធម្មតា​នៃ​អង្គនីតិប្បញ្ញត្តិ​។ ដោយ​របៀបវារៈ​ច្រើន​ថ្ងៃនេះ​ច្បាស់ ជា​បាយ​ថ្ងៃត្រង់​នៅ​រដ្ឋសភា ទៀតហើយ​ហើយ​ការប្រជុំ​ច្បាស់​ជា​អូសបន្លាយ​រហូតដល់​ពេល​ល្ងាច​។ ទោះ​មាន់​មិន​រងាវ ក៏​ព្រះអាទិត្យ​នៅ​រះ​ដដែល ព្រោះ​មិនមែនជា​ចំណាប់ខ្មាំង​របស់​ក្រុម​ណាមួយ​នោះទេ​”​។ សារ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​បានបញ្ជាក់​នូវ​អត្ថន័យ​យ៉ាងច្បាស់​ថា ទោះបី​សមាជិកសភា គណបក្សប្រឆាំង​មិន​ចូលប្រជុំ​សភា ក៏​សភា​នៅតែ​ដំណើរការ​កិច្ចប្រជុំ​របស់ខ្លួន​ជាធម្មតា ព្រោះ​រដ្ឋសភា​មិន មែន​ជា​ចំណាប់ខ្មាំង​របស់​គណបក្ស​ប្រឆាំង​នោះទេ​។​

 

​គួរ​រំលឹក​ដែរ​ថា កាលពី​ថ្ងៃទី​៦ ខែតុលា​មុន​មួយថ្ងៃ នៃ​កិច្ចប្រជុំសភា​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែង​សារ​នយោបាយ​មួយ​ដោយបាន​បញ្ជាក់ថា ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​គ្មានអ្វី​ប្លែក​នោះទេ​។ ដោយ​សម្តេច​បានបញ្ជាក់​ថា ៖ “​អា​គេ​ចូល​សភា​ក៏​យើង​នៅតែ​ប៉ុណ្ណឹង អា​គេ​មិន​ចូល​សភា​ក៏​នៅតែ​ប៉ុណ្ណឹង ចុះ​ឲ្យ​ធ្វើ​ម៉េច ស្រេច​តែ​តាម​មាត់​គេ ទៅ​ឯ​យើង​ក៏​អ៊ីចឹង​ដែរ អ្នក​ថា គឺថា​ទៅ​អ្នកធ្វើ​គឺ​ធ្វើទៅ​រឿង​តែ​ប៉ុណ្ណឹង​ទេ​”​។​

 

​សូមបញ្ជាក់ថា​នៅ​ព្រឹក​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៦ រដ្ឋសភា​បាន​បើក​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៧ សម្រាប់​នីតិកាល​ទី​៥​នេះ ដោយមាន​របៀបវារៈ​ចំនួន​៨ នឹងត្រូវ​ពិភាក្សា​និង​អនុម័ត​។ ប៉ុន្តែ​សមាជិក​គណបក្សប្រឆាំង​បានធ្វើ​ពហិការ​បន្តទៀត ដោយ​មិន​ចូលរួម​ប្រជុំ​សភា​ដោយបាន​លើក​ហេតុផល​ថា​ពួកខ្លួន ទទួលបាន​សារ​គំរាម​ចំពោះ​ក្រុមតំណាងរាស្ត្រ​ខ្លួន​។​

 

​ក្នុង​សន្និសីទ​នៅ​ស្នាក់ការ​គណបក្ស​នៅ​ព្រឹក​ថ្ងៃទី​៧ ខែតុលា លោក សុន ឆ័យ ប្រធាន​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែងថា តាម​គម្រោង​រូបលោក និង​តំណាងរាស្ត្រ​ផ្សេងទៀត ត្រៀមខ្លួន​រួចហើយ​ទៅ​ប្រជុំ​សភា ប៉ុន្តែ​មុន​ចេញដំណើរ​ប៉ុន្មាន​នាទី​មាន​ប្រភព​ដែល​លោក​ថា អាច​ទុកចិត្តបាន​ផ្តល់ដំណឹង​ថា មនុស្ស​មួយក្រុម​កំពុង​រៀបចំ​ផែនការ​វាយ​តំណាងរាស្ត្រ​ទៀត​។

 

លោក​ថា ដើម្បី​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ទើប​តំណាងរាស្ត្រ​បក្សប្រឆាំង​សម្រេចចិត្ត​មិន​ចូលរួម​ប្រជុំ​សភា​នៅ​ព្រឹក​នេះ​ទេ​។ លោក សុន ឆ័យ មិនបាន​បញ្ជាក់​ពី​ខ្លឹមសារ​លម្អិត ពី​ការ​គំរាម និង​អត្តសញ្ញាណ​ពី​ជនអនាមិក​នោះទេ​។ ក៏ប៉ុន្តែ​លោក​សុន ឆ័យ បាន​បង្ហើប​ថា ខ្លឹមសារ​គំរាម​នោះ គឺ​ប្រើ​ពាក្យសម្តី​ព្រមាន​ធ្វើបាតុកម្ម​ប្រឆាំង​គណបក្ស​លោក​ដែល​ត្រូវបាន​គេ​ចោទថា នៅ​ពីក្រោយ​ក្រុម​លោក ហុង លីម តំណាងរាស្ត្រ​ខ្មែរ នៅ​អូស្ត្រាលី ដែល​គ្រោង​ធ្វើបាតុកម្ម​នៅ​អូស្ត្រាលី​ប្រឆាំងនឹង​វត្តមាន​កូនប្រុស​សម្ដេច​តេ​ជោ ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ា​ណែ​ត​។ លោក ស៊ុន ឆ័យ បាន​បដិសេធថា គណបក្ស​សង្គ្រោះ​ជាតិ​មិនបាន​នៅ​ពីក្រោយ​នៃ​បាតុកម្ម​នោះទេ​។​

 

​ពាក់ព័ន្ធ​និង​ការលើកឡើង​នេះ លោក សុខ ឥសាន តំណាងរាស្ត្រ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់ទុកថា ហេតុផល​ដែល​គណបក្សប្រឆាំង​យក​ធ្វើជា​មូលហេតុ​ដែលថា​មាន​អ្នក​គំរាមកំហែង ដើម្បី​ក្រឡាស​ជំហរ​របស់ខ្លួន​មិន​ចូលប្រជុំ​សភា​នៅ​ព្រឹក​មិញ​នោះ គឺ​គ្រាន់តែ​ជា​លេស​មួយ​ប៉ុណ្ណោះ​។ លោក​បន្តថា នៅ​កម្ពុ​ជាមាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ គ្មាន​ការគំរាមកំហែង ដូច​ការលើកឡើង​រប​ស់​គណបក្សប្រឆាំង​ទេ​។​

 

​លោក សុខ ឥសាន បាន​បន្ថែមថា ទោះជា​យ៉ាងណា​ដំណើរការ​អនុម័ត​ច្បាប់​នៅក្នុង​រដ្ឋសភា មិនមាន​ការជាប់គាំង​ទេ គឺ​នៅតែ​អាច​ដំណើរ​ការធម្មតា ព្រោះតែ​ការអនុម័ត​ច្បាប់ ត្រូវការ​សំឡេង​៥០​បូក​១ នៅក្នុង​រដ្ឋសភា​ប៉ុណ្ណោះ​ហើយ​ពេលនេះ​សំឡេង​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​ច្រើនជាង​៥០​បូក​១​ទៅទៀត​។​

 

​គួររម្លឹកថា​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មិនបាន​ចូលប្រជុំ​សភាពេញអង្គ​រយៈពេល​ជាង​៤​ខែ​មកហើយ ចាប់តាំងពី​ខែឧសភា ឆ្នាំ​២០១៦ បន្ទាប់ពី​តុលាការ​មាន​ចំណាត់ការ​លើ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ជុំវិញ​ករណី​មិន​ចូលខ្លួន​ធ្វើជា​សាក្សី​នៅ​តុលាការ​៕

11-10-2016-6 11-10-2016 11-10-2016-1 11-10-2016-2 11-10-2016-3 11-10-2016-4 11-10-2016-5

 

Leave a Reply

(*) Required, Your email will not be published